ក្រុម Houthis ប្រចាំនៅប្រទេសយេម៉ែនអះអាងថាការវាយប្រហារដោយមីស៊ីលទៅលើអ៊ីស្រាអែល គឺជាការគំរាមកំហែងចំពោះសម្ព័ន្ធមិត្តរបស់ពួកគេនៅច្រកសមុទ្រក្រហម

ក្រុមឧទ្ទាមហ៊ូធីនៅប្រទេសយេម៉ែនបានអះអាងថាការវាយប្រហារដោយមីស៊ីលមកលើអ៊ីស្រាអែល និងបានគំរាមកំហែងថានាវាដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែលនឹងក្លាយជាគោលដៅមួយនៅក្នុងដែនសមុទ្រក្រហមម្តងទៀត។ ការចូលមកដល់របស់ក្រុមហ៊ូធីអាចធ្វើឱ្យប៉ះពាល់ដល់ការដឹកជញ្ជូនទូទាំងពិភពលោកបន្ថែមទៀត ប្រសិនបើពួកគេវាយប្រហារនាវានៅក្នុងច្រកសមុទ្រ Bab el-Mandeb (បាបអែលម៉ាន់ដេប) ម្តងទៀតនៅក្រៅសមុទ្រក្រហម ដែលជាធម្មតាតាមរយៈតំបន់នោះគឺមានទំហំពាណិជ្ជកម្មប្រហែលជា១២% នៃពាណិជ្ជកម្មពិភពលោក។ ឧត្តមសេនីយ៍ឯក Yahya Saree (យ៉ាយ៉ា សារី) ជាមេបញ្ជាការក្រុមហ៊ូធីបាននិយាយនៅស្ថានីយ៍ទូរទស្សន៍ផ្កាយរណប Al-Masirah (អាល់ម៉ាស៊ីរ៉ា) របស់ពួកឧទ្ទាមថា ពួកគេបានបាញ់មីស៊ីលទៅកាន់ទីតាំងយោធាអ៊ីស្រាអែលដ៏រសើបនាភាគខាងត្បូង។ ច្រកសមុទ្រ បាបអែលម៉ាន់ដេប នៅចុងភាគខាងត្បូងនៃឧបទ្វីបអារ៉ាប់ គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់នាវាដែលធ្វើដំណើរទៅកាន់ព្រែកជីក Suez (ស៊ុយអេ) និងឆ្លងកាត់សមុទ្រក្រហម។ អារ៉ាប៊ីសាអូឌីតបានបញ្ជូនប្រេងឆៅរាប់លានបារ៉ែលក្នុងមួយថ្ងៃៗតាមរយៈច្រកមួយនេះ ដោយសារតែច្រកសមុទ្រហ័រមូសត្រូវបានបិទជាង១០០%។ ក្រុមឧទ្ទាមហ៊ូធីបានវាយប្រហារនាវាដឹកទំនិញជាង ១០០ គ្រឿងដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក ដោយបានពន្លិចនាវា២គ្រឿង រវាងខែវិច្ឆិកា ឆ្នាំ ២០២៣ និងខែមករា ឆ្នាំ ២០២៥។ ក្រុមនេះបាននិយាយថា ខ្លួនបានធ្វើសកម្មភាពដើម្បីសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា អំឡុងពេលនៃសង្គ្រាមអ៊ីស្រាអែល-ក្រុមហាម៉ាស។ ទន្ទឹមនឹងនេះដែរ អ្នកសម្របសម្រួលនៅតែបន្តកិច្ចខិតខំប្រឹងប្រែងការទូតរបស់ពួកគេដើម្បីបញ្ចប់ជម្លោះ និងបើកច្រកសមុទ្រហ័រមូសឡើងវិញ តាមដែលអាចធ្វើទៅបាន៕

 

សម្រួលអត្ថបទ៖ សុផារិន្ទ