UN ថ្កោលទោសចំពោះការវាយប្រហារដោយយន្តហោះ Drone ធ្លាក់ទៅលើពិធីមង្គលការមួយសម្លាប់មនុស្សជាង៣០នាក់ក្នុងប្រទេសស៊ូដង់ថាជាទង្វើប្រឆាំងនឹងជនស៊ីវិល

អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Stéphane Dujarric បានថ្កោលទោសការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ឬ Drone នៅក្នុងប្រទេសស៊ូដង់កាលពីថ្ងៃព្រហស្បតិ៍នេះ ដោយលោកបានបញ្ជាក់ថា ការវាយប្រហារនៅក្នុងទីក្រុង Kutum ក្នុងរដ្ឋ North Darfur ប្រទេសស៊ូដង់បានធ្លាក់ទៅលើពិធីមង្គលការមួយ ដោយបានសម្លាប់ជនស៊ីវិលជាង ៣០នាក់ រួមទាំងស្ត្រីនិងកុមារដែរ។ លោក Dujarric បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍នេះថា “យើងសូមថ្កោលទោសចំពោះរឿងនេះ និងការវាយប្រហារទាំងអស់ប្រឆាំងនឹងជនស៊ីវិល”។ “ការវាយប្រហារដោយប្រើយន្តហោះគ្មានមនុស្សបើកប្រឆាំងនឹងជនស៊ីវិល និងវត្ថុសាធារណៈនានាគឺមិនអាចទទួលយកបាននោះទេ។ ការវាយប្រហារនេះគឺជាការវាយប្រហារចុងក្រោយបង្អស់នៅក្នុងប្រទេសស៊ូដង់ ដែលនៅតែបន្តរងផលប៉ះពាល់យ៉ាងខ្លាំងអំឡុងពេលសង្គ្រាមដែលកំពុងបន្តដែររវាងកងទ័ព និងកងកម្លាំងគាំទ្ររហ័សដែលបានផ្ទុះឡើងកាលពីខែមេសាឆ្នាំ២០២៣។ លោក Dujarric ក៏បានរាយការណ៍ផងដែរថា ការប៉ះទង្គិចគ្នានៅជិតទីក្រុង Dilling ក្នុងរដ្ឋ South Kordofan បានសម្លាប់ជនស៊ីវិល ៤៧នាក់ និងរបួសរាប់សិបនាក់ទៀតចាប់តាំងពីថ្ងៃច័ន្ទសប្តាហ៍មុនមក។ លោក Dujarric បាននិយាយថាជំនួយមនុស្សធម៌ត្រូវបានរំខាន និងអំពាវនាវឱ្យ “បញ្ឈប់អរិភាពជាបន្ទាន់ ដើម្បីផ្តល់ឱកាសប្រើប្រាស់ជំនួយមនុស្សធម៌ចូលឱ្យបានយ៉ាងឆាប់រហ័ស ប្រកបដោយសុវត្ថិភាព គ្មានការរារាំងនៅទូទាំងតំបន់ទាំងអស់ក្នុងប្រទេសស៊ូដង់៕

 

សម្រួលអត្ថបទ៖ សុផារិន្ទ