កីឡា ១០ប្រភេទ ត្រូវបានដាក់ឱ្យកុមារចន្លោះអាយុ ១ឆ្នាំ ដល់ ១០ឆ្នាំចូលរួមប្រកួតកម្សាន្ដ ក្នុងព្រឹត្តិការណ៍កីឡាកុមារអូឡាំពិក លើកទី២ រៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា-NOCC ដែលគ្រោងនឹងធ្វើឡើងនាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៧ខាងមុខ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក។
នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ក្នុងសន្និសីទសារព័ត៌មាន។ ឯកឧត្តមលើកឡើងថា ព្រឹត្តិការណ៍កីឡាកុមារអូឡាំពិក លើកទី២នេះមាន១០កីឡា ដូចជាកីឡាវារ, កីឡារត់ប្រណាំង, បាល់ទាត់, ប្រណាំងកង់ដោល, វាយសី, តេក្វាន់ដូ, បាល់បោះ, វាយកូនហ្គោល, ផិក្ដូប៊ល និងកីឡាហែលទឹក។ តាមរយៈព្រឹត្តិការណ៍នេះនឹងជួយបំផុសស្មារតីកុមារឱ្យមានមានភាពក្លាហាន បង្កើនប្រជ្ញាស្មារតីវៀងវៃ និងសុខភាពល្អ ក៏ដូចជាជួយបំផុសគំនិតកុមារមានការសម្រេចចិត្ត ការយល់ដឹងអំពីការហាមឃាត់នៃបទបញ្ជាកីឡា និងសិទ្ធិក្នុងការលេងកីឡាទៀតផង។
ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់ទៀតថា ប្រភេទកីឡាទាំងអស់ត្រូវបានយកចិត្តទុកដាក់តាមស្តង់ដាសុវត្តិភាពរបស់អូឡាំពិក ដោយក្រៅពីជំរុញឱ្យកុមារសប្បាយរីករាយ សុខភាពរាងកាយរឹងមាំល្អ ក៏ជំរុញឱ្យកុមារចូលរួមនានាមានផ្នត់គំនិតនៃការអប់រំឆ្ពោះទៅរកភាពជោគជ័យនៃជីវិត នាថ្ងៃអនាគតផងដែរ៕


