Fix Banner Stand
Fix Banner Stand
Footer ads TVK

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន ទទួលជួបពិភាក្សាការងារជាមួយ លោក Lee Jae Soon ដៃគូស្ថាបនិក SEOPYEONG Law Firm នៃសាធារណរដ្ឋកូរ៉េ

ក្នុងឱកាសមកបំពេញបេសកកម្មការងារ នៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ លោក Lee Jae Soon ដៃគូស្ថាបនិក SEOPYEONG Law Firm នៃសាធារណរដ្ឋកូរ៉េ បានអញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន ។

កិច្ចពិភាក្សាបានផ្តោតជាសំខាន់លើការពិនិត្យទិដ្ឋភាពច្បាប់ ការធ្វើវិសោធនកម្ម ច្បាប់ពាក់ពន្ធ័វិស័យព័ត៌មាន និងផ្សព្វផ្សាយ ព្រមទាំងគម្រោងផែនការជួយផ្នែកបច្ចេកទេស ពីសំណាក់ភាគីកូរ៉េ ដល់ក្រសួងព័ត៌មានកម្ពុជា ។ 

SEOPYEONG Law Firm នៃសាធារណរដ្ឋកូរ៉េ បានចុះអនុស្សរណៈនៃកិច្ចព្រមព្រៀងជាមួយ ក្រសួងព័ត៌មាន កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីគម្រោងទំនើបកម្មឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនង នៃព្រះរាជាណាចក្រកម្ពុជា ។ យោងតាមខ្លឹមសារអនុស្សរណៈនៃកិច្ចព្រមព្រៀង ភាគីទាំងពីរនឹងរៀបចំសិក្សាក្នុងការអនុវត្តលើគម្រោងសំខាន់ៗមួយចំនួន ហើយគណៈកម្មាធិការសម្របសសម្រួល ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការអន្តរជាតិក្រសួងព័ត៌មាន បានធ្វើការទំនាក់ទំនងជាមួយភាគីសាធារណរដ្ឋកូរ៉េ ពិគ្រោះយោបល់ជាមួយភាគីទៅវិញទៅមក និងអនុវត្តការងារជាច្រើន។ 

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសំដែងការរីករាយ ដែលបានជួបពិភាក្សាការងារជាមួយ អ្នកជំនាញផ្នែកផ្សព្វផ្សាយ និងទូរគមនាគមន៍ បច្ចេកវិទ្យាថ្មី នៃសាធារណរដ្ឋកូរ៉េ ។ ឯកឧត្តម បានជម្រាបជូនថា នៅកម្ពុជា បច្ចេកវិទ្យា ដើរមុនច្បាប់ ដែលជាហេតុធ្វើអោយមានបញ្ហាខ្លះៗ ដោយសារច្បាប់មិនទាន់គ្រប់គ្រាន់ សម្រាប់គ្រប់គ្រងបញ្ហាទាំងអស់នោះទេ ។ នៅកម្ពុជា មានក្រសួងចំនួន ៣ ដែលទទួលការងារបច្ចេកវិទ្យាផ្សព្វផ្សាយព័ត៌មាន រួមមាន ក្រសួងព័ត៌មាន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងមហាផ្ទៃ ប៉ុន្តែអោយបង្កើតជាច្បាប់មួយដើម្បីបែងចែងភារកិច្ចគ្នាមិនទាន់មាននៅឡើយ តែក្រសួងទាំង ៣ នេះ បានឯកភាពគ្នាចេញជាប្រកាសអន្តរក្រសួង រួមមួយដើម្បីបែងចែកគ្នាគ្រប់គ្រង ។ បច្ចុប្បន្ននៅកម្ពុជា មានស្ថានីយ៍ទូរទស្សន៍ជាង ២០ ស្ថានីយ៍ វិទ្យុជាង ១០០ ស្ថានីយ៍ ហើយជាមួយនេះក៍មានទូរទស្សន៍ អនឡាញ រាប់រយ បានបង្ហោះផ្សាយ និងមានអ្នកមើលច្រើនថែមទៀតផង ពេលខ្លះបង្ករជាបញ្ហា ប៉ុន្តែពុំមានច្បាប់គ្រប់គ្រង ដោយច្បាប់ស្តីពីរបបសារព័ត៌មាន ឆ្នាំ១៩៩៥ ពុំទាន់បានធ្វើវិសោធនកម្ម ឬត្រូវរៀបចំជាថ្មី។

ដូច្នេះតាមរយៈកិច្ចសហការគ្នាល្អខាងលើនេះ នឹងធ្វើអោយដំណើរការអនុវត្តច្បាប់ពាក់ព័ន្ធវិស័យព័ត៌មាន និង ផ្សព្វផ្សាយនៅកម្ពុជា បានដំណើរការទៅកាន់តែល្អបន្ថែមទៀត នាពេលខាងមុខ៕
      
Footer ads TVK