Fix Banner Stand
Fix Banner Stand
Footer ads TVK

នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួប ពិភាក្សាការងារជាមួយឯកឧត្តម HATAEDA Mikio អគ្គនាយក ទទួលបន្ទុកនាយកដ្ឋានអាស៊ីអាគ្នេយ៍

នៅព្រឹកថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០២២, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួប ពិភាក្សាការងារជាមួយឯកឧត្តម HATAEDA Mikio អគ្គនាយក ទទួលបន្ទុកនាយកដ្ឋានអាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ទីស្នាក់ការកណ្តាល នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន អមដោយលោកស្រី KAMEI Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំនៅកម្ពុជា និងសហការី ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះដំណើរបំពេញទស្សនកិច្ចការងាររបស់ ឯកឧត្តម HATAEDA Mikio មកកម្ពុជា ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា រដ្ឋាភិបាលជប៉ុន, តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA), បានដើរតួនាទីស្នូលយ៉ាងសំខាន់ក្នុងការផ្តល់​ហិរញ្ញប្បទាន សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ (Japanese ODA) ទាំងក្នុង​ក្រប​ខ័ណ្ឌ​​​ហិរញ្ញប្ប​ទាន​​ឥតសំណង, ឥណទានសម្បទាន និងជំនួយបច្ចេកទេស ចូលរួមចំណែកក្នុងការអនុវត្ត គោលនយោបាយ និង យុទ្ធសាស្ត្រអភិវឌ្ឍគ្រប់ដំណាក់កាលដែលរាជរដ្ឋាភិបាលដាក់ចេញពីមួយអាណត្តិទៅមួយអាណត្តិ សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច និង​សង្គម​កម្ពុជា ។ ជាក់ស្តែង, ស្ថិតក្នុងបរិការណ៍បច្ចុប្បន្ន កម្ពុជាកំពុងប្រឹងប្រែងធ្វើដំណើរយ៉ាងសកម្មឥត​ឈប់​ឈរ ដើម្បី​សម្រេចបាននូវក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចរបស់ខ្លួន តម្រង់ទិសឆ្ពោះទៅចក្ខុវិស័យ​ក្លាយជាប្រទេស​មាន ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ និងស្របតាមគន្លងមាគ៌ាអភិវឌ្ឍន៍ ដែលបានដាក់ចេញ​នូវ “ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០”, កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ (ODA) របស់មិត្តជប៉ុន ជា​ធាតុចូលមួយយ៉ាងសំខាន់ ដែលបានឆ្លើយតបទៅនឹងសេចក្តីត្រូវការជាអាទិភាព និង​គោលនយោបា​យ​សំខាន់ៗ​នានារបស់រាជរដ្ឋាភិបាលកម្ពុជា ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមកោតសសើរ និងអរគុណចំពោះរ​ដ្ឋាភិបាល​ជប៉ុន និងប្រជាជនជប៉ុន ជាតាមការផ្តល់ Japanese ODA អនុវត្តដោយ JICA សឹងតែគ្រប់វិស័យនៅកម្ពុជា ជាពិសេស នៅក្នុងក្របខ័ណ្ឌអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត រួមមាន កំពង់ផែសមុទ្រអន្តជាតិ, ផ្លូវថ្នល់-ស្ពាន, អគ្គិសនី, ប្រព័ន្ធធារាសាស្រ្ត, មន្ទីរពេទ្យ, សាលារៀន និង រោងចក្រផលិតទឹកស្អាត ជាដើម​ ។ល។ សកម្មភាពទាំងនេះ បានឆ្លុះ​បញ្ចាំង​យ៉ាង​ច្បាស់​​ថា ប្រទេសជប៉ុន នៅតែជាមិត្តភ័ក្តដ៏ប្រពៃ និងជា​ដៃ​គូ​យុទ្ធសាស្រ្តអភិវឌ្ឍន៍​ដ៏សំខាន់មួយ សម្រាប់ប្រទេសកម្ពុជា ។

ឆ្លៀតក្នុងឱកាសនោះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវការសោកស្តាយ ចូលរួមរំលែកមរណទុក្ខជាមួយរដ្ឋាភិបាល និងប្រជាជនជប៉ុន ចំពោះមរណភាពរបស់ឯកឧត្តម Shinzo Abe អតីតនាយក​រដ្ឋមន្រ្តី​ជប៉ុន ដែលជាការបាត់បង់ដ៏ធំធេង នូវឥស្សរជនដ៏ឆ្នើម នាពេលថ្មីៗកន្លងមក ។

ឯកឧត្តម HATAEDA Mikio សូមថ្លែងអំណរគុណចំពោះ​ការចូលរួម​រំលែកទុក្ខរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា និងសម្តែង​នូវគារវកិច្ចដ៏ខ្ពង់ខ្ពស់ចំពោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងមមាញឹក អនុញ្ញាតឲ្យក្រុមការងារ JICA ទទួលជួបសម្តែង​ការគួរសម និងពិភាក្សា​ការងារនៅថ្ងៃនេះ ។ ឯកឧត្តម HATAEDA Mikio បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ចំពោះចំណាត់ការ និងវិធានការនានា ដែលរាជ-រដ្ឋាភិបាលបានដាក់ចេញ ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងនៃជំងឺកូវីដ-១៩ ។ ឯកឧត្តម HATAEDA Mikio សន្យាបង្កើនឥណទានសម្បទានទ្វេដង សម្រាប់មួយឆ្នាំៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា និង ​ហិរញ្ញប្បទាន​សហប្រតិបត្តិការ​នានាបន្ថែមទៀត ដើម្បីជួយ​គាំទ្រ ដល់​សកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម​នៅកម្ពុជា ។

ភាគីទាំងពីរ​ ក៏បាន​ពិភាក្សាផ្លាស់ប្តូរយោបល់ និងបទពិសោធន៍ទៅវិញទៅមក លើគម្រោងមួយចំនួន​ដែលកំពុងដំណើរការ និងបេក្ខភាពគម្រោងថ្មីៗតទៅមុខទៀត ក្នុងក្របខ័ណ្ឌឥណទានសម្បទានពីប្រទេសជប៉ុន (Japanese ODA Loan) ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ និងសំណូមពរដល់ JICA ចំពោះបេក្ខភាព​គម្រោងនីមួយៗ ដែលកំពុងស្ថិតក្នុងដំណាក់កាល​សិក្សាសមិទ្ធិលទ្ធភាព គួរត្រូវបានគិតគូរ និងសូមបន្តយកចិត្តទុក​ដាក់​ខ្ពស់ទៅលើប្រសិទ្ធភាព, ចីរភាព សំខាន់ការរួមបញ្ចូលគ្នារវាងទិសដៅអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច្-សង្គម ឱ្យ​មាន​ភាពប្រទាក់​ក្រឡាជាមួយ​គោល​នយោបាយ និងយុទ្ធសាស្រ្តពាក់ព័ន្ធ និងឆ្លើយតប​ផងដែរ​ ទៅនឹងផែន​ការ​​​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍ជាតិ​របស់​កម្ពុជា

Footer ads TVK