Fix Banner Stand
Fix Banner Stand
Footer ads TVK

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយតំណាងអង្គការ UNESCAP ប្រចាំទីក្រុង បាងកក

(ទីក្រុងបាលី, ឥណ្ឌូនេស៊ី) ៖ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ Armida Salsiah Alisjahbana អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជានាយកប្រតិបត្តិ (Executive Secretary) របស់អង្គការ UNESCAP ប្រចាំទីក្រុងបាងកក នាអំឡុងពេលកិច្ចប្រជុំរដ្ឋមន្រ្តីពាណិជ្ជកម្ម វិនិយោគ និងឧស្សាហកម្មរបស់ក្រុមប្រទេស G20 នៅទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមរដ្ឋមន្រ្តីបានសំដែងការស្វាគមន៍ និងអរគុណចំពោះ លោកជំទាវអគ្គលេខាធិការរង ដែលបានស្នើឡើងនូវជំនួបពិភាក្សាការងារនេះ និងបានលើកឡើងអំពីតួនាទីដ៏សំខាន់របស់អង្គការ UNESCAP នៅក្នុងសកម្មភាពជំរុញ និងសម្រួលពាណិជ្ជកម្ម ជាពិសេសលើការជំរុញក្របខ័ណ្ឌពាណិជ្ជកម្មអេឡិចត្រូនិក។

ឯកឧត្តមរដ្ឋមន្រ្តី បន្តថា កម្ពុជាបានចូលរួមក្នុងសកម្មភាពជាច្រើនរបស់អង្គការ UNESCAP ដែលមានដូចជា ពាណិជ្ជកម្មឆ្លងកាត់ព្រំដែនដោយមិនប្រើក្រដាសស្នាម ការត្រួតពិនិត្យបទប្បញ្ញាតិពាណិជ្ជកម្មឌីជីថល និងសកម្មភាពផ្សេងៗទៀត ដែលជួយជំរុញការអភិវឌ្ឍរបស់កម្ពុជា។

ជាការឆ្លើយតប លោកជំទាវអគ្គលេខាធិការរង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមរដ្ឋមន្រ្តី ក្នុងការផ្ដល់ឱកាសក្នុងការពិភាក្សាចែករំលែកនូវទស្សនាទានល្អៗ ចំពោះវឌ្ឍនភាពការអនុវត្តរបៀបវារៈ ការអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០៣០ ជាពិសេសទៅលើបញ្ហាពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម ដូចជា កិច្ចសម្រួលពាណិជ្ជកម្ម និងសកម្មភាពសហប្រតិបត្តិការ ក៏ដូចជាសមាហរណកម្មតំបន់។

បន្ថែមពីនេះ លោកជំទាវអគ្គលេខាធិការរង បានកោតសរសើរដល់កម្ពុជាចំពោះការចូលរួមយ៉ាងសកម្មក្នុងសកម្មភាពនានាជាមួយអង្គការ UNESCAP នាពេលកន្លងមក។

ក្នុងឱកាសនោះ ភាគីទាំងពីរបានសង្កត់ធ្ងន់អំពីការងារមួយចំនួន ដែលត្រូវធ្វើដើម្បីសម្រេចបាននូវរបៀបវារៈនៃការអភិវឌ្ឍ ប្រកបដោយចីរភាព ឆ្នាំ២០៣០ ជាពិសេសការវាយតម្លៃឡើងវិញលើគ្រប់បណ្ដាផ្នែកពាក់ព័ន្ធ រួមមាន៖ ពេលវេលាកំណត់ (timeframe) ទិសដៅយុទ្ធសាស្រ្ត (strategic directions) ផែនការសកម្មភាព (action plans) និងធនធាន (resources) ដែលមានសម្រាប់ការអភិវឌ្ឍរបៀបវារៈទាំងនោះក្រោយវិបត្តិកូវីដ-១៩។

ជាមួយគ្នានេះ ភាគីទាំងទាំងពីរបានរំលឹកឡើងវិញនូវតួនាទីដ៏សំខាន់របស់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ និងការរក្សាបាននូវលំហូរខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងពិភពលោក ក្នុងការស្ដារឡើងវិញនូវសេដ្ឋកិច្ចសកល ជាពិសេសវិស័យសេវាកម្ម និងការអភិវឌ្ឍប្រកបដោយចីរភាព។

នៅកិច្ចបញ្ចប់ លោកជំទាវអគ្គលេខាធិការរង ក៏បានបង្ហាញចំណាប់អារម្មណ៍ក្នុងការអញ្ជើញកម្ពុជា ចូលួមក្នុងគម្រោងពាក់ព័ន្ធផ្សេងៗ នាពេលអនាគត ក្នុងការជួយជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្មកម្ពុជាឱ្យកាន់តែរីកចម្រើនឡើងបន្ថែមទៀត ផងដែរ៕

Footer ads TVK