Fix Banner Stand
Fix Banner Stand
Footer ads TVK

សម្តេចតេជោ ហ៊ុន សែន  នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋគុយបាពីថ្ងៃទី២៣-២៥ ខែកញ្ញា ឆ្នាំ២០២២

តបតាមការអញ្ជើញរបស់ ឯកឧត្តម មីហ្គេល ឌីយ៉ាស-កាណែល បឺមូដេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋគុយបាពីថ្ងៃទី២៣-២៥ ខែកញ្ញា ឆ្នាំ២០២២ ។

ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងមានជំនួបទ្វេភាគីជាមួយឯកឧត្តម ប្រធានាធិបតី មីហ្គេល ឌីយ៉ាស-កាណែល បឺមូដេស ពិភាក្សាអំពីមធ្យោបាយ ដើម្បីបន្តពង្រឹងចំណងមិត្តភាពដ៏រឹងមាំរវាងកម្ពុជានិងគុយបា និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗ។ បន្ទាប់ពីជំនួបនេះ ថ្នាក់ ដឹកនាំទាំងពីរនឹងអញ្ជើញធ្វើជាអធិបតី ក្នុង ពិធី ចុះហត្ថលេខា លើឯកសារសំខាន់ៗចំនួន៥ រួមមាន ១. កម្មវិធីនៃកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរវប្បធម៌ ២. អនុស្សរណៈយោគយល់ គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានការទូតនៃប្រទេសទាំងពីរ ៣. អនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍកីឡា ៤. គម្រោងកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ និង ៥. អនុស្សរណៈយោគយល់គ្នារវាងក្រសួងសុខាភិបាលកម្ពុជា-គុយបា។

សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងចូលជួបសម្តែងការគួរសមចំពោះ ឯកឧត្តម អេស្តេបាន ឡាហ្សូ ហឺណាន់ដេស ប្រធានរដ្ឋសភានៃអំណាចប្រជាជនគុយបា។ សម្តេចតេជោ ក៏រំពឹងថានឹងចូលជួប សម្តែងការគួរសមចំពោះ ឯកឧត្តម រ៉ាអ៊ូល ខាសស្រ្តូ អតីតប្រធានាធិបតីគុយបា ផងដែរ។

នៅរដ្ឋធានីហាវាណា សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញទៅទស្សនាមជ្ឈមណ្ឌល ហ្វីដែល កាស្ត្រូ (Fidel Castro) និងមជ្ឈមណ្ឌលវិស្វកម្មហ្ស៊េន និងបច្ចេកវិទ្យាជីវៈ និង អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានអនុស្សាវរីយ៍ ចូហ្សេ ម៉ាទី (José Martí)។ សម្តេចតេជោ ក៏នឹងជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជា ដែលកំពុងសិក្សានិងរស់នៅក្នុង ប្រទេសគុយបាផងដែរ។

 

Footer ads TVK