Fix Banner Stand
Fix Banner Stand
Footer ads TVK

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខសមាជិក សមាគមអតីតយុទ្ធជនកម្ពុជា រាជធានានីភ្នំពេញសរុប៧០០នាក់ នៅរដូវបុណ្យភ្ជុំបិណ្ឌ

(ភ្នំពេញ)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តំណងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញសំណេះសំណាល សាកសួរសុខទុក្ខ ដល់សមាជិក សមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញសរុបចំនួន៧០០នាក់ នៅក្នុងឱកាសរដូវបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ដើម្បីជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះបងប្អូនអតីតយុទ្ធជនកម្ពុជា ដែលមាន គុណបំណាច់ដ៏ធំធេងនិងបានលះបង់សព្វបែបយ៉ាងដើម្បីបុព្វហេតុជាតិនិងមាតុភូមិកម្ពុជា។

 ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញនិងឯកឧត្តម ឃួង ស្រេង អភិបាលរាជ ធានីភ្នំពេញ និងជាប្រធានកិត្តិយស សមាគមអតីយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ បានលើកឡើងថាៈសមាគមអតីតយុទ្ធជន កម្ពុជា រាជធានីភ្នំពេញ អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងគោលការណ៍ដឹកនាំរបស់សមាគមអតីតយុទ្ធជនកម្ពុជា ក៏តែងតែបានយកចិត្តទុកដាក់ចុះសាកសួរសុខទុក្ខជាប្រចាំនិងដោះស្រាយជីវភាពចំពោះបងប្អូនអតីតយុទ្ធជន ដែលមានជីវភាពក្រីក្រតាមរយៈការចែករំលែកជួយឧបត្ថម្ភថវិកា ផ្តល់ជូនគ្រឿងឧបភោគបរភោគ និងការដោះស្រាយរកទីជម្រក ជូនដល់បងប្អូនអតីតយុទ្ធជន ដែលគ្មានផ្ទះសំបែងពិតប្រាកដ ជាងនេះថែមទៀត ក្នុងតំណាក់កាលដែលប្រទេសកម្ពុជា រងការឆ្លងរីករាលដាលជំងឺកូវីដ១៩ បងប្អូនអតីតយុទ្ធជន ក៏ត្រូវបានយកចិត្តទុកដាក់ជាអាទិភាពផ្តល់ការចាក់វ៉ាក់សាំងបង្ការជំងឺឆ្លងកូវីដ១៩។

ជាក់ស្តែងរយៈពេល ០៨ខែ ឆ្នាំ២០២២ សមាគមបានអនុវត្តធ្វើសកម្មភាពជាប្រចាំចុះសួរសុខទុក្ខដល់លំនៅដ្ឋាន ៧៧០គ្រួសារ ដោយនាំយកថវិកា​ និងសម្ភារៈឧប ភោគបរិភោគសរុបជាទឹកប្រាក់ស្មើនឹង (៨៧លាន ៥០ ម៉ឺនរៀល)សហការជាមួយបេឡាជាតិផ្ដល់ប្រាក់ធានា រ៉ាប់រងសង្គម ជូនគ្រួសារអតីតយុទ្ធជនបាន ២១៧ គ្រួសារ,បានផ្ដល់ថវិកាមរណៈសង្គ្រោះជូនដល់គ្រួសារសពចំនួន ១៣៥សព ក្នុងមួយសព ទទួលបាន ៤លានរៀល។ កន្លមកបានដោះស្រាយផ្ទះជូនសមាជិក ដែលខ្វះទីលំនៅពិតប្រាកដ ១១៨ខ្នង មាន ១៧ខ្នង នៅរាជធានីភ្នំពេញ និង ១០១ខ្នង ស្ថិតនៅ ស្រុងចុងកាល់ ខេត្តឧត្តរមានជ័យ។ បច្ចុប្បន្ននេះសមាគមកំពុងចុះស្រាវជ្រាវរកអ្នកដែលគ្មានដី គ្មានផ្ទះ ដើម្បីបន្ដការដោះស្រាយជូន ដល់សមាជិក ដែលស្ម័គ្រចិត្តទាំងគ្រួសារទៅរស់នៅ ខេត្តឧត្តរមានជ័យ។

សមាគមក៏បានណែនាំគ្រួសារបង្កើតរបស់អតីតយុទ្ធជនបាន ១៧៥នាក់ ស្រី៥៥នាក់ តាមការប្រឡងជ្រើសរើសអ្នកស្ម័គ្រចិត្តចូលបំរើក្នុងជួរកងទ័ព,បានសមាជិកទៅចាក់វ៉ាក់សាំងការពារជំងឺកូវី-១៩ ដូសទី៣-ទី៤ ជាបន្ដបន្ទាប់នៅមន្ទីរពេទ្យ ១៧៩ បាន ៦.៦៦៧នាក់ និងមួយចំនួនបានទៅចាក់នៅតាមមូលដ្ឋាន។

 ទន្ទឹមនោះ ឯកឧត្តមប្រធានសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ និងឯកឧត្តមប្រធានកិត្តិយស សមាគមអតីយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ ក្នុងនាមសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញក៏បានសូម ប្រកាសគាំទ្រពេញទំហឹង ចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត  ជាបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគត ក៏បានគាំទ្របេក្ខភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីបន្តវេនផងដែរ។

 ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក៏ បានមានប្រសាសន៍លើកឡើងដោយសូមកោតសរសើរចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ ដែលបានខិតខំប្រឹង ប្រែងអនុវត្តសកម្មភាពជាក់ស្តែងជាច្រើន ដើម្បីជួយ ឧបត្ថម្ភគាំពារដល់អតីតយុទ្ធជនជាអាទិ៍៖ការចូលរួមពង្រឹងតួនាទី និងធ្លុងសាមគ្គីឯកភាពក្នុងជួរអតីតយុទ្ធជន ក៏ដូចជាការថែទាំ និងកែលម្អជីវភាពអតីតយុទ្ធជនបានល្អប្រសើរ ធានាបាននូវកម្លាំងមូលធនមនុស្សសរុបដើម្បីបន្តរួមចំណែកអភិវឌ្ឍជាតិ។

ឯកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើទៀតថា៖សមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៧ នៅក្រោមក្រសួងសង្គមកិច្ច និង អតីតយុទ្ធជន ហើយលក្ខន្តិកៈរបស់សមាគមត្រូវបានកែសម្រួលនៅក្នុងឆ្នាំ២០១៥ ជាការបើកច្រកឱ្យមានការចូលរួមបន្ថែមពីមន្ត្រីយោធា,នគរបាល និងកងទ័ព នៅ ក្នុងរចនាសម្ព័ន្ធរបស់សមាគមដើម្បីបង្កើនលទ្ធភាព និង  ប្រសិទ្ធភាពការងារ ក្នុងនាមជាយន្តការបំពេញ បន្ថែមឱ្យយន្តការរបស់រាជរដ្ឋាភិបាល ក៏ដូចជាដើម្បីផ្តល់នូវភាពកក់ក្តៅជូនដល់អតីតយុទ្ធជន តាមរយៈការផ្តល់នូវការថែ ទាំ និងជួយទំនុកបម្រុងទាំងផ្នែកស្មារតី និងសម្ភារដល់កម្លាំងប្រដាប់អាវុធជាតិ បន្ទាប់ពីបានចូលនិវត្តន៍។ 

មួយវិញទៀត សម្តេចតេជោ នាយករដ្ឋមន្ត្រី គឺជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដោយនេះពិតជាបានបង្ហាញថា សម្តេចមានការយកចិត្តទុកដាក់ខ្ពស់បំផុតលើការងារអតីតយុទ្ធជន ពីព្រោះម្យ៉ាង រូបសម្តេចផ្ទាល់ ក៏ជាយោធិនមួយរូបដែលធ្លាប់ធ្វើពលិកម្ម និងឆ្លងកាត់ការលំបាកនៅក្នុងភ្នក់ភ្លើងសង្គ្រាម។

ការយកចិត្តទុកដាក់ទៅលើកិត្តិយស និងជីវភាពរបស់អតីតយុទ្ធជន ក៏ដូចជាមន្ត្រីរាជការចូលនិវត្តន៍ទាំងអស់ តែងត្រូវបានធ្វើជាប់ជាប្រចាំចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ឱ្យស័ក្តិសមនឹងគុណបំណាច់ដែលអ៊ំពូមីងបានបំពេញជូនជាតិមាតុភូមិ តាមរយៈការដាក់ ចេញ និងការអនុវត្តនូវគោលនយោបាយនានា រួមមាន៖ ការកែសម្រួលដំឡើងប្រាក់របបគោលនយោបាយជាបន្តបន្តាប់,ការផ្តល់បន្ថែមប្រាក់របបសន្តិសុខសង្គមប្រចាំខែ, ការផ្តល់សម្បទានដីសង្គមកិច្ច និងការសាងសង់ផ្ទះជូនអតីតយុទ្ធជន និងគ្រួសារ,ការជួយឧបត្ថម្ភក្នុងពេលលំបាកខ្វះខាត, ការកំណត់យកថ្ងៃ ២១ មិថុនា ជារៀង រាល់ឆ្នាំជា “ទិវាអតីតយុទ្ធជនកម្ពុជា”, កងទ័ពជើងគោក ក៏បានផ្តល់អាទិភាពជូនកូនចៅរបស់អតីតយុទ្ធជននៅ ក្នុងដំណើរការជ្រើសរើសពលទាហានបំពេញក្របខ័ណ្ឌនៅតាមស្ថាប័ន-កងអង្គភាពចំណុះ,ការផ្តល់ប្រាក់បេឡាមរណៈសង្គ្រោះ និងប័ណ្ណ ប.ស.ស. និងការបំពាក់មេដាយការពារជាតិ ។ល។

ការយកចិត្តទុកដាក់ដល់អតីតយុទ្ធជន ក៏ដូចជាគ្រូ បង្រៀន និងមន្ត្រីរាជការចូលនិវត្តន៍ គឺជាកាតព្វកិច្ច យ៉ាងហោចណាស់ ក៏នៅក្នុងន័យកាតព្វកិច្ចផ្នែកសីលធម៌ដែរ ដោយមិនខុសពីក្នុងគ្រួសារនីមួយៗ ដែលកូនចៅត្រូវយកចិត្តទុកដាក់ទំនុកបម្រុងដល់ឪពុកម្តាយនៅពេលពួកគាត់ចាស់ជរា។ ក្នុងន័យនេះ កិច្ចការនេះ គឺជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាលនិងគួរត្រូវបានលើក ទឹកចិត្តឱ្យមានការចូលរួមទូលំទូលាយពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ជាពិសេសយុវជនជំនាន់ក្រោយតាមគ្រប់រូបភាពដែលអាចធ្វើទៅបាន។

ចុងបញ្ចប់ឯកឧត្តម ប្រធានគណៈអធិបតីក៏បានពាំនាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន រួមមានៈសមាជិកដែលបានចូលរួម៧០០នាក់ក្នុង០១នាក់ទទួលបានថវិកា១០ម៉ឺនរៀល,អង្ករ២៥ គីឡូក្រាម និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀតផងដែរ៕

 

Footer ads TVK