Fix Banner Stand
Fix Banner Stand
Footer ads TVK

សម្តេចតេជោ ហ៊ុន សែន ចង់ឃើញការនាំចេញអង្ករពីកម្ពុជាទៅកាន់បង់ក្លាដេស មានស្ថេរភាព តាមរយៈការវិនិយោគផ្ទាល់ពីក្រុមហ៊ុនវិនិយោគបង់ក្លាដេស

នៅរសៀលថ្ងៃទី២២កញ្ញា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញធ្វើជំនួបពិភាក្សាទ្វេភាគីជាមួយ លោកជំទាវ Sheikh HASINA នាយករដ្ឋមន្រ្តីបង់ក្លាដេស ខណៈដែលសម្តេចនិងលោកជំទាវនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ថ្លែងនូវអំណរគុណជូនចំពោះលោកជំទាវនាយករដ្ឋមន្រ្តីបង់ក្លាដេស ដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលជួបពិភាក្សាការងារទ្វេភាគី និងឯកភាពដោះដូរពេលវេលា នៃការអញ្ជើញថ្លែងសុន្ទកថាក្នុង កិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ ដោយសាតែរូបសម្តេចត្រូវអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសា ធារណរដ្ឋគូបា។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណជូនចំពោះលោកជំទាវនាយករដ្ឋមន្រ្តី ដែលបានបញ្ជូន ឯកឧត្តមរដ្ឋមន្រ្តីការបរទេសបង់ក្លាដេស ដើម្បីចូលរួមកិច្ចប្រជុំវេទិកាតំបន់អាស៊ាន នៅរាជធានីភ្នំពេញ កាលពីដើមខែសីហាកន្លងទៅថ្មីៗនេះ។ ក្នុងនាមប្រជាជាតិអាស៊ាន សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ថ្លែងអំណរគុណជូនចំពោះលោកជំទាវនាយករដ្ឋមន្រ្តី ដែលបានផ្តល់វ៉ាក់សាំងកូវីដ១៩ ដល់ប្រទេសមីយ៉ាន់ម៉ារ ចំ នួន១លានដូស។ សម្តេចតេជោក៏បានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាលបង់ក្លាដេស ដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ វិថីដែលប្រសិទ្ធនាមព្រះករុណាព្រះបរមរតនកោដ្ឋ ក្នុងប្រទេសបង់ក្លាដេស ហើយជាមួយគ្នា នេះកម្ពុជានិងប្រសិទ្ធផ្លូវមួយខ្សែ ដើម្បីជាការប្រសិទ្ធនាមដល់លោកឪពុករបស់លោកជំទាវ ដែលមានឈ្មោះថា ស៊ីក ម៉ាជូបូ រ៉ាក់ម៉ាន់ ដែលចាត់ទុកជាបីតាស្ថាបនិករបស់បង់ក្លាដេស ជាប្រធានាធិបតីទី១ និងជានាយករដ្ឋមន្រ្តីបង់ក្លាដេស។ សម្តេចតេជោក៏បានអបអរសាទរ ចំពោះការស្ថាបនាស្ពានមួយដ៏វែង ប្រវែងជាង៦ពាន់ម៉ែត្រ ក្នុងប្រទេសបង់ក្លាដេស ក្រោមការដឹកនាំរបស់លោកជំទាវ។ សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានមានប្រសាសន៍លើកឡើង ពីការនាំចេញអង្ករប្រមាណ ២០ម៉ឺនតោនពីកម្ពុជាទៅកាន់បង់ក្លាដេស។ សម្តេចតេជោចង់ឃើញការនាំចេញអង្ករពីកម្ពុជាទៅកាន់បង់ក្លាដេស មានស្ថេរភាព តាមរយៈការវិនិយោគផ្ទាល់ពីក្រុមហ៊ុនវិនិយោគបង់ក្លាដេស។ សម្តេចតេជោបន្តថា កម្ពុជាផ្តល់ឱកាសដល់បង់ក្លាដេស ក្នុងការវិនិយោគផលិតអង្ករនាចេញ ដែលបច្ចុប្បន្នកម្ពុជាមានស្រូវប្រមាណជាង៦លាន៧សែនតោន និងអង្ករប្រមាណ៤លាន២សែនតោន។ លោកជំទាវមានប្រសាសន៍ថា លោកជំទាវបានស្នើឲ្យវិស័យឯកជនមកវិនិយោគ ក្នុងប្រទេសកម្ពុជាពិសេសលើវិស័យកសិកម្ម លើការនាំចេញអង្ករ។ លោកជំទាវបន្តថា ប្រទេសបង់ក្លាដេសងាយរងគ្រោះដោយគ្រោះទឹកជំនន់ បង់ក្លាដេសត្រូវការទិញអង្ករពីក្រៅប្រទេស តាមរយៈនេះយើងអាចមានកិច្ចព្រមព្រៀងជាមួយគ្នា ដើម្បីបង្កើនការតភ្ជាប់រវាងប្រទេសទាំងពីរ តាមរយៈការធ្វើពាណិជ្ជកម្ម និងធុរកិច្ច។ លោកជំទាវមានប្រសាសន៍ដែរថា លោកជំទាវនិងខិតខំប្រឹងប្រែងក្នុងការធ្វើឲ្យមានកិច្ចព្រមព្រៀងទីផ្សារសេរីសម្រាប់ប្រទេសទាំងពីរ ដើម្បីបង្កើនឱកាសបន្ថែមទៀត ។ សម្តេចតេជោបានឯកភាព ចំពះការលើកឡើងរបស់លោកជំទាវ ទាក់ទិនទៅនិងកិច្ចព្រមព្រៀងទីផ្សារសេរីកម្ពុជា បង់ក្លាដេស ដើម្បីជំរុញកំណើនពាណិជ្ជកម្ម នៃប្រទេសទាំងពីរឲ្យកាន់តែមានទំហំទ្វេឡើង។ សម្តេចតេជោបន្តថា កម្ពុជាកំពុងស្វែងរកដៃគូបន្ថែមទៀត ដើម្បីជំរុញធ្វើយ៉ាងណាដើម្បីបង្កើនពាណិជ្ជកម្ម និងធុរកិច្ចនៃប្រទេសទាំងពីរ។

Footer ads TVK