Fix Banner Stand
Fix Banner Stand
Footer ads TVK

និយ័តករសន្តិសុខសង្គម ដែលស្ថិតនៅក្រោមឱវាទរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ រៀបចំសិក្ខាសាលាស្តីពីនិយ័តកម្មប្រព័ន្ធសន្តិសុខសង្គមនៅកម្ពុជា

និយ័តករសន្តិសុខសង្គម ដែលស្ថិតនៅក្រោមឱវាទរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានរៀបចំសិក្ខាសាលា ស្តីពីនិយ័តកម្មប្រព័ន្ធសន្តិសុខសង្គមនៅកម្ពុជា ក្រោមការដឹកនាំ និងសម្របសម្រួលដោយ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គនាយកនៃនិយ័តករសន្តិសុខសង្គម ដោយមានការចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ដែលជាតំណាងមកពីស្ថាប័នពាក់ព័ន្ធ រួមមានបេឡាជាតិសន្តិសុខសង្គម ទីភ្នាក់ងារបញ្ជាក់ចំណាយសេវាសុខាភិបាល ព្រមទាំងមានការចូលរួមពីតំណាងនិយោជក និយោជិត និងមូលដ្ឋានសុខាភិបាលឯកជននានា សរុបប្រមាណ ១០០ នាក់។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងពង្រឹងការយល់ដឹងអំពីនិយ័តកម្មប្រព័ន្ធសន្តិសុខសង្គមនៅព្រះរាជាណាចក្រកម្ពុជា និងកាតព្វកិច្ចរបស់ភាគីពាក់ព័ន្ធ ក្នុងកិច្ចដំណើរការនៃការធ្វើនិយ័តកម្ម។ ការដាក់ចេញអនុក្រឹត្យស្តីពីនិយ័តកម្មប្រព័ន្ធសន្តិសុខសង្គម បានបង្ហាញឱ្យឃើញយ៉ាងច្បាស់នូវជំហររបស់រាជរដ្ឋាភិបាល ក្នុងការធ្វើកំណែរទម្រង់ស៊ីជម្រៅនៃប្រព័ន្ធសន្តិសុខសង្គមនៅកម្ពុជាមួយជំហានទៀត តាមរយៈការកំណត់នូវកាតព្វកិច្ចឱ្យបានច្បាស់លាស់របស់ភាគីពាក់ព័ន្ធ និងការចង្អុលបង្ហាញអំពីការរៀបចំ និងដាក់ចេញនូវបទប្បញ្ញត្តិ គោលការណ៍ និងវិធានចាំបាច់នានាមួយចំនួនទៀត ដើម្បីធានាបានថា ការអនុវត្តប្រតិបត្តិការសន្តិសុខសង្គមប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងរក្សាបាននូវចីរភាពហិរញ្ញវត្ថុ។
សិក្ខាកាមដែលជាតំណាងមកពីស្ថាប័នពាក់ព័ន្ធ បានចូលរួមយ៉ាងផុសផុល និងចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះការដាក់ឱ្យអនុវត្ត អនុក្រឹត្យ ស្ដីពីការធ្វើនិយ័តកម្មប្រព័ន្ធសន្តិសុខសង្គមនេះ។ សូមជម្រាបជូនថា និយ័តកម្មប្រព័ន្ធសន្តិសុខសង្គមនេះ ត្រូវបានរាជរដ្ឋាភិបាលដាក់ឱ្យអនុវត្តតាមរយៈ អនុក្រឹត្យលេខ១៦០ អនក្រ.បក ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ ដើម្បីកំណត់អំពីគោលការណ៍ វិធាន នីតិវិធី និងយន្តការនៃការធ្វើនិយ័តកម្មដោយនិយ័តករសន្តិសុខសង្គម លើរាល់ប្រតិបត្តិការសន្តិសុខសង្គម ដើម្បីធានាបាននូវស័ក្ដិសិទ្ធិភាព ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពរឹងមាំផ្នែកហិរញ្ញវត្ថុ ស្របតាមបញ្ញតិនៃច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់អង្គភាពក្រោឱវាទរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។

Footer ads TVK