Fix Banner Stand
Fix Banner Stand
Footer ads TVK

( សេចក្តីថ្លែងការណ៍ដោយរដ្ឋមន្ត្រីការបរទេសជប៉ុន ហាយ៉ាស៊ី យូស៊ីម៉ាសា )

( សេចក្តីថ្លែងការណ៍ដោយរដ្ឋមន្ត្រីការបរទេសជប៉ុន ហាយ៉ាស៊ី យូស៊ីម៉ាសា )

ការបញ្ចប់ការជំនុំជម្រះក្តីខ្មែរក្រហម

១. នៅថ្ងៃទី២២ ខែកញ្ញានេះ អង្គជំនុំជម្រះតុលាការកំពូល នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការ កម្ពុជា (អ.វ.ត.ក) បានប្រកាសសាលដីកាលើបណ្តឹងសាទុក្ខ ដោយបានតម្កល់សាលក្រមរបស់អង្គជំនុំជម្រះសាលាដំបូង (ដែលផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត) ក្នុងសំណុំរឿង ០០២/០២ ពាក់ព័ន្ធនឹងលោក ខៀវ សំផន ។ សាលដីកានេះ បានបញ្ចប់ជាស្ថាពរនូវការជំនុំជម្រះក្តីខ្មែរក្រហម ដែលបានបន្តអស់រយៈពេលយ៉ាងយូរមកហើយ។ ប្រទេសជប៉ុន សូមសម្តែងនូវការគោរពចំពោះមនុស្សជាច្រើនដែលបានចូលរួមចំណែកដល់ការជំនុំជម្រះក្តីនេះ។

២. ការជំនុំជម្រះក្តីខ្មែរក្រហម គឺជាដំណាក់កាលដ៏សំខាន់ឆ្ពោះទៅបញ្ចប់ជាស្ថាពរនូវដំណើរការស្វែងរកសន្តិភាពនៅកម្ពុជា និងរួមចំណែកដល់ការផ្តល់យុត្តិធម៌ និងការពង្រឹងនីតិរដ្ឋនៅក្នុងប្រទេសនេះ។ ដោយយល់ឃើញយ៉ាងដូច្នេះ ប្រទេសជប៉ុន បាននិងកំពុងដើរតួនាទីនាំមុខនៅក្នុងសហគមន៍អន្តរជាតិ ក្នុងការផ្តល់ការគាំទ្រដល់ការជំនុំជម្រះក្តីនេះ។

៣. ប្រទេសជប៉ុនសង្ឃឹមថា សារៈសំខាន់នៃការជំនុំជម្រះក្តីនេះ នឹងត្រូវបានយល់ដឹងយ៉ាងទូលំទូលាយក្នុងចំណោមប្រជាជនកម្ពុជា ហើយក្លាយជាកេរដំណែលសម្រាប់អ្នកជំនាន់ក្រោយ និងសហគមន៍អន្តរជាតិ តាមរយៈសកម្មភាពអប់រំដែលត្រូវបានបន្ត បន្ទាប់ពីការបិទបញ្ចប់ដំណើរការនីតិវិធី ហើយវានឹងរួមចំណែកដល់ការពង្រឹងនីតិរដ្ឋ។

(យោង) ជំនួយហិរញ្ញវត្ថុរបស់ប្រទេសជប៉ុន សម្រាប់ការជំនុំជម្រះក្តីខ្មែរក្រហម
ប្រទេសជប៉ុន បានផ្តល់ថវិកាប្រមាណ ៨៨,៦៧ លានដុល្លាសហរដ្ឋអាមេរិក (៧២,១៨ លានដុល្លា ផ្តល់ឱ្យភាគីអន្តរជាតិ និង១៦,៤៩ លានដុល្លា ផ្តល់ឱ្យភាគីជាតិ) ឬប្រហែលស្មើនឹង៣០% នៃជំនួយរបស់អន្តរជាតិសម្រាប់ការជំនុំជម្រះក្តីខ្មែរក្រហម ចាប់តាំងពីការជំនុំជម្រះក្តីនេះបានចាប់ផ្តើមនៅក្នុងឆ្នាំ២០០៦៕
# ស្ថានទូតជប៉ុនប្រចាំកម្ពុជា

Footer ads TVK