Fix Banner Stand
Fix Banner Stand
Footer ads TVK

គ្រូកម្ពុជា ស្រេកឃ្លានជ័យជម្នះ ខណៈគ្រូបង់ក្លាដេសក៏ចង់ឈ្នះដូចគ្នា

ក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតមិត្តភាពអន្តរជាតិ MinebeaMitsumi ទល់នឹងក្រុមជម្រើសជាតិបង់ក្លាដែស នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នេះ ។

លោក Hirose Ryu គ្រូបង្វឹករបស់ក្រុមជម្រើសជាតិកម្ពុជាបានថ្លែងថា៖«សម្រាប់ការប្រកួតថ្ងៃស្អែកនេះ ពួកយើងមានភាពស្រេកឃ្លានក្នុងការយកជ័យជម្នះ ប៉ុន្តែមិនមែនមានន័យថាជាការប្រកួតដែលងាយស្រួលនោះទេ តែវាជាកាតព្វកិច្ចដែលយើងត្រូវតែឈ្នះក្នុងការប្រកួតក្នុងផ្ទះរបស់ពួកយើង» ។

លោក Ryu Hirose បន្តទៀតថា៖«ទោះបីជាការប្រមូលផ្តុំលើកនេះ មិនសូវមានកីឡាករដែលមានបទពិសោធន៏លេងអោយក្រុមជម្រើសជាតិឈុតធំច្រើនដូចមុន តែក្រុមរបស់ពួកយើងនឹងលេងដោយមានទំនុកចិត្តខ្ពស់ និងលេងអោយអស់ពីសមត្ថភាព» ។

ចំណែកឯ លោក Javier Martin ជាគ្រូជម្រើសជាតិបង់ក្លាដេសក៏បង្ហាញចំណាប់អារម្មណ៍ថា «យើងយល់ឃើញថាកម្ពុជាបានរៀបចំទទួលក្រុមរបស់យើងបានល្អបំផុត ដែលវាជាកត្តាសំខាន់ សម្រាប់កីឡាករមានភាពងាយស្រួលក្នុងការប្រកួត»។

លោក Javier Martin បន្តទៀតថា៖«ដូច្នេះការប្រកួតនៅយប់នេះ ពួកយើងមានកម្លាំងកាយ និងកម្លាំងចិត្តដើម្បីធ្វើការប្រកួត ឱ្យបានល្អបំផុត ហើយយើងមកទីនេះដើម្បីបង្ហាញអោយអ្នកទាំងអស់គ្នា បានឃើញពីជ័យជម្នះរបស់ពួកយើង»។

សម្រាប់ជំនួប៤លើកចុងក្រោយកម្ពុជា មិនដែលឈ្នះ បង់ក្លាដែស ពោលគឺចាញ់៣ និងស្មើ១លើក៖ កម្ពុជា ចាញ់ បង់ក្លាដែស ១ទល់ ២ ក្នុង ពាន AFC Challenge Cup កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០០៦ កម្ពុជាស្មើរ ក្លាដែស ១-១ ក្នុងពាន Nehru Cup កាលថ្ងៃទី២២ ខែសីហា ឆ្នាំ២០០៧ កម្ពុជា ចាញ់ បង់ក្លាដែស ០-១ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០០៩ នឹងចុងក្រោយ ចាញ់បង់ក្លាដេសក្នុងការប្រកួតមិត្តភាពអន្តរជាតិ ១ទល់០ ទៀតកាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩ ។

គួរបញ្ជាក់ផងដែរថា ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតមិត្តភាពអន្តរជាតិទល់នឹង ក្រុមជម្រើសជាតិបង់ក្លាដែស នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង៧:00 យប់នេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នឹងមានផ្សាយផ្ទាល់នៅលើផេក សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ផងដែរ ៕

 

Footer ads TVK