Fix Banner Stand
Fix Banner Stand
Footer ads TVK

គ្រូ U23 កម្ពុជា ថាការប្រកួតថ្ងៃនេះមិនងាយស្រួលឡើយ ខណៈគ្រូជប៉ុនចង់ឈ្នះ ទោះកីឡាករភាគច្រើនជានិស្សិត

ក្រុមបាល់ទាត់​ជម្រើសជាតិ​យុវជន​អាយុ​ក្រោម ២៣​ឆ្នាំ​កម្ពុជានឹងធ្វើ​ការប្រកួត​មិត្តភាព​អន្ដរជាតិជាមួយ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម ២៣​ឆ្នាំ​ជប៉ុន វេលា​ម៉ោង៧​យប់នេះ នាពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ។​

​មុន​ការប្រកួត​មកដល់អ្នកគាំទ្របាន​ចាប់អារម្មណ៍ និងមានការជជែកវែកញែកសមាសភាព​កីឡាករ​ជប៉ុនដែល​ភាគច្រើន​ជា​និស្សិត​សាកវិទ្យាល័យ ដោយលែកគ្រូបង្វឹក U23 ​កម្ពុជាលោក​ Ryu Hirose ​បាន​លើកឡើងថា មិនមែនជា​ការប្រកួត​ងាយស្រួល​នោះទេ ស្របពេល​គ្រូបង្វឹក​ក្រុម​ជប៉ុនបានបង្ហាញ​ពី​មហិច្ឆតា​ចង់​ឈ្នះ​ដូចគ្នា។​ ​លោក​ Ryu Hirose ​បានលើកឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ការប្រកួត​ថា ទោះបី​កីឡាករ​ជប៉ុន​ទាំងអស់មកពី​ក្រុម​សាកលវិទ្យាល័យ ប៉ុន្ដែ​ពួកគេ​សុទ្ធតែជា​កីឡាករកម្រិត​ខ្ពស់ និង​ជា​អនាគត​កីឡាករ​អាជីព​ក្នុង​លី​គ​កំពូល​ជប៉ុន។ ដូច្នេះ​ត្រូវ​ផ្លាស់ប្ដូរ​ការគិត ព្រោះនេះ​មិនមែនជា​ការប្រកួត​ងាយស្រួល ដូច​អ្នកគាំទ្រ​កម្ពុជា​មួយចំនួន​លើកឡើង​នោះទេ។​ ​លើសពីនេះលោក​បានចាត់ទុក​ការប្រកួត​នេះ គឺជា​ឱកាស​មួយ​ដ៏​ល្អសម្រាប់​ក្រុមយុវជន​ U23 ​កម្ពុជា ដើម្បី​វាស់​ស្ទង់​សមត្ថភាព ជាមួយ​ក្រុមយុវជន​ជប៉ុនដែល​មកពី​ជំនាន់​ដូចគ្នា ។ នេះ​គឺជា​ការត្រៀម​ដ៏​ល្អសម្រាប់​ការប្រកួត​បន្ដបន្ទាប់​ទៀត។ លោក​សង្ឃឹមថា កូនក្រុម​របស់ខ្លួននឹង​ព្យាយាម​ឲ្យ​អស់ពី​សមត្ថភាពដើម្បី​ទទួលបាន​លទ្ធផល​ល្អប្រសើរ ។

​ចំណែក​លោក​ Lee Wooyoung ​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ U23 ​ជប៉ុនបានបង្ហាញ​ក្ដី​រំពឹងថា កូនក្រុម​របស់ខ្លួននឹងធ្វើ​បានល្អដើម្បី​ទទួលបាន​ជ័យជម្នះ​ជូន​អ្នកគាំទ្រ​របស់ខ្លួន ទោះបី​កីឡាករ​ភាគច្រើន​មកពី​ក្រុម​សាកលវិទ្យាល័យ​ក៏ដោយ។ លោក​បង្ហើប​ថា បន្ទាប់ពី​ចប់​ការប្រកួត​មិត្តភាព​អន្ដរជាតិ​ជាមួយ​កម្ពុជា កីឡាករ​ភាគច្រើននឹងចូលរួម​ជាមួយ​ក្លិប​អាជីព​នៅ​លី​គ​កំពូល និង​លី​គ​ទី​២ ជប៉ុន។​ ​ទន្ទឹម​ជាមួយគ្នា គ្រូបង្វឹក​រូបនេះក៏បាន​អរគុណ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជាដែល​បាន​អញ្ជើញ​ក្រុម​ខ្លួន និង​រៀបចំ​ឲ្យ​មានការ​ប្រកួត​មិត្តភាព​អន្ដរជាតិ​នេះ​ផងដែរ។​ ​សូមបញ្ជាក់ថា ការប្រកួត​មិត្តភាពរវាង​ក្រុម​ U23 ​កម្ពុជា និង​ U23 ​ជប៉ុន​នេះនឹងមាន​ផ្សាយ​លើផេក សហព័ន្ធបាល់ទាត់កម្ពុជា ផងដែរ ៕​

Footer ads TVK