Fix Banner Stand
Fix Banner Stand
Footer ads TVK

នាយកដ្ឋានសារមន្ទីរ និងស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានរៀបចំពិធីសម្ពោធ “ដាក់ឲ្យដំណើរការកាតាឡុករបស់សារមន្ទីរខេត្ត ចំនួន៦ សារមន្ទីរតាមប្រព័ន្ធអ៉ីនធឺណែត”

នាយកដ្ឋានសារមន្ទីរ និងស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានរៀបចំពិធីសម្ពោធ “ដាក់ឲ្យដំណើរការកាតាឡុករបស់សារមន្ទីរខេត្ត ចំនួន៦ សារមន្ទីរតាមប្រព័ន្ធអ៉ីនធឺណែត” នៅថ្ងៃច័ន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តមប្រាក់ សុវណ្ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាង លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

លោក ឆាយ វិសុទ្ធ ប្រធាននាយកដ្ឋានសារមន្ទីរបានធ្វើសេចក្តីរាយការណ៍សង្ខេបស្ដីពី”លទ្ធផលនៃការអនុវត្តគម្រោងថា កាតាឡុករបស់សារមន្ទីរខេត្ត ចំនួន៦សារមន្ទីរ ដែលនឹងដាក់ឲ្យដំណើរការជាផ្លូវការនៅលើប្រព័ន្ធអ៉ីនធឺណែតនេះ ជាលទ្ធផលនៃគម្រោងរយៈពេលមួយឆ្នាំ(កញ្ញា ២០២១- សីហា ២០២២) របស់នាយកដ្ឋានសារមន្ទីរក្រោមកិច្ចគាំទ្ររបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្ដីពី “ប្រព័ន្ធទិន្នន័យសមុច្ច័យ នៃសារមន្ទីរខេត្តក្រុង”។ លោកបានបន្តថា សារមន្ទីរទាំង៦ ដែលបានចូលរួមអនុវត្តគម្រោងនេះមាន: សារមន្ទីរខេត្តតាកែវ, សារមន្ទីរស្រុកអង្គរបុរី, សារមន្ទីរខេត្តព្រៃវែង, សារមន្ទីរខេត្តពោធិ៍សាត់, សារមន្ទីរខេត្តកំពង់ធំ និងសារមន្ទីរខេត្តកំពង់ឆ្នាំង។ ហើយគម្រោងនេះធ្វើឡើងក្នុងគោលបំណងសំខាន់ពីរគឺ ទី១ -ដើម្បីកែសម្រួល និងពង្រីកប្រព័ន្ធទិន្នន័យសមុច្ច័យ ដែលមានសារមន្ទីរជាតិកម្ពុជាតាំងពីច្រើនឆ្នាំកន្លងមក ដើម្បីបំពាក់ប្រព័ន្ធនោះទៅដល់សារមន្ទីរខេត្ត និងទី២- ដើម្បីដាក់បញ្ចូលទិន្នន័យសមុច្ច័យរបស់សារមន្ទីរខេត្តទាំង៦សារមន្ទីរទៅក្នុងកាតាឡុក ដែលនឹងបង្ហោះលើប្រព័ន្ធអ៉ីនធឺណែតដូចសារមន្ទីរជាតិ បានធ្វើរួចមកហើយតាំងពីឆ្នាំ ២០១៤។ បន្ទាប់ពីពិធីសម្ពោធជាផ្លូវការនេះសាធារណៈជនអាចស្វែងរកទិន្នន័យសមុច្ច័យរបស់សារមន្ទីរទាំង៦ នៅលើប្រព័ន្ធអ៉ីនធឺណែតដោយចូលតាមគេហទំព័ររបស់សារមន្ទីរជាតិ www.cambodiamuseum.info។ ការដាក់បង្ហោះទិន្នន័យសមុច្ច័យទាំង៦ នេះជាការចូលរួមថែរក្សាលើកតម្លៃ និងផ្សព្វផ្សាយអំពីសម្បត្តិបេតិកភណ្ឌខ្មែរទៅដល់មហាជន ជាពិសេសគឺសម្រួលដល់អ្នកស្រាវជ្រាវ ដែលមានបំណងស្វែងយល់បន្ថែមពីសម្បត្តិវប្បធម៌ខ្មែរនៅតាមបណ្ដាខេត្ត។

ក្នុងឱកាសនោះដែរ ឯកឧត្តម ប្រាក់ សុវណ្ណារ៉ា បានកោតសរសើរចំពោះនាយកដ្ឋានសារមន្ទីរដែលបានផ្ដួចផ្ដើម និងដឹកនាំធ្វើកិច្ចការនេះរហូតទទួលបានលទ្ធផលជាទីគាប់ចិត្ត។ ការផ្ដល់ប្រព័ន្ធទិន្នន័យសម្រាប់សារមន្ទីរខេត្ត និងការរៀបចំឲ្យមានប្រព័ន្ធថែរក្សាទិន្នន័យរួមមួយនៅសារមន្ទីរជាតិនេះ ប្រាកដជាទទួលបាននូវការធានាសុវត្ថិភាពរយៈពេលវែង ក្នុងការថែរក្សាទិន្នន័យសមុច្ច័យសារមន្ទីរទាំងអស់។ ឯ.ឧ បន្តថា និយាយជារួមសមិទ្ធផលនេះ គឺជាផ្នែកមួយនៃកិច្ចការចងក្រងឯកសារនិងថែរក្សាទិន្នន័យសម្បត្តិបេតិកភណ្ឌរបស់ខ្មែរ។ ក្នុងនាមតំណាងអោយលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី និងមន្ត្រីរាជការទាំងអស់នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឯកឧត្តមសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក ជាពិសេសស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ដែលតែងតែចូលរួមចំណែកយ៉ាងសកម្ម ក្នុងកិច្ចការការពារសម្បត្តិបេតិកភណ្ឌកម្ពុជាតាំងពីដើមរៀងរហូតមក ជាពិសេសគឺអរគុណសម្រាប់ការឧបត្ថម្ភថវិកាដល់នាយកដ្ឋានសារមន្ទីរ ដើម្បីអនុវត្តគម្រោងជាមួយសារមន្ទីរទាំង៦នេះតែម្ដង។  ឯកឧត្តម ប្រាក់សុវណ្ណារ៉ា សង្ឃឹមយ៉ាងមុតមាំផងដែរថា នាយកដ្ឋានសារមន្ទីរនឹងបន្តកិច្ចការបែបនេះជាមួយនឹងសារមន្ទីរខេត្តដទៃទៀត ដើម្បីឲ្យសារមន្ទីរទាំងអស់ នៅតាមបណ្ដាខេត្តក្រុងមានប្រព័ន្ធទិន្នន័យស្តង់ដាររបៀបនេះ និងមានការផ្សព្វផ្សាយតាមប្រព័ន្ធអ៉ីនធឺណែតនៅថ្ងៃអនាគត។ កិច្ចការនេះពិតណាស់ ជាការចូលរួមផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីសមុច្ច័យរបស់សារមន្ទីរខេត្តនីមួយៗ និងជាការផ្ដល់លទ្ធភាពដល់សាធារណជនអាចសិក្សាស្រាវជ្រាវឲ្យបានកាន់តែងាយស្រួល អំពីសម្បត្តិបេតិកភណ្ឌខ្មែរ ដែលស្ថិតនៅតាមបណ្ដាសារមន្ទីរខេត្តនានាទូទាំងប្រទេសកម្ពុជា។

សូមបញ្ជាក់ផងដែរថា គម្រោងខាងលើជាគម្រោងសាកល្បងដំណាក់កាលទីមួយ។ នាយកដ្ឋានសារមន្ទីរក៏មានបំណងនិងពង្រីកគម្រោងដូចគ្នានេះទៅដល់សារមន្ទីរខេត្តដទៃផ្សេងទៀតនៅថ្ងៃអនាគតក្នុងគោលបំណងឲ្យសារមន្ទីរទាំងអស់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមានប្រព័ន្ធទិន្នន័យវត្ថុក្នុងឃ្លាំងថ្នាក់ជាតិរួមគ្នាមួយ។

Footer ads TVK