Fix Banner Stand
Fix Banner Stand
Footer ads TVK

ប្រវត្តិនៃពិធីបុណ្យកាន់បិណ្ឌរបស់ប្រជាពលរដ្ឋខ្មែរ

ថ្ងៃនេះ ថ្ងៃអាទិត្យ ៨រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃ១៨ ខែកញ្ញា ឆ្នាំ២០២២ ជាថ្ងៃសីលនិងត្រូវជាថ្ងៃកាន់បិណ្ឌវេន៨ ផងដែរ! យើងសង្កេតឃើញថាប្រជាពលរដ្ឋខ្មែរគ្រប់ទិសទីបានទៅវេរប្រគេនចង្ហាន់នៅតាមទីវត្តអារាមជាមួយនឹងក្រុមគ្រួសារ ជាមួយឳពុកម្តាយដោយទឹកមុខស្រស់ស្រាយនិងមានសន្ធាជ្រះថ្លាជាពន់ពេកដូច្នេះក្រុមការងារសូមចែករំលែកនូវចំណេះដឹងមួយចំនួនទាក់ទងនឹងពិធីកាន់បិណ្ឌនេះដូចតទៅ៖ ពិធីកាន់បិណ្ឌគឺជាពិធីបុណ្យរបស់ពិធីបុណ្យភ្ជុំបិណ្ឌ ដែលគេចែករយៈពេលកាន់បិណ្ឌចំនួន ១៤ថ្ងៃ ដែលចាប់ផ្ដើមពីថ្ងៃ ១រោច រហូតដល់ ១៤រោច ខែភទ្របទ ឬ (កន្លះខែ) រីឯ ព្រះរាជពិធីកាន់បិណ្ឌរបស់ព្រះមហាក្សត្រមានរយៈពេលតែ៥ថ្ងៃប៉ុណ្ណោះ ដែលរាប់ពីថ្ងៃ១១រោច រហូតដល់ថ្ងៃកំណត់១៥រោចភ្ជុំបិណ្ឌធំ។ដើម្បីផ្ដើមពីធីកាន់បិណ្ឌទៅបានពុទ្ធបរិស័ទត្រូវមានផ្កាបិណ្ឌមានកម្ពស់ ៦០ សង់ទីម៉ែត្រ ធ្វើអំពីឈើ សំណុំផ្កាខាងក្រោមធំ ខាងលើតូច មានបង្គោលមូល១ ទំហំគល់ប៉ុនមេដៃ ទំហំចុងប៉ុនកូនដៃ ដាក់ចំកណ្ដាល សម្រាប់ដាក់កង់ធ្វើថ្នាក់ ផ្កាបិណ្ឌ មានថ្នាក់៥ ថ្នាក់នីមួយៗ មានកម្រាសប៉ុនម្រាមដៃ ថ្នាក់ក្រោមទំហំ៥ធ្នាប់ ស្មើ១០សង់ទីម៉ែត្រមូលដូចកង់ ចោះចំកណ្ដាលកង់សិតភ្ជាប់និងបង្គោល គេរចនាដោយស្ពាន់ និងបិទដោយពណ៌ផ្សេងៗ តាមចំណង់ចំនូលចិត្ត បិទភ្ជាប់ជុំវិញកង់ទាំង៥ថ្នាក់ មានដោតផ្កាញ័រ ធ្វើពីស្ព័នផងដែរ ហើយថ្នាក់ខាងក្រោមបង្អស់ គេដោតទង់ក្រពើចំនួន ៥ ដែលធ្វើពីឬស្សី គេមានបន្ថែមរូបនាគបួន មានក្ទុយរួមនិងគល់ផ្កាបិណ្ឌក្នុងមាត់នាគ មានរូបស្លឹកពោធ៍សំយុងចុះ ដែលបង្ហាញពីនាគទ្រផ្កាបិណ្ឌ មានឈើបួន ជ្រុងដូចប្រអប់ កម្រាស់ ៨ធ្នាប់ដៃ ឬ ១៥ សង់ទីម៉ែត្រ ធំខាងក្រោមតូចលើ បន្ថែមជាជើងទម្រផ្កាបិណ្ឌ មានផ្កាបិណ្ឌយ៉ាងប្រណិតហើយ ទើបសមប្រកបក្នុងពិធីកាន់បិណ្ឌ ដែលជាពីធីធ្វើចង្ហាន់បិណ្ឌបាត្រ ប្រគេនចំពោះព្រះសង្ឃ ដែលខុសប្លែក ពីចង្ហាន់បិណ្ឌបាត្រធម្មតា ត្រង់អត្ថន័យសំខាន់នៃផ្កាបិណ្ឌនេះតំណាងឱ្យកាបូជាចំពោះព្រះកេសា(សសៃសក់) របស់ព្រះសម្មាសម្ពុទ្ធ ដែលព្រះពុទ្ធជាម្ចាស់បានកាត់នៅកេសារបស់ខ្លួន នៅពេលដែលទ្រង់យាងចាករាជសម្បត្តិក្នុងការចេញមកសាងផ្នួស។ បច្ចុប្បន្នការរៀបចំផ្កាបិណ្ឌបានវិវឌ្ឍន៍តាមសម័យកាល ប៉ុន្តែការប្រតិបត្តិខ្លួនជាមួយនឹងពិធីកាន់បិណ្ឌនៅតែរក្សាបានដដែល៕

សម្រួលអត្ថបទ៖ សុផារិន្ទ

Footer ads TVK