Fix Banner Stand
Fix Banner Stand
Footer ads TVK

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានដាក់បទបញ្ជាមន្រ្តីនគរបាលក្រោមបង្គាប់ពង្រឹងទប់ស្កាត់បង្រ្កាបករណីជួញដូរមនុស្ស និងការបង្ខាំងមនុស្សខុសច្បាប់

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គ ស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមប្រចាំខែសីហា លើកទិសដៅការងារបន្តប្រចាំខែកញ្ញា និងផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់រដូវបុណ្យភ្ជុំបិណ្ឌ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ បានលើកឡើងដាក់បទបញ្ជាដល់កម្លាំងនគរបាលក្រោមបង្គាប់ ត្រូវពង្រឹងយកចិត្តទុកដាក់បង្ការទប់ស្កាត់និងស្រាវជ្រាវបង្រ្កាបការជួញដូរមនុស្ស និងបង្ខាំងមនុស្សខុសច្បាប់ ឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ដើម្បីចូលរួមលើកកម្ពស់កិត្តិយសប្រទេសជាតិ បន្ទាប់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអំពាវនាវសាធារណជនចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ទប់ស្កាត់អំពើឧក្រិដ្ឋ ខណៈដែលកម្ពុជាកំពុងតែព្យាយាមប្រឹងប្រែងលាងជំរះការដាក់ឈ្មោះប្រទេសកម្ពុជាចេញពី«បញ្ជីប្រផេះ» និងចេញពីចំណាត់Tier3 នៃអំពើជួញដូរមនុស្ស។

ក្រុមការងារហិរញ្ញវត្ថុអន្តរជាតិ ហៅកាត់ថា FATF ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស បានដាក់កម្ពុជាក្នុងប្រទេសនៃបញ្ជីប្រផេះជាលើកទី២ក្នុងឆ្នាំ២០១៩ និងបានស្នើកម្ពុជាត្រូវធ្វើ កិច្ចការនេះឱ្យប្រសើរនិងមាន ប្រសិទ្ធភាពបំបាត់ចោលឧក្រិដ្ឋកម្មហិរញ្ញវត្ថុ។ ប្រទេសដែលស្ថិតក្នុងបញ្ជីប្រផេះរបស់អង្គការ FATF គឺជាក្រុមប្រទេសដែលមានហានិ ភ័យ ខាងអំពើលាងលុយកខ្វក់ ដែលពិភពលោកត្រូវបង្កើនការតាមដាន។ សម្តេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងក្នុងពិធីសម្ពោធអគារធ្វើការ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ។

ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានលើកឡើងទៀតថា ដើម្បីអនុវត្តវិធានការបង្ការទប់ស្កាត់និងបង្រ្កាបការជួញដូរមនុស្ស និងបង្ខាំងមនុស្សខុសច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាព ដោយបានដាក់ចេញវិធានការចំនួន០៤ចំណុច ទី១,ត្រូវសង្រ្គោះជនរងគ្រោះ ឱ្យបានទាន់ពេលវេលា ទី២,ត្រូវចាប់ខ្លួនជនល្មើសយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ទី៣,បញ្ឈប់រាល់អាជីវកម្មដែលខុសច្បាប់និងទី៤,ស្រាវជ្រាវការសម្អាតប្រាក់ខ្មៅ។ ជាមួយនឹងការជំរុញស្រាវជ្រាវឱ្យដល់ប្ញសគល់ស្វែងរកបង្រ្កាបមេខ្លោងឬបុគ្គលដែលបានប្រព្រឹត្តអំពើខុសច្បាប់ចាប់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ផង។

ឯកឧត្តម អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើងទៀតថា៖កិច្ចការងារនេះគឺមានសារសំខាន់សម្រាប់្រទេសជាតិក៏បានដាក់ចេញនូវវិធានការសរុប មធ្យោបាយសរុប និងកម្លាំងសរុបក្នុងការចុះអនុវត្តការងារនេះផងដែរ៕

Footer ads TVK