Fix Banner Stand
Fix Banner Stand
Footer ads TVK

ក្រសួងទេសចរណ៍និងក្រុមប្រឹក្សាសកម្មភាពជនពិការផ្សព្វផ្សាយការលើកកម្ពស់អាជីពសមស្របសម្រាប់ជនមានពិការភាព

ក្រចេះ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គ លេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម ឯម ច័ន្ទមករា បានគាំទ្រឱ្យមានការវិនិយោគចំពោះជនមានពិការភាពក្នុងវិស័យទេសចរណ៍ដោយថាការលើកកម្ពស់អាជីពសមស្របសម្រាប់ជនមានពិការភាពក្នុងវិស័យទេសចរណ៍គឺជាការបង្កើននូវឱកាសការងារសម្រាប់ជនមានពិការភាព និងចូលរួមជាមួយគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ថ្លែងក្នុងសិក្ខាសាលាស្តីពី «ការកាត់បន្ថយភាពក្រីក្ររបស់ជនមានពិការភាព តាមរយៈការលើកកម្ពស់កំណើនការងារ នៅក្នុងវិស័យទេសចរណ៍» ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០២២ នៅខេត្តក្រចេះ ឯកឧត្តម ឯម ច័ន្ទមករា បានថ្លែងថា វិស័យទេសចរណ៍នៅកម្ពុជាកំពុងតែ មានសក្តានុពលយ៉ាងខ្លាំង ហើយក៏បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងព្រះរាជាណាចក្រកម្ពុជា ឱ្យបានរីកចម្រើនផងដែរ ជាមួយគ្នានេះ ការធ្វើវិនិយោគទុនចំពោះជនមានពិការភាពក្នុងវិស័យទេសចរណ៍ គឺជាកត្តាដ៏សំខាន់ក្នុងការលើកកម្ពស់អាជីពសមស្រប និងកំណើនការងារសម្រាប់ជនមានពិការភាពនៅកម្ពុជា រួមមាន អាជីវករ ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋានម្ចាស់កន្លែងកំសាន្តជាដើម។

ឯកឧត្តមបន្ថែមថា៖ «កន្លងមក ក៏ដូចជាបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ តែងតែលើកទឹកចិត្តឱ្យមានការចូលរួមពីផ្នែកឯកជន រោងចក្រ សហគ្រាស និងគ្រឹះស្ថានទាំងអស់ ដែលបានផ្តល់ឱកាសការងារដល់ដែលមានពិការភាព ការអនុវត្តដោយស្ម័គ្រចិត្ត ភ្ញាក់រលឹកនូវកាតព្វកិច្ចដែលមានចែងក្នុងច្បាប់ស្ដីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ និងគាំទ្រដល់ការធ្វើសមាហរណកម្មជនពិការ ដោយដាក់បញ្ចូលបញ្ហាពិការភាព ទៅក្នុងសកម្មភាពរបស់ខ្លួន ហើយបង្កលក្ខណៈឱ្យជនដែលមានពិការភាព ទទួលបាននូវការធ្វើសមាហរណកម្មក្នុងកម្រិតជាអតិបរមា»។

ឯកឧត្តមបន្តថា៖ «រាជរដ្ឋាភិបាល ស្តីពីការកំណត់អត្រា និងបែបបទនៃការជ្រើសរើសជនមានពិការភាពចូលបម្រើការងារ ដោយធ្វើការជ្រើសរើសជនមានពិការភាពដែលមានលក្ខណៈសម្បត្តិ និងសមត្ថភាពបំពេញនូវមុខងារ តួនាទី និងការទទួលខុសត្រូវ ក្នុងមុខតំណែងទៅតាមប្រភេទការងារឲ្យចូលបម្រើការងារក្នុងក្របខណ្ឌមន្ត្រីរាជការ ក្នុងអត្រា២%នៃចំនួនមន្ត្រីរាជការសរុប វិស័យឯកជនត្រូវជនមានពិការភាពដែលមានលក្ខណៈសម្បត្តិ និងសមត្ថភាពបំពេញនូវមុខងារតួនាទី និងការទទួលខុសត្រូវក្នុងមុខតំណែងទៅតាមប្រភេទការងារក្នុងអត្រាកំណត់១%នៃចំនួនកម្មករ និយោជិតសរុប»។

រដ្ឋលេខាធិការក្រសួងទេសចរណ៍និងជាប្រធានក្រុមការ ងារសកម្មភាពជនពិការក្រសួងទេសចរណ៍ ឯកឧត្តម ហោ សារុន បានថ្លែងថា កន្លងមកក្រសួងទេសចរណ៍ក៏បានចេញសេចក្តីណែនាំមួយស្តីពីការចូលរួមលើក កម្ពស់សិទ្ធិជនមានពិការភាព ដោយក្នុងនោះក៏មានការលើកទឹកចិត្តដល់ម្ចាស់ភោជនីយដ្ឋាន បៀរហ្គាឌិនជួយបង្កលក្ខណៈងាយស្រួលអនុញ្ញាតឲ្យជនមានពិការភាពអាចចូលច្រៀងនិងសម្តែងទស្សនីយភាពសិល្បៈខ្លីៗជាដើម។

បន្ថែមលើនេះឯកឧត្តមថា ក្រសួងក៏ជំរុញឲ្យមន្ទីរទេសចរណ៍ជំរុញការងារនេះឲ្យបានកាន់តែប្រសើរថែមទៀតដោយត្រូវរាយការណ៍ជូនគណៈអភិបាលខេត្ត ក្រសួងទេសចរណ៍ ដើម្បីរៀបចំបណ្ណសរសើរលើកទឹក ចិត្តដល់ម្ចាស់ មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ ដែលចូលរួមចំណែកជួយដល់ការកាត់បន្ថយភាពក្រីក្រជនមានពិការភាព តាមរយៈការលើកកម្ពស់ការងារ និងអាជីពសមស្របសម្រាប់ជនពិការ៕

 

 

Footer ads TVK