Fix Banner Stand
Fix Banner Stand
Footer ads TVK

មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ អញ្ជើញបិទនិងបើកវគ្គហ្វឹកហ្វឺនបំប៉នទូទៅនៅនឹងកន្លែង អង្គភាពចំណុះ កងពលតូចថ្មើរជើងលេខ៥១

ខេត្តបន្ទាយមានជ័យ÷ព្រឹកថ្ងៃទី១៥ខែកញ្ញា ឆ្នាំ២០២២
ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ បានអញ្ជើញជាអធិបតីក្នុងពិធីបិទនិងបើកវគ្គហ្វឹកហ្វឺនបំប៉នទូទៅនៅនឹងកន្លែង អង្គភាពចំណុះកងពលតូចថ្មើរជើងលេខ៥១ ស្ថិតនៅទីលានបាញ់គ្រាប់ពិតភ្នំផ្គាំ ភូមិផ្គាំ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

អញ្ជើញចូលរួមមាន លោកមេបញ្ជាការរង នាយសេនាធិការរង នាយ នាយររង ការិយាល័យ យោធភូមិភាគទី៥ មេបញ្ជាការទិសទី១ បន្ទាយមានជ័យ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន កងពលតូចថ្មើរជើងលេខ៥១។

កងពលតូចថ្មើរជើងលេខ៥១ បានប្រារព្វពិធី បិទ និងបើកវគ្គហ្វឹកហ្វឺន ចំនួន ៤វគ្គ គឺបិទចំនួន ២វគ្គ (វគ្គហ្វឹកហ្វឺនទូទៅនៅនឹងកន្លែងទីបញ្ជាការកងពល និងវគ្គហ្វឹកហ្វឺនទូទៅនៅនឹងកន្លែងវរសេនាតូចលេខ៥១៤ និងបើកវគ្គ ចំនួន ២វគ្គ វគ្គហ្វឹកហ្វឺនទូទៅ នៅនឹងកន្លែងទីបញ្ជាការកងពល និងវរសេនាតូចលេខ៥១៣)។

វគ្គហ្វឹកហ្វឺនបំប៉នទូទៅនៅនឹងកន្លែងចំណុះកងពល មានសិក្ខាកាមសរុប ចំនួន ១០០នាក់ ហ្វឹកហ្វឺនរយៈពេល ៤៥ថ្ងៃ ប្រមូលផ្តុំរៀនសូត្រ ក្នុងថ្នាក់ លើទីលាន និងធ្វើយុទ្ធដំណើរទ័ពពេលបញ្ចប់វគ្គ។
ក្នុងនោះសិក្ខាកាមទទួលបាននិទ្ទេសល្អ ចំនួន ៦៣នាក់ ស្មើនឹង ៦៣% និទ្ទេសល្អបង្គួរ ចំនួន ២៥នាក់ ស្មើនឹង ២៥% និងនិទ្ទេសមធ្យម ចំនួន ១២នាក់ ស្មើនឹង ១២%។

វគ្គហ្វឹកហ្វឺនបំប៉នទូទៅនៅនឹងកន្លែង វរសេនាតូចថ្មើរជើងលេខ៥១៤ មានសិក្ខា កាមសរុប ចំនួន ១០០នាក់ ហ្វឹកហ្វឺន រយៈពេល ៤៥ថ្ងៃ ប្រមូលផ្តុំ រៀនសូត្រ ក្នុងថ្នាក់ លើទីលាន និង ធ្វើយុទ្ធដំណើរទ័ពពេលបញ្ចប់វគ្គ ក្នុងនោះសិក្ខាកាមទទួលបាននិទ្ទេសល្អ ចំនួន ៥៨នាក់ ស្មើនឹង ៥៨% និទ្ទេសល្អបង្គួរ ចំនួន ៣២នាក់ ស្មើនឹង ៣២% និងនិទ្ទេសមធ្យម ចំនួន ១០នាក់ ស្មើនឹង ១០%។

បើកវគ្គហ្វឹកហ្វឺនទូទៅនៅនឹងកន្លែង ចំនួន ២វគ្គ នៅទីបញ្ជាការកងពល ចំនួន ១វគ្គ មានសិក្ខាកាមសរុប ចំនួន ១០០នាក់ និង វរសេនាតូចលេខ៥១៣ ចំនួន ១វគ្គ មានសិក្ខាកាមសរុប ចំនួន ១០០នាក់ ហ្វឹកហ្វឺន រយៈពេល ៤៥ថ្ងៃ ក្នុងវគ្គហ្វឹកហ្វឺននេះដែរគឺប្រមូលផ្តុំ រៀនសូត្រ ក្នុងថ្នាក់ លើទីលាន និងធ្វើយុទ្ធដំណើរទ័ពពេលបញ្ចប់វគ្គ ដូចវគ្គមុនៗដែរ។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ សេង ធារិន មានប្រសាស៍ថា សិក្ខាកាមបើកវគ្គនេះត្រូវយកចិត្តទុកដាក់គោរពវិន័យ មានសីលធម៌ល្អ មានសាមគ្គីឯកភាពគ្នាខិតខំប្រឹងប្រែងក្នុងការរៀនសូត្រដើម្បីទទួលលទ្ធផលបានល្អប្រសើរគ្រប់ៗគ្នា ត្រូវគោរពច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់លក្ខន្តិក:កងយោធពលខេមរភូមិន្ទ យកចិត្តទុកដាក់ ខិតខំក្រេបជញ្ជក់ចំណេះដឹងពីគ្រូដើម្បីយកទៅអនុវត្តនៅអង្គភាពឲ្យបានល្អ ការហ្វឹកហ្វឺនកងទ័ព ជាវិស័យអាទិភាពមួយ នៃការកែទម្រង់ របស់កងយោធពលខេមរភូមិន្ទ សំដៅធ្វើទំនើបកម្ម និងបង្កើនសមត្ថភាព ដេីម្បីការពារបូរណភាពទឹកដី ការពារសន្តិភាព ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ក៏ដូចជាការអភិវឌ្ឍន៍លើគ្រប់វិស័យនៅកម្ពុជា។ បច្ចុប្បន្នការងារហ្វឹកហ្វឺនបានដើរតួនាទីជាយុទ្ធសាស្ត្រយ៉ាងសំខាន់ ក្នុងការពង្រឹងខឿនការពារជាតិ តាមរយៈការផ្ដល់នូវចំណេះដឹង និងចំណេះធ្វើ ពិតប្រាកដឱ្យដល់កងទ័ព ជាពិសេសយោធិនដែលមានវ័យក្មេង ដែលជាប្រភពបន្តវេនជំនាន់ក្រោយ។ ត្រូវប្តេជ្ញាចូលរួមអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បង្កើនប្រសិទ្ធភាព។

ឧត្តមសេនីយ៍ទោ សេង ធារិន បានធ្វើការកោតសរសើរចំពោះសិក្ខាកាមដែលបានឆ្លងកាត់វគ្គហ្វឹកហ្វឺនរហូតទទួលបានលទ្ធផលល្អប្រសើរ និងសូមឱ្យសិក្ខាកាមដែលបានបញ្ចប់វគ្គក្នុងថ្ងៃនេះបន្តចែករំលែកនូវចំណេះដឹងរបស់ខ្លួនដល់អ្នកដែលមិនចេះ ហើយចំពោះសិក្ខាកាមដែលត្រូវបានបើកវគ្គហ្វឹកហ្វឺនបំប៉នទូទៅនៅនឹងកន្លែង ត្រូវបន្តយកចិត្តទុកដាក់សិក្សារៀនសូត្រពីយោធាចារ្យ ហើយគោរពឲ្យបាននូវវិន័យផ្សេងៗរបស់អង្គភាពដើម្បីធានាបាននូវគុណភាពសិក្សាប្រកបដោយគុណភាពខ្ពស់។

ឧត្តមសេនីយ៍ទោ បានក្រើនរំលឹកដល់សិក្ខាកាមដែលបានបញ្ចប់វគ្គនិងបើកវគ្គនៅក្នុងថ្ងៃនេះត្រូវបន្តការយកចិត្តទុកដាក់ឲ្យបានតាមវិធានការរបស់ ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ចៀសអោយឆ្ងាយពីគ្រឿងញៀន ប្រុងប្រយ័ត្នអោយបានខ្ពស់រាល់ពេលធ្វើដំណើរ ត្រូវមានមួកសុវត្តិភាព និងពាក់ខ្សែក្រវ៉ាត់អោយបានត្រឹមត្រូវ។

ជាចុងបញ្ជាប់ ឧត្តមសេនីយ៍ទោ សេង ធារិន បានប្រគល់លិខិតបញ្ជាក់ការសិក្សា និងប័ណ្ណសរសើរ ជូនដល់សិក្ខាកាម និងឧបត្ថម្ភថវិកាដល់ការបើកនិងបិទវគ្គ ចំនួន ២.០០០.០០០រៀល ក្រុមក្បាច់គុណម្នាក់ ២០.០០០ រៀល សិក្ខាកាមពូកែ៦នាក់ម្នាក់ ៥០.០០០រៀល និងប្រកាសបិទវគ្គនិងបើកវគ្គចាប់ពីពេលនេះតទៅ៕

 

 

Footer ads TVK