Fix Banner Stand
Fix Banner Stand
Footer ads TVK

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជួបសម្តែងការគួរសមជាមួយ ឯកឧត្តមប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ បានចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ថងលួន ស៊ីសូលីត អគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាទីក្រុងវៀងច័ន្ទ ខណៈសម្តេចប្រធានរដ្ឋសភា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅក្នុងប្រទេសឡាវ។

សម្តេចប្រធានរដ្ឋសភា បានជម្រាប ឯកឧត្តមប្រធានរដ្ឋ ពីគោលបំណងនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាពេលនេះ គឺដើម្បីបន្តពង្រឹង និងពង្រីកទំនាក់ទំនងចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ កម្ពុជា-ឡាវ ដែលមានជាយូរមកហើយ ឱ្យកាន់តែរឹងមាំខ្លាំងក្លាថែមទៀត ជាពិសេសរវាងរដ្ឋសភា នៃប្រទេសទាំងពីរ កម្ពុជា-ឡាវ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានអបអរសាទរ ចំពោះសមិទ្ធផលដ៏ធំធេង ដែលបក្ស រដ្ឋ រដ្ឋាភិបាល និងប្រជាជនឡាវ សម្រេចបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម មានការអភិវឌ្ឍយ៉ាងឆាប់រហ័សនិងបានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកាន់តែល្អប្រសើរ ហើយកិត្យានុភាព និងតួនាទីរបស់មិត្តឡាវ កាន់តែត្រូវបានលើកកម្ពស់លើឆាកអន្តរជាតិ។

ឯកឧត្តម ថងលួន ស៊ីសូលីត បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃជំនួបទ្វេភាគីរវាងសម្តេចប្រធានរដ្ឋសភា និងឯកឧត្តមបណ្ឌិត សាយ សំភូន ភូមវិហាន ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ថា នឹងផ្តល់សារសំខាន់នៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរ ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពឡើង។

ឯកឧត្តមប្រមុខរដ្ឋ បានអបអរសាទរចំពោះការអភិវឌ្ឍន៍លើគ្រប់វិស័យរបស់កម្ពុជា និងបានថ្លែងអំណរគុណដល់ពលរដ្ឋ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ជំនួយវ៉ាក់សំាងកូវីដ-១៩ រថយន្តដឹកវ៉ាក់សំាង និងបរិក្ខារពេទ្យជាច្រើនទៀត ដល់រដ្ឋាភិបាលឡាវ សម្រាប់ប្រយុទ្ធប្រឆំាងជំងឺកូវីដ-១៩ នាពេលកន្លងមកនេះ៕

Footer ads TVK