Fix Banner Stand
Fix Banner Stand
Footer ads TVK

សេចក្តីប្រកាសព័ត៌មាន ស្តីពីកិច្ចប្រជុំរដ្ឋមន្រ្តីក្រុមប្រឹក្សាតំបន់ពាណិជ្ជកម្មសេរីអាស៊ានលើកទី៣៦

សេចក្តីប្រកាសព័ត៌មាន ស្តីពីកិច្ចប្រជុំរដ្ឋមន្រ្តីក្រុមប្រឹក្សាតំបន់ពាណិជ្ជកម្មសេរីអាស៊ានលើកទី៣៦ (36th AFTA Council Meeting)

ខេត្តសៀមរាប, ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២២

កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២, ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី, រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជារដ្ឋមន្រ្តីក្រុមប្រឹក្សាអាហ្វតារបស់កម្ពុជា បានដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីក្រុមប្រឹក្សាតំបន់ពាណិជ្ជកម្មសេរីអាស៊ានលើកទី៣៦ (36th AFTA Council Meeting) នៅសណ្ឋាគារសុខា ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីសំណាក់រដ្ឋមន្រ្តីក្រុមប្រឹក្សាអាហ្វតានៃប្រទេសជាសមាជិកអាស៊ាន និងអគ្គលេខាធិការអាស៊ាន។ កិច្ចប្រជុំ បានធ្វើការពិនិត្យ និងផ្លាស់ប្តូរយោបល់លើវឌ្ឍនភាពការងារនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន, កិច្ចសម្រួលពាណិជ្ជកម្ម និង ការធ្វើសមាហរណកម្មគយក្នុងក្របខណ្ឌអាស៊ាន ជាដើម។

ក្នុងប្រសាសន៍បើកកិច្ចប្រជុំរដ្ឋមន្រ្តីក្រុមប្រឹក្សាតំបន់ពាណិជ្ជកម្មសេរីអាស៊ានលើកទី៣៦, ឯកឧត្តម វង្សី វិស្សុត មានប្រសាសន៍ថា គិតចាប់តាំងពីការបង្កើតក្រុមប្រឹក្សាតំបន់ពាណិជ្ជកម្មសេរីអាស៊ានក្នុងឆ្នាំ១៩៩២, បណ្តា ប្រទេសជាសមាជិកសម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ដើម្បីសម្រេចបាននូវចក្ខុវិស័យរួមរបស់អាស៊ាន ក្នុង ការបង្កើតទីផ្សារ និងមូលដ្ឋានផលិតកម្មតែមួយ ការលើកកម្ពស់ភាពប្រកួតប្រជែងតំបន់ និងការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយសមធម៌ ព្រមទាំងការធ្វើសមាហរណកម្មពេញលេញទៅក្នុងពិភពលោក។ ជាក់ស្តែង អាស៊ានបានលុប បំបាតអាត្រាពន្ធគយប្រមាន ៩០%នៃបន្ទាត់ពន្ធសរុប និងមានការលុបបំបាតរបាំងមិនមែនពន្ធផងដែរ ដោយអនុលោមតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន (ATIGA) និងផែនការមេសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥ (AEC Blueprint 2025)។ ការធ្វើពាណិជ្ជកម្មអាស៊ានជាមួយបណ្តាប្រទេសនានាក្នុងពិភពលោកប្រមាណ ៣.៣ ទ្រីលាន ដុល្លារសហរដ្ឋអាមេរិក ដោយក្នុងនោះពាណិជ្ជកម្មរវាងសមាជិកអាស៊ានមានចំនួន ៧១២ ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២១ ដែលបានរួមចំណែកក្នុងកំណើនសេដ្ឋកិច្ចអាស៊ានប្រមាណ ៣ ភាគរយ ក្នុងឆ្នាំ ២០២១។

ឯកឧត្តមបានបន្តថា កម្ពុជាបានធ្វើជាប្រធានប្តូរវេនរបស់អាស៊ានក្នុងឆ្នាំ២០២២នេះ គឺចំពេលដែលពិភពលោក និងតំបន់ បាននិងកំពុងប្រឈមនឹងហានិភ័យ និងភាពមិនប្រាកដប្រជាជាច្រើន ដូចជា ការអូសបន្លាយនៃសង្គ្រាមអ៊ុយក្រែន, ការបន្តរីករាលដាលនៃជំងឺកូវីដបំប្លែងថ្មី និងបញ្ហាការកើនឡើងនៃអតិផរណា ព្រមទាំងភាពរអាក់រអួលនៃខ្សែចង្វាក់ផ្គត់ផ្គង់ និងផលិតជាដើម។ល។ ហានិភ័យ និងភាពមិនប្រាកដប្រជាទាំងនេះ បាននិងកំពុងបន្ថយល្បឿននៃដំណើរការស្តារសេដ្ឋកិច្ចឡើងវិញរបស់តំបន់។ ដូចនេះ ការអនុម័តប្រធានបទរបស់អាស៊ានឆ្នាំ២០២២ អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់ មានគោលបំណងលើកកម្ពស់កិច្ចខិតខំប្រឺងប្រែងរួមគ្នារបស់អាស៊ាន ដើម្បីសម្រេចកិច្ចការសំខាន់ៗរបស់តំបន់ ជាពិសេសការស្តារកំណើនសេដ្ឋកិច្ចតំបន់ និងពន្លឿនដំណើរការកសាងនៃសហគមន៍អាស៊ាន ប្រកបដោយសមធម៌ ភាពខ្លាំង និងបរិយាប័ន្ន។

កិច្ចប្រជុំរដ្ឋមន្រ្តីក្រុមប្រឹក្សាតំបន់ពាណិជ្ជកម្មសេរីអាស៊ានលើកទី៣៦ បានធ្វើការកត់សម្គាល់អំពីវឌ្ឍនភាពសំខាន់ៗពាក់ព័ន្ធនឹង ការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្មក្នុងតំបន់ តាមរយៈការពង្រីកការអនុវត្តការផ្លាស់ប្តូរឯកសារប្រតិវេទន៍គយអាស៊ាន (ACDD) និងឯកសារពាក់ព័ន្ធពាណិជ្ជកម្មដ៏ទៃទៀត តាមប្រព័ន្ធបញ្ជរតែមួយអាស៊ាន និងការអនុវត្តប្រព័ន្ធឆ្លងកាត់គយអាស៊ាន (ACTS) ក៏ដូចជាការធ្វើសមាហរណកម្មគយអាស៊ាន តាមរយៈការជំរុញការអនុវត្តយន្តការប្រតិបត្តិករសេដ្ឋកិច្ចដែលទទួលបានការអនុញ្ញាត (Authorised Economic Operator-AEO)។

ក្រៅពីនេះ, អង្គប្រជុំ ក៏បានកោតសរសើរចំពោះវឌ្ឍនភាពនៃការត្រៀមរៀបចំចរចាដំឡើងកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន ដើម្បីធានាបានថាកិច្ចព្រមព្រៀងនេះ នឹងមានលក្ខណៈទំនើប និងឆ្ពោះទៅមុខ ក៏ដូចជាឆ្លើយតបឱ្យបានកាន់តែប្រសើរឡើងទៅនឹងតម្រូវការ និងការអភិវឌ្ឍក្នុងតំបន់ និងសកលលោក។ កិច្ចប្រជុំលើកទី ១ របស់គណៈកម្មាធិការចរចាពាណិជ្ជកម្មនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន គ្រោងនឹងប្រព្រឹត្តទៅនៅដំណាច់ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ។

ជាទិសដៅទៅមុខ, អង្គប្រជុំ បានទទួលស្គាល់អំពីការសារៈសំខាន់នៃការបន្តនូវកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតរបស់អាស៊ាន ក្នុងការអនុវត្តផែនការសកម្មភាព និងគំនិតផ្តួចផ្តើមនានាដែលបានដាក់ចេញឱ្យមានប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា សំដៅដោះស្រាយក្តីកង្វល់ និងបញ្ហាប្រឈមរួមចំពោះមុខ ក៏ដូចជាចាប់យកនូវកាលានុវត្តភាពពីនិន្នាការវិវត្តថ្មីៗនៅក្នុងតំបន់ និងសកលលោក ដូចជា បរិវត្តកម្មឧស្សាហកម្ម, ឌីជីថលូបនីយកម្ម, សេដ្ឋកិច្ចចក្រា និងកំណើនបៃតង ដើម្បីជំរុញរបៀបវារៈនៃការធ្វើសមាហរណកម្ម សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្នក្នុងតំបន់។

ជាកិច្ចបញ្ចប់, ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការប្រចាំការ និងជារដ្ឋមន្រ្តីក្រុមប្រឹក្សាអាហ្វតារបស់កម្ពុជា ប្រធានអង្គប្រជុំបានសំដែងនូវអំណរគុណចំពោះបណ្តារដ្ឋមន្ត្រីក្រុមប្រឹក្សាអាហ្វតា និងអគ្គលេខាធិការអាស៊ាន ដែលបានផ្តល់ការគាំទ្រដល់ការធ្វើជាប្រធានអាស៊ានរបស់កម្ពុជាក្នុងឆ្នាំ ២០២២ នេះ និងបានចូលរួមមតិយោបល់យ៉ាងផុសផុលក្នុងកិច្ចពិភាក្សាដែលនាំឱ្យកិច្ចប្រជុំរដ្ឋមន្រ្តីក្រុមប្រឹក្សាតំបន់ពាណិជ្ជកម្មសេរីអាស៊ានលើកទី៣៦ ប្រព្រឹត្តទៅដោយជោគជ័យ និងទទួលបានផ្លែផ្កាដូចបានគ្រោងទុក។

Footer ads TVK