Fix Banner Stand
Fix Banner Stand
Footer ads TVK

ឯកឧត្តម ប៉ាន សូរស័ក្តិ ទទួលជួបពិភាក្សាការងារជាមួយ លោក ចូអុក លី ប្រធានកម្មវិធីតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងជាសមាជិកនៃគណៈកម្មការប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក ​(WEF)

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយ លោក ចូអុក លី (Joo-Ok Lee) ប្រធានកម្មវិធីតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងជាសមាជិកនៃគណៈកម្មការប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក ​(WEF)

(សៀមរាប)៖ កាលពីរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ សណ្ឋាគារផាកហៃយ៉ាត ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ លោក ចូអុក លី (Joo-Ok Lee) ប្រធានកម្មវិធីតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងជាសមាជិកនៃគណៈកម្មការប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក ​(WEF)។

ជាកិច្ចចាប់ផ្តើម លោក ចូអុក លី (Joo-Ok Lee) បានសម្ដែងនូវក្ដីសោមនស្សរីករាយចំពោះ ឯកឧត្តមរដ្ឋមន្ដ្រី​ ដែលចំណាយពេលវេលាដ៏មមាញឹកក្នុងអំឡុងកិច្ចប្រជុំរដ្ឋមន្ដ្រីសេដ្ឋកិច្ចអាស៊ាន ទទួលជួបរូបលោក និងសហការី។ លោក ចូអុក លី បានគោរពជម្រាបជូន ឯកឧត្ដមរដ្ឋមន្ដ្រី អំពីសារសំខាន់នៃការចូលរួម និងចែករំលែកនូវសារសំខាន់ៗរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រីកម្ពុជា កាលពីកិច្ចប្រជុំប្រចាំឆ្នាំ២០២២ របស់ WEF នៅទីក្រុងដាវ៉ូស-ក្លូស្ទ័រ នាខែឧសភា កន្លងទៅ។ ក៏ប៉ុន្ដែ លោក ចូអុក លី សម្ដែងនូវការសោកស្ដាយដែលសម្ដេចតេជោនាយករដ្ឋមន្ដ្រី មិនអាចអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២៣ របស់ WEF នៅខែមករា ឆ្នាំ២០២៣ ដោយសារមានភាពមមាញឹកច្រើននៅឆ្នាំ២០២៣ ខាងមុខនេះ​។ ទោះជាយ៉ាងណាក៏ដោយ លោកសង្ឃឹមថា សម្ដេចតេជោនាយករដ្ឋមន្ដ្រី នឹងអាចអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់ WEF នាឱកាសក្រោយៗទៀត។ ឆ្លៀតក្នុងឱកាសនោះ លោក ចូអុក លី បានគោរពជូន ឯកឧត្តមរដ្ឋមន្ដ្រី ដោយផ្ទាល់នូវលិខិតអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២៣ របស់ WEF។

លោក ចូអុក លី បានបន្ដលើកឡើងអំពី ទស្សនកិច្ចរបស់លោកសាស្ត្រាចារ្យ ក្លូស ឆ្វាប់ ស្ថាបនិកនិងជាប្រធានប្រតិបត្តិនៃអង្គការ WEF មកប្រទេសកម្ពុជានៅខែវិច្ឆិកា ខាងមុខនេះ ដោយលោកសាស្ដ្រាចារ្យ នឹងអញ្ជើញមកចូលរួមក្នុងកិច្ចសន្ទនាសកលស្តីពីអាស៊ាន លើកទី ២។ លោកបានបន្ដថា WEF មានគោលបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន និងកម្ពុជា ឱ្យកាន់តែរឹងមាំជាមុន។ 

ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្ដ្រី បានថ្លែងអំណរគុណដល់តំណាង WEF ដែលបានរាយការណ៍នូវសកម្មភាព និងគម្រោងទស្សនកិច្ចរបស់លោកសាស្ដ្រាចារ្យ មកប្រទេសកម្ពុជា នៅខែវិច្ឆិកាខាងមុខនេះ​​​។ ឯកឧត្ដមរដ្ឋមន្ដ្រី បានជម្រាបជូនថា ក្រសួងពាណិជ្ជកម្ម ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា​ ស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការអន្ដរជាតិជាមួយ WEF និងដំណើរទស្សនកិច្ចរបស់លោកសាស្ដ្រាចារ្យ មកប្រទេសកម្ពុជា នាពេលខាងមុខ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនជាសង្ខេបពីគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្របខ័ណ្ឌច្បាប់នានា ដូចជា ច្បាប់ស្ដីពីពាណិជ្ជកម្មអេឡិចត្រូនិក ច្បាប់ស្ដីពីសុវត្ថភាពចំណីអាហារ ច្បាប់ស្ដីពីវិនិយោគ និងច្បាប់មួយចំនួនទៀត ដែលគាំទ្រដល់ការធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ប្រកបដោយភាពប្រកួតប្រជែងខ្ពស់ ដើម្បីឈានដល់ការសម្រេចគោលដៅក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា កម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំរដ្ឋមន្ដ្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធនៅ នៅថ្ងៃទី១១-១៨ ខែកញ្ញា ឆ្នាំ២០២២ នៅខេត្តសៀមរាបផងដែរ។ ឯកឧត្តមរដ្ឋមន្ដ្រី បានបញ្ជាក់ជូនថា ក្រសួងពាណិជ្ជកម្ម ក៏ដូចរាជរដ្ឋាភិបាលកម្ពុជា ស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការអន្ដរជាតិជាមួយ WEF និងស្ថាប័នអន្ដរជាតិផ្សេងៗទៀត ក្នុងការគាំទ្រនិងជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា និងតំបន់។

ជាកិច្ចបញ្ចប់ លោក ចូអុក លី​ បានថ្លែងអំណរគុណជូនចំពោះ ឯកឧត្តមរដ្ឋមន្ដ្រីសារជាថ្មីម្ដងទៀត ដែលបានទទួលជួបតំណាង WEF និងផ្តល់កិច្ចប្រតិបត្តិការនាពេលកន្លងមក៕

Footer ads TVK