Fix Banner Stand
Fix Banner Stand
Footer ads TVK

ឯកឧត្តមបណ្ឌិត ញឹម វណ្ណដា ប្រកាសជួយសាងសង់ទីលានបាល់ទាត់ជូនវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ពារាំង

ឯកឧត្តមបណ្ឌិត ញឹម វណ្ណដា ប្រកាសជួយសាងសង់ទីលានបាល់ទាត់ជូនវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ពារាំង

  ឆ្លើយតបទៅនឹងសំណូមពររបស់លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស ឯកឧត្តមបណ្ឌិត ញឹម វណ្ណដា ទេសរដ្ឋមន្ត្រី ទីប្រឹក្សារាជរដ្ឋាភិបាល បានប្រកាសជួយសាងសង់ទីលានបាល់ទាត់ជូនវិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន ពារាំង ដែលស្ថិតក្នុងឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង នាឱកាសដែលឯកឧត្តម អញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យមួយនេះ រួមទាំងមាតា បិតា អាណា ព្យាបាលសិស្សផងដែរ កាលពីរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២។

  បើតាមលោក អន កៀង នាយកវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ពារាំង បានអោយដឹងថា ទីលានបាល់ទាត់មួយនេះនឹងត្រូវចំណាយថវិកាក្នុងការស្ថាបនាអស់ប្រមាណ ១ម៉ឺន ៦ពាន់ ៥០០ ដុល្លារ អាមេរិក។ លោកថា ទីលានបាល់ទាត់នេះក្រោយការស្ថាបនារួចរាល់ វាមានតួនាទីសំខាន់ណាស់សម្រាប់ ការហ្វឹកហាត់ និងការប្រកួតរបស់សិស្ស ដែលវានឹងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យកីឡានៅ ក្នុងវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ពារាំង ជាពិសេសផ្នែកកីឡាបាល់ទាត់នេះតែម្តង។

  ឆ្លៀតក្នុងឱកាសនេះ ជួសមុខអោយមាតា បិតា អាណាព្យាបាលសិស្ស លោកគ្រូ អ្នកគ្រូ និង អាជ្ញាធរដែនដី លោក អន កៀង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្ត្រី ញឹម វណ្ណដា ដែលកន្លងមកបានចំណាយធនធានផ្ទាល់ខ្លួនសន្ធឹកសន្ធាប់ក្នុងការស្ថាបនា វិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ពារាំងនេះឡើង ដែលពីមុនមានឈ្មោះថា វិទ្យាល័យ ញឹម វណ្ណដា ពារាំងមុនពេលប្តូរមកដាក់ឈ្មោះថា វិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ពារាំងវិញនោះ។

    មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្ត្រី ញឹម វណ្ណដា បានគូសបញ្ជាក់ថា វិស័យអប់រំ គឺជាវិស័យអាទិ៍ភាពរខ្ពស់របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋ មន្ត្រី ព្រោះថា ការអប់រំ គឺជាការកសាងឡើងនូវធនធានមនុស្ស ដែលធនធានមនុស្សនេះនឹងត្រូវយកមក ប្រើប្រាស់សម្រាប់ការកសាង និងអភិវឌ្ឍប្រទេសជាតិ បើប្រទេសជាតិមួយគ្មានធនធានមនុស្ស ពោលគឺ គ្មានអ្នកចេះដឹងគ្រប់គ្រាន់ទេ ប្រទេសជាតិមួយនោះមិនអាចរីកចំរើនបានទេ។ អញ្ចឹងហើយបានជាប្រមុខ រាជរដ្ឋាភិបាលសម្រេចកសាងសាលារៀនអោយបាននៅទូទាំងប្រទេស ដើម្បីផ្តល់ជាកន្លែងសម្រាប់ការ សិក្សារៀនសូត្ររបស់កូនចៅប្រជាពលរដ្ឋយើងតាំងពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ឧត្តមសិក្សា។

  ឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្ត្រី មានប្រសាសន៍បន្តថា សម័យសព្វថ្ងៃនេះ សាលារៀនបានពង្រាយ នៅទូទាំងប្រទេស។ ការកសាងសាលារៀនដ៏ច្រើនបែបនេះ ក្នុងគោលបំណងតែមួយគត់ គឺបង្ខិតវាអោយ នៅជិតបំផុតនឹងកូនចៅរបស់បងប្អូនប្រជាជនយើង មានន័យថា សាលារៀននៅជិតបង្កើយ ដែលឪពុក ម្តាយ ឬអាណាព្យាបាលគួរតែអោយកូនចៅខ្លួនចូលរៀនអោយបានគ្រប់ៗគ្នា។ ជាមួយគ្នានេះ ឯកឧត្តមក៏ បានលើកឡើងអំពីសារសំខាន់នៃការអភិវឌ្ឍវិស័យកីឡា ជាពិសេសការផ្តោតទៅលើយុវវ័យ ដែលជាសិស្ស និស្សិតកំពុងសិក្សា ព្រោះយុវវ័យមានចំនួនច្រើន នៅក្មេង និងមានកម្លាំងកំហែងគ្រប់គ្រាន់ក្នុងការហ្វឹក ហាត់ និងលេងកីឡា ខណៈដែលប្រទេសកម្ពុជាយើងបានទទួលធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតកីឡាសុីហ្គែម នៅឆ្នាំ២០២៣ ខាងមុខផងនោះ ការអភិវឌ្ឍកីឡាអោយមានការឈានឡើងគឺកាន់រឹតតែសំខាន់ទៅទៀត ដែលកិច្ចការមួយនេះយើងមិនអាចស្ទាក់ស្ទើរក្នុងការយកចិត្តទុកដាក់បានឡើយ៕

 

Footer ads TVK