Fix Banner Stand
Fix Banner Stand
Footer ads TVK

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គរំលឹកឡើងវិញស្ដីពី តួនាទី និង របៀបរបបការងាររបស់ គ.ក.ស.ក ខេត្ត ក្រុង-ស្រុក

មណ្ឌលគិរី ÷ នាព្រឹកថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០២២ គណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្ត្រីនិងកុមារ ខេត្តមណ្ឌលគិរី បានបើកវគ្គរំលឹកឡើងវិញស្ដីពីតួនាទី និង របៀបរបបការងាររបស់គ.ក.ស.ក ខេត្ត ក្រុង-ស្រុក ក្រោមអធិបតីភាពឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ ខៀវ ប៊ុនលីន សមាជិកក្រុមប្រឹក្សាខេត្ត និង ជាប្រធាន គ.ក.ស.កខេត្ត លោកស្រី វិន ស៊ីធួន អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ប្រធានគ.ក.ស.ក ក្រុង-ស្រុក ដែលកម្មវិធីនេះ ធ្វើឡើងនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី ។

ឯកឧត្តម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់អាទិភាពដល់ការអនុវត្តកំណែទម្រង់ប្រជាធិបតេយ្យនៅតាមមូលដ្ឋាន ដោយមានការចូលរួមពីប្រជាពលរដ្ឋដើម្បីលើកកម្ពស់គុណភាពសេវាសាធារណៈ ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ ក្នុងគោលដៅលើកស្ទួយគុណភាពនៃជីវិត និងការចូលរួមកាត់បន្ថយភាពក្រីក្រប្រកបដោយប្រសិទ្ធភាព ។

ដោយផ្អែកតាមច្បាប់ស្ដីពីការគ្រប់គ្រងរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នឹងបានបង្កើតឲ្យមានក្រុមប្រឹក្សានៃរដ្ឋបាលនីមួយៗ ព្រមទាំងគណៈកម្មាធិការកាតព្វកិច្ចចំនួន ៣ ក្នុងនោះគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និង កុមារ គឺជាគណៈកម្មការមួយដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់យោបល់និងលើកជាអនុសាសន៍ជូនក្រុមប្រឹក្សា គណៈអភិបាល និងគណៈកម្មាធិការដទៃទៀតរបស់ក្រុមប្រឹក្សាខេត្ត លើបញ្ហាពាក់ព័ន្ធនិងសមភាពយេនឌ័រ បញ្ហាស្ត្រី កុមារយុវវ័យ ជនងាយរងគ្រោះ ដើម្បីធ្វើឲ្យសម្រេចបាននូវសមភាពយេនឌ័រនិងការផ្ដល់សេវាផ្សេងៗដែលពាក់ព័ន្ធនិងយេនឌ័រ ព្រមទាំងការងារសេវាសង្គមនានា ។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានលើកទឹកចិត្តដល់អ្នកចូលរួមវគ្គបណ្ដុះបណ្ដាលនេះ ត្រូវខិតខំរៀនសូត្រយកចំណេះដឹងទៅបំពេញបន្ថែមការអនុវត្តឲ្យបានសម្រេចគោលដៅ និងបន្តផ្ដល់ការគាំទ្រដល់គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និង កុមារឃុំ-សង្កាត់ ៕

Footer ads TVK