Fix Banner Stand
Fix Banner Stand
Footer ads TVK

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ កម្ពុជាកំពុងរៀបចំសេចក្តីព្រាងច្បាប់ថវិកាសម្រាប់ឆ្នាំ ២០២៣ និងក្នុងបរិការណ៍នៃភាពមិនប្រាកដប្រជាកាន់តែខ្លាំង នៃសេដ្ឋកិច្ចសកលលោក

កាលពីរសៀលថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២២ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលការចូលជួបពិភាក្សាការងាជាមួយក្រុមបេសកកម្ម Article IV នៃមូលនិធិរូបិយវត្ថុអន្តរជាតិ ដែលដឹកនាំដោយលោក Alasdair Scott ប្រធានក្រុមបេសកកម្ម និងមានការចូលរួមដោយលោក Yasuhisa Ojima តំណាងមូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំនៅកម្ពុជា ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់អំពីសារៈសំខាន់នៃបេសកកម្ម Article IV នៃមូលនិធិរូបិយវត្ថុអន្តរជាតិ នាពេលនេះ ដែលនឹងមកពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាអំពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា ខណៈដែលកម្ពុជាកំពុងរៀបចំសេចក្តីព្រាងច្បាប់ថវិកាសម្រាប់ឆ្នាំ ២០២៣ និងក្នុងបរិការណ៍នៃភាពមិនប្រាកដប្រជាកាន់តែខ្លាំង នៃសេដ្ឋកិច្ចសកលលោក ដែលបង្កឡើងដោយភាពមិនអំណោយផលនៃកត្តាភូមិសាស្រ្តនយោបាយ និងវិបត្តិសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ដែលបាន និងកំពុងបង្កផលប៉ះពាល់ដោយផ្ទាល់ និងប្រយោល ។

លោក Alasdair Scott ប្រធានក្រុមបេសកកម្ម ក៏បានលើកឡើងពីភាពមិនប្រាកដប្រជា និងហានិភ័យកាន់តែខ្ពស់នៃសេដ្ឋកិច្ចសកល និងបានបង្ហាញពីការព្រួយបារម្ភមួយចំនួនមកលើទស្សនវិស័យសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២៣ ដែលបណ្តាលមកពីបញ្ហាប្រឈម និងហានិភ័យចម្បងៗ រួមមាន៖ ការបន្តកើនឡើងនូវសម្ពាធអតិផរណា, ការរឹតបន្តឹងលឿនជាងការរំពឹងទុកនៃគោលនយោបាយរូបិយវត្ថុ , និងការថមថយសេដ្ឋកិច្ចរបស់ប្រទេសចិន ដែលជាបច្ច័យអវិជ្ជមានលើសកម្មភាពសេដ្ឋកិច្ចសកល ជាពិសេស ប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗ របស់កម្ពុជា ។ លោក Alasdair Scott ក៏បានលើកឡើងពីតម្រូវការនៃការចែករំលែកទនិ្នន័យ សម្រាប់ជាធាតុចូលក្នុងការគណនាការផ្លាស់ប្តូរឆ្នាំគោលថ្មីសម្រាប់គណនេយ្យជាតិ និងពង្រឹងគុណភាពប្រព័ន្ធស្ថិតិ ។ បន្ថែមពីនេះ បន្ទាប់ពី IMF បានធ្វើការពិនិត្យរួចមក (peer review), ការគណនាផ.ស.ស ដោយប្រើឆ្នាំគោលថ្មី ដែលរៀបចំដោយវិទ្យាស្ថានជាតិស្ថិតិនេះ ជារួមគឺអាចទទួលយកបាន ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានលើកឡើងពីសារៈសំខាន់នៃការចែករំលែកទិន្នន័យ សម្រាប់ការវិភាគ និងបានបញ្ជាក់ពីការប្តេជ្ញារបស់រាជរដ្ឋាភិបាលក្នុងការរៀបចំបង្កើតប្រព័ន្ធរួមមួយសម្រាប់ផ្លាស់ប្តូរទិន្នន័យពន្ធ និងស្ថិតិជាតិ និងបានសម្តែងនូវការអរគុណចំពោះ IMF សម្រាប់ការជួយពិនិត្យ និងផ្តល់យោបល់លើកិច្ចការកែសម្រួលគណនីជាតិថ្មី ការកសាងសមត្ថភាពមន្រ្តីក្នុងការវិភាគ និងព្យាករសេដ្ឋកិច្ចលើមូលដ្ឋានថ្មីសម្រាប់កម្ពុជា ផងដែរ ។ ជាមួយគ្នានេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ដល់មូលនិធិរូបិយវត្ថុអន្តរជាតិ ដែលបានបន្តផ្តល់ជាជំនួយបច្ចេកទេស និងការបណ្តុះបណ្តាលដល់ស្ថាប័ននានា ជាពិសេស មន្រ្តីនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំង ការវាយតម្លៃលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងការអនុវត្តគោលនយោបាយហិរញ្ញវត្ថុសាធារណៈ ក៏ដូចជាការផ្តល់អនុសាសន៍ល្អៗសម្រាប់ការរៀបចំគោលនយោបាយនានា កន្លងមក និងបានជូនពរក្រុមការងារឱ្យទទួលបានជោគជ័យ និងផ្លែផ្កា ស ម្រាប់ការបំពេញបេសកកម្មការងារក្នុងឆ្នាំ ២០២២ នេះ ។

Footer ads TVK