Fix Banner Stand
Fix Banner Stand
Footer ads TVK

ប្រធានវិទ្យាស្ថានយុទ្ធសាស្រ្ត KSI អាស៊ីប៉ាស៊ីហ្វីក អបអរសាទរជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលកំពុងទទួលបានជោគជ័យក្នុងការដឹកនាំអាស៊ាន ក្នុងនាមជាប្រធានអាស៊ាន

នៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្រ្តី ព្រឹកថ្ងៃទី៨កញ្ញា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ លោក Tan Sri Michael Yeoh ប្រធានវិទ្យាស្ថានយុទ្ធសាស្រ្ត KSI អាស៊ីប៉ាស៊ីហ្វីក ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។ លោក Tan Sri Michael Yeoh មានប្រសាសន៍សំដែងនូវការអបអរសាទរជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលកំពុងទទួលបានជោគជ័យក្នុងការដឹកនាំអាស៊ាន ក្នុងនាមជាប្រធានអាស៊ាន និងទទួលបានជោគជ័យក្នុងការដឹកនាំកម្ពុជា ទទួលបានសុខសន្តិភាព និងស្ថេរភាពនយោបាយ ធ្វើឲ្យកម្ពុជាក្លាយជាកន្លែងទាក់ទាញប្រកបដោយសក្តានុពលសម្រាប់ការវិនិយោគ ដែលជាកត្តានាំឲ្យកម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។

លោក Tan Sri Michael Yeoh មានប្រសាសន៍ជំរាបជូនសម្តេចតេជោបន្តថា បំណងរបស់លោកមកកាន់កម្ពុជានៅពេលនេះ គឺទី១-គោរពសុំការគាំទ្រ និងអនុញ្ញាតចាប់ផ្ដើមដំណើរការក្លឹបសេដ្ឋកិច្ចអាស៊ាន ដែលមានទិសដៅជាចម្បង គឺចូលរួមចំណែកជួយផ្ដល់ធាតុចូលដល់អាស៊ាន ជាស្ពានរវាងអាស៊ាន និងស្ថាប័ន និងវិស័យផ្សេងៗ ទី២- សុំការគាំទ្រ លើគំនិតផ្ដួចផ្ដើមឱ្យមានតំបន់សេដ្ឋកិច្ចបៃតងនៅកម្ពុជា និងការបង្កើតមូលនិធិអភិវឌ្ឍន៍កម្ពុជា ដែលមូលនិធិនេះ សម្រាប់ការអភិវឌ្ឍធនធានមនុស្ស ជាពិសេស លើវិស័យអាយធី (IT) បញ្ញាសិប្បនិមិត្ត ។

ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ស្វាគមន៍ និងគាំទ្រលើការបង្កើត និងចាប់ផ្ដើមដំណើរការរបស់ក្លឹបសេដ្ឋកិច្ចអាស៊ាន ។ សម្ដេច បានផ្ដល់អនុសាសន៍ថា អ្វីដែលក្លឹបសេដ្ឋកិច្ចអាស៊ានចង់ធ្វើ គួរពិចារណាចូលរួមចំណែកលើការពិនិត្យ វាយតម្លៃ និងផ្ដល់ធាតុចូលដល់អាស៊ានផង និងផ្សព្វផ្សាយលទ្ធផលការងាររបស់អាស៊ានផង។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានគាំទ្រកិច្ចផ្ដួចផ្ដើមបង្កើតមូលនិធិអភិវឌ្ឍន៍កម្ពុជាផងដែរ។ ដោយឡែកចំពោះគំនិតផ្ដួចផ្ដើម ឱ្យមានតំបន់សេដ្ឋកិច្ចបៃតង សម្ដេចតេជោ ហ៊ុណ សែន មានប្រសាសន៍ថា គំនិតនេះគឺស្ថិតនៅក្នុងសំណើររបស់កម្ពុជា លើកទៅអាស៊ានកន្លងមក នោះគឺសំណើឱ្យមានកិច្ចព្រមព្រៀងបៃតងអាស៊ាន។

ដោយ:ទទក

 

 

Footer ads TVK