Fix Banner Stand
Fix Banner Stand
Footer ads TVK

ស្រុកខ្មែរយើងជាប្រទេសកសិកម្ម យើងមានម្ហូបអាហារច្រើនប្រភេទ រួមទាំងបន្លែផ្លែឈើសព្វបែបយ៉ាងទាំងអស់ ហេតុអ្វីយើងមិនហូបរបស់ដែលមានគុណភាព បែរជាទៅហូប សាច់សត្វព្រៃទៅវិញ!

យោងតាមការបញ្ជាក់របស់ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី តាមរយៈអត្ថបទរបស់ទីភ្នាក់ AKP នៃក្រសួងព័ត៌មាន បានបញ្ជាក់ថានៅទូទាំងប្រទេសកម្ពុជាសម្បូរទៅដោយការចិញ្ចឹមសត្វដូចជាជ្រូក គោ ក្របី មាន់ ទា ដើម្បីយកសាច់ផ្គត់ផ្គង់ជាចំណីអាហារ ដូចនេះមិនគួរណាទៅសម្លាប់សត្វព្រៃ ដែលត្រូវបានការពារ និង អភិរក្ស ដើម្បីរក្សាលំនឹងបរិស្ថានធម្មជាតិ និងបម្រើឱ្យវិស័យអេកូទេសចរណ៍នោះទេ។ ថ្លែងនៅក្នុងអំឡុងពេលធ្វើយុទ្ធនាការអន្ទាក់សូន្យនៅខេត្តរតនគិរីកាលពីចុងសប្តាហ៍កន្លងទៅនេះ ឯកឧត្តម បានគូសបញ្ជាក់យ៉ាងដូច្នេះថា «…ស្រុកខ្មែរយើងជាប្រទេសកសិកម្ម។ យើងមានម្ហូបអាហារច្រើនប្រភេទ រួមទាំងបន្លែផ្លែឈើសព្វបែបយ៉ាងទាំងអស់ ហេតុអ្វីយើង មិនហូបរបស់យើងដែលមានគុណភាព។ ការហូបសាច់សត្វព្រៃនេះ បើពិនិត្យមែនទែនតាមវិទ្យាសាស្ត្រ យើងអត់ដឹងមានជំងឺអ្វីខ្លះទេ។ ជាក់ស្តែងកាលពីថ្មីៗនេះ អ្នកវិទ្យាសាស្ត្របានរកឃើញជំងឺឆ្លងជាច្រើនប្រភេទមានប្រភពពីសត្វព្រៃ ក្នុងនោះរាប់ទាំងជំងឺហេបូឡា ជំងឺកូវីដ-១៩ ជាដើម…»។ ឯកឧត្តមបានប្តេជ្ញាធ្វើជាគំរូក្នុងនាមជាថ្នាក់ដឹកនាំដោយមិនបរិភោគសាច់សត្វព្រៃ និងបានអំពាវនាវដល់អាជ្ញាធរ កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ បដិសេធចំពោះការទទួល ទានសាច់សត្វព្រៃ ព្រមទាំងអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់បញ្ឈប់ការបរបាញ់ និងដាក់ អន្ទាក់នៅក្នុងព្រៃធម្មជាតិដើម្បីចាប់យកសត្វព្រៃ ខណៈបរិមាណសត្វព្រៃរបស់កម្ពុជា ក្នុងនោះរាប់ទាំងពពួកសត្វកម្រផងដែរ កំពុងមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់។ ឯកឧត្តម បានឱ្យដឹងថាសត្វព្រៃមានដូចជា សត្វខ្លា ដំរី ខ្ទីង ទន្សោង និងប្រើស ជាដើម ដែលមាននៅក្នុង តំបន់ការពារធម្មជាតិក្នុងខេត្តរតនគិរី បានរងការគំរាមកំហែងពីការបរបាញ់ ការដាក់អន្ទាក់ និង បានធ្វើឱ្យចំនួនរបស់ពួកវាធ្លាក់ចុះគួរឱ្យព្រួយបារម្ភ។ ចំណែកឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានដឹកនាំយុទ្ធនាការអន្ទាក់សូន្យ បានអំពាវនាវឱ្យមានការរួមគ្នាពីគ្រប់ភាគីពាក់ព័ន្ធ បន្តកិច្ចខិតខំប្រឹងប្រែងបន្តទៀត ដើម្បីបញ្ចប់វិបត្តិអន្ទាក់ និងស្នើសុំអ្នកនិយមហូបសាច់សត្វព្រៃ បញ្ឈប់ការហូបសាច់សត្វព្រៃ និងចូលរួម ការពារអភិរក្សសត្វព្រៃ។ ឯកឧត្តម មានប្រសាសន៍ថា «សត្វព្រៃបានដើរតួនាទីសំខាន់ក្នុងការធានានិរន្តរភាពប្រព័ន្ធអេកូឡូស៊ី ហើយការបាត់បង់សត្វព្រៃនិងជីវៈចម្រុះ នឹងធ្វើឱ្យប៉ះពាល់ ដល់លំនឹងប្រព័ន្ធអេកូឡូស៊ី។ លើសពីនេះ សត្វព្រៃជាសក្តានុពលយ៉ាងសំខាន់ ក្នុងការជំរុញ ទេសចរណ៍ធម្មជាតិ ដែលជាយន្តការក្នុងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន បង្កើតមុខរបរ និងបង្កើត ចំណូលជូនពលរដ្ឋ» ហើយការបរិភោគសាច់សត្វព្រៃគឺជាកត្តាជំរុញធ្វើឱ្យមានការដាក់អន្ទាក់និងការជួញដូរសត្វព្រៃដែលនាំទៅរកភាពហិនហោចនៃពូជសត្វព្រៃដ៏កម្រនៅក្នុងប្រទេសជាតិយើង៕

Footer ads TVK