Fix Banner Stand
Fix Banner Stand
Footer ads TVK

ក្រសួងមុខងារសាធារណៈនឹងបោះពុម្ពអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលថ្មីតាមបែបបច្ចេកវិទ្យាទំនើប

កន្លងទៅថ្មីៗនេះក្រសួងមុខងារសាធារណៈបានចេញសេចក្តីជូនដំណឹងស្តីពីការបោះពុម្ពអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលនៅតាមក្រសួង-ស្ថាប័ននៃរដ្ឋបាលថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិដើម្បីឲ្យកាន់តែមានភាពងាយស្រួលក្នុងការប្រើប្រាស់ជាផ្លូវការផង និង សម្រាប់សំគាល់អត្តសញ្ញាណប័ណ្ណផង។

យោងតាមការបញ្ជាក់របស់ក្រសួងបានឲ្យដឹងថាក្រោយពីទទួលបាននូវគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងមុខងារសាធារណៈ នឹងធ្វើការរៀបចំបោះពុម្ពឡើងវិញនូវអត្តសញ្ញាណប័ណ្ណសម្គាល់ខ្លួនរបស់មន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជាសម្រាប់ការប្រើប្រាស់ជាផ្លូវការ។ដោយកន្លងមកអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការ ត្រូវបានបោះពុម្ព និងផ្តល់ជូនមន្ត្រីរាជការស៊ីវិលប្រើប្រាស់ជាផ្លូវការមកដល់ឆ្នាំ ២០១៥ ប៉ុន្តែត្រូវបានអាក់ខានរហូតមកដល់សព្វថ្ងៃនេះ។ ហើយសម្រាប់ការរៀបចំបោះពុម្ពឡើងវិញនៅពេលខាងមុខនេះ ដោយផ្អែកលើការវិវត្តជឿនលឿននៃបច្ចេកវិទ្យា ស្របតាមប្រក្រតីភាពថ្មីនៃបរិបទកូវីដ-១៩ ក្រសួងមុខងារសាធារណៈ បានរៀបចំបោះពុម្ពនិងផ្តល់ជូននូវអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលក្នុងទម្រង់ថ្មី ជាប្រភេទ “ស្មាត កាត” (Smart Card) ដែលអាចអនុញ្ញាតឱ្យមន្រ្តីរាជការប្រើប្រាស់ជាប័ណ្ណសម្គាល់ខ្លួនផង ជាប័ណ្ណអេធីអឹម (ATM) សម្រាប់ដកប្រាក់បៀវត្សពីធនាគារដៃគូផង និងអាចប្រើប្រាស់ជាមធ្យោបាយសម្រាប់មុខងារចាំបាច់ដទៃទៀតដែរ។ ទន្ទឹមនោះ ដោយមានការសម្របសម្រួលនិងការគាំទ្រពីដៃគូសហការរបស់រដ្ឋ ការចំណាយលើការបោះពុម្ពអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលប្រភេទថ្មីនេះ ត្រូវបានរ៉ាប់រងដោយធនាគារឯកជន ហើយពុំតម្រូវឱ្យម្ចាស់ប័ណ្ណបង់ថ្លៃឡើយ។  សូមបញ្ជាក់ថាគំរូនៃអត្តសញ្ញាណប័ណ្ណមន្រ្តីរាជការស៊ីវិលផ្ទៃខាងមុខដូចជាអក្សរទម្រង់ បាវចនាជាតិ ទង់ជាតិកម្ពុជា Logo រាជរដ្ឋាភិបាល មានលេខកូដគណនេយ្យ១៦ខ្ទង់នៃធនាគារដៃគូ និង Logo ធនាគារដៃគូ និង ថ្ងៃផុតកំណត់ប្រើប្រាស់។ ចំណែកផ្នែកខាងក្រោយមាន គោតតនាម និង នាមខ្លួន , ថ្ងៃខែឆ្នាំកំណើត, អត្តលេខមន្រ្តីរាជការ, លេខអត្តសញ្ញាណប័ណ្ណ អាស័យដ្ឋានបច្ចុប្បន្ន , ក្រសួងឬស្ថានប័ន និង QR សម្រាប់ស្កេន និង ថ្ងៃផុតកំណត់ជា      ដើម៕

សម្រួលអត្ថបទ៖ សុផារិន្ទ

Footer ads TVK