Fix Banner Stand
Fix Banner Stand
Footer ads TVK

អាស៊ានព្រួយបារម្ភពីការគម្រាមកំហែង ដល់បេតិកភណ្ឌ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ !

កម្ពុជាធ្វើជាម្ចាស់ផ្ទះសន្និសីទអន្ដរជាតិ ស្ដីពីការការពារ និងទប់ស្កាត់ការជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់អាស៊ាន ដោយសហការជាមួយអង្គការ Antiquities Coalition នៅសហរដ្ឋ អាមេរិក ខណ:ដែលអាស៊ានសម្ដែងការព្រួយបារម្ភពីការគម្រាមកំហែង នៃការជួញដូរសម្បត្ដិបេតិកភណ្ឌ នៅតំបន់អាស៊ីអាគ្នេយ៍។សន្នីសិទនេះធ្វើឡើងនៅខេត្ដសៀមរាបចាប់ពីថ្ងៃទី៥-៨ ខែកញ្ញា ឆ្នាំ២០២២នេះ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន បានឱ្យដឹងថា សន្និសីទនេះផ្ដោតសំខាន់លើការការពារ និងការទប់ស្កាត់អំពើជួញដូរសម្បត្តិវប្បធម៌ដោយខុសច្បាប់៖អាស៊ាន ដែលកំពុងគម្រាមកំហែងដល់បេតិកភណ្ឌដ៏សម្បូរបែប ក្នុងតំបន់អាស៊ីអាគ្នេយ៍ សហគមន៍ និងសេដ្ឋកិច្ចជាតិ ដែលជាបញ្ហាសំខាន់ចំពោះប្រជាជននៅអាស៊ីអាគ្នេយ៍។ សេចក្ដីប្រកាសព័ត៌មានដដែល បានបន្ដថា ក្រុមអ្នកជំនាញចម្រុះ រួមគ្នារៀបចំបង្កើតនូវវិធានការជាក់លាក់មួយ ដើម្បីការពារកេរមរតកក្នុងបតំបន់សម្រាប់មនុស្សជំនាន់ក្រោយ និងស្វែងរកមកវិញនូវរតនសម្បត្តិជាតិសម្រាប់អាស៊ាន។ អាស៊ាន បានដើរតួនាទីជាកាតាលីករដ៏សំខាន់ ដែលជំរុញឱ្យសារមន្ទីរ និងអ្នកប្រមូលសមុច្ច័យឯកជននានា ពិចារណាឡើងវិញនូវការប្រមូល និងការទិញ ឬការទទួលយកវត្ថុបុរាណត្រឡប់មកវិញ។ សេចក្ដីប្រកាសដដែល បានបន្ថែមថា បច្ចុប្បន្ន កម្ពុជាកំពុងធ្វើយុទ្ធនាការសកល ដើម្បីស្វែងរកមកវិញនូវរតនសម្បត្តិជាតិរបស់ខ្លួន។ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: នឹងធ្វើជាប្រធាន នៃកិច្ចប្រជុំពេញអង្គអន្តរជាតិ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីវប្បធម៌ មកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន)។ វេទិកាជាប្រវត្តិសាស្ត្រនេះ នឹងផ្ដល់ឱកាសក្នុងការ ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នាកាន់តែប្រសើរថែមទៀតរវាងប្រទេសសមាជិកអាស៊ាន និងប្រទេសជាដៃគូអន្តរជាតិសំខាន់ៗ មកពីអាស៊ី អឺរ៉ុប និងសហរដ្ឋអាមេរិក ដើម្បីពិភាក្សាលើមធ្យោបាយនានា ក្នុងក្របខណ្ឌអាស៊ាន សំដៅទប់ទល់នឹងបញ្ហាឆ្លងកាត់ព្រំដែននេះ។
បើតាមសេចក្ដីប្រកាសព័ត៌មាន ក្នុងអំឡុងសង្គ្រាមច្រើនទសវត្សរ៍កន្លងមក សម្បត្តិវប្បធម៌ជាតិជាច្រើនត្រូវបានលួចនាំចេញដោយខុសច្បាប់ពីប្រទេសកម្ពុជា និងបានចរាចរដាក់លក់ក្នុងទីផ្សារសិល្ប:អន្តរជាតិ ប៉ុន្ដែក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងនយោបាយឈ្នះឈ្នះរបស់រាជរដ្ឋាភិបាល ដែលបាននាំមកនូវសុខសន្តិភាព និងស្ថេរភាពនយោបាយក្នុងប្រទេស បានផ្ដល់ឱកាសឱ្យកម្ពុជាអាចធ្វើការជាមួយបណ្តាប្រទេសនានា ក្នុងការកាត់បន្ថយអំពើចោរកម្មគួរឱ្យកត់សម្គាល់ ហើយបានប្រគល់មកវិញជាបន្តបន្ទាប់នូវសម្បត្តិវប្បធ៌ម៌របស់កម្ពុជា។
សូមបញ្ជាក់ផងដែរថា នាពេលថ្មីៗនេះ កម្ពុជាទទួលបានមកវិញនូវស្នាដៃឯកចំនួន ៣០រូប ក្នុងនោះមានរូប ចម្លាក់ ព្រះគណេស” និង “ព្រះស្កន្ទគង់លើសត្វក្ងោក តាមរយ:កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយ សហរដ្ឋអាមេរិក ដែលជាជោគជ័យដ៏ធំធេង។ ស្នាដៃចម្លាក់ដ៏ល្អឯកទាំងពីរនេះ មានប្រភពមកពីតំបន់ ប្រាសាទកោះកេរ ដែលជារាជធានី នៃអាណាចក្រខ្មែរបុរាណក្នុងសតវត្សរ៍ទី១០នៃគ.ស។ កន្លងមកកម្ពុជា បានទាមទារមកវិញនូវសម្បត្តិវប្បធម៌ជាតិ ជាការបង្ហាញឱ្យឃើញពីភាពជោគជ័យតាមរយ:កិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការបញ្ជូនមកវិញនូវសម្បត្តិ វប្បធម៌ជាតិដែលត្រូវបានគេលួចនាំចេញដោយខុសច្បាប់។ កម្ពុជានឹងអាចចែករំលែកនូវបទពិសោធន៍ទាំងនេះ សំដៅពង្រឹងកិច្ចសហការជាមួយបណ្ដាប្រទេសសមាជិកអាស៊ាន ក្នុងការប្រឆាំងចំពោះជនទុច្ចរិតលួចប្លន់ និងទីផ្សារសិល្ប:ខុសច្បាប់ សម្រាប់ជាផលប្រយោជន៍សេដ្ឋកិច្ច ក្នុងវិស័យ ទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌៕
ដោយ: មន្ទីរព័ត៌មានខេត្តសៀមរាប

Footer ads TVK