Fix Banner Stand
Fix Banner Stand
Footer ads TVK

ប្រតិភូអង្គទូតជិត២០ប្រទេស ប្រចាំនៅប្រទេសថៃ ធ្វើទស្សនកិច្ចតំបន់កេរដំណែលប្រវត្តិសាស្រ្តអង្គរ ខេត្តសៀមរាប

ប្រតិភូអង្គទូតជិត២០ប្រទេស ប្រចាំនៅប្រទេសថៃ ធ្វើទស្សនកិច្ចតំបន់កេរដំណែលប្រវត្តិសាស្រ្តអង្គរ ខេត្តសៀមរាប

ក្នុងថ្ងៃទី២ នៃដំណើរទស្សនកិច្ចសិក្សារបស់ប្រតិភូអង្គទូតបរទេសប្រចាំព្រះរាជាណាចក្រថៃ បានបន្តទស្សនាតំបន់កេរដំណែលប្រវត្តិសាស្រ្តអង្គរ (ប្រាសាទអង្គវត្ត លានជល់ដំរី និងប្រាសាទបាយ័ន) នាព្រឹកថ្ងៃទី២ កញ្ញានេះ ។

ក្នុងឱកាសដឹកនាំប្រតិភូចូលទស្សនាប្រាសាទអង្គរវត្ត, ឯកឧត្តម អ៊ូក សោភ័ណ្ឌ ឯកអង្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃបានឱ្យដឹងថា ដំណើរទស្សនកិច្ចសិក្សានេះមានអង្គទូត១៩ប្រទេស ដែលតំណាងឱ្យស្ទើរគ្រប់ទ្វីប បានចូលរួមក្នុងដំណើរទស្សនកិច្ចនេះ ។ ឯកឧត្តមឯកអគ្គរាជទូតបន្ថែមទៀតថា ក្នុងដំណើរទស្សនកិច្ចនេះ ក៏មានរៀបចំជាសិក្ខាសាលា ដើម្បីផ្សព្វផ្សាយអំពីការទូតសេដ្ឋកិច្ច ដែលសហការជាមួយក្រសួង-ស្ថាប័នមួយចំនួនដូចជា៖ ក្រសួងការទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងពាណិជ្ជកម្ម ក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាអភិវឌ្ឍន៍ជាតិកម្ពុជា (CDC) ដោយមានតំណាងពីក្រសួង-ស្ថាប័ននីមួយៗ ធ្វើបទបង្ហាញអំពីសក្ដានុពលរបស់ស្ថាប័ននោះផងដែរ ។

ឯកឧត្តមឯកអគ្គរាជទូតបញ្ជាក់ឱ្យដឹងដែរថា ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណង៖ ដើម្បីលើកកម្ពស់មុខមាត់ និងផ្សព្វផ្សាយការទូត សេដ្ឋកិច្ច (ទេសចរណ៍, វិនិយោគ, ពាណិជ្ជកម្ម និងវប្បធម៌) កម្ពុជាអោយបានកាន់តែទូលំទូលាយ និងការស្តារអភិវិឌ្ឍន៍សេដ្ឋកិច្ចសង្គម ទាក់ទាញភ្ញៀវទេសចរណ៍បរទេស ឱ្យមកទេសចរណ៍ក្នុងខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្រោយវិបត្តិជំងឺ កូវីដ-១៩ ។

ក្នុងដំណើរទស្សនកិច្ចនៅប្រាសាទបាយ័ន ឯកឧត្តម Waldemar Dubaniowski ឯកអគ្គរដ្ឋទូតប៉ូឡូញប្រចាំប្រទេសថៃ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ឯកឧត្តមពិតជាមានសេចក្ដីរីករាយយ៉ាងខ្លាំងដែលបានមកទស្សនកិច្ចនៅប្រទេសកម្ពុជា ដោយបានដឹង និងឃើញផ្ទាល់អំពីសក្ដានុពលសេដ្ឋកិច្ចសំខាន់ៗ និងការីកចម្រើនរបស់កម្ពុជា ពិសេសបានមកដល់ទឹកដីអង្គរ ខេត្តសៀមរាប ដោយបានទស្សនាសំណង់ស្ថាបត្យកម្មដ៏អស្ចារ្យ ដែលជាសក្ដានុពលទេសចរណ៍ដ៏ទាក់ទាញរបស់កម្ពុជា ។ ឯកឧត្តមឯកអគ្គរដ្ឋទូតប៉ូឡូញ បានថ្លែងការកោតសរសេរចំពោះក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតកម្ពុជា និងស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ដែលបានបង្កើតកម្មវិធីនេះឡើង ហើយទទួលស្វាគមន៍យ៉ាងកក់ក្ដៅបំផុតចំពោះប្រតិភូគ្រប់ប្រទេសទាំងអស់ ហើយឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា កម្ពុជានឹងទទួលបានភ្ញៀវទេសចរ ការវិនិយោគកាន់តែច្រើន ដែលនឹងជួយឱ្យកំណើនសេដ្ឋកាន់តែខ្ពស់ថែមទៀត ៕

Footer ads TVK