Fix Banner Stand
Fix Banner Stand
Footer ads TVK

កិច្ចប្រជុំរវាងក្រសួងសុខាភិបាលជាមួយនឹងក្រុមដៃគូសុខាភិបាលស្ដីពីក្របខណ្ឌអនុវត្តការជំរុញបង្កើតការងារថែទាំសុខភាពបឋម

ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានអញ្ជើញចូលរួមជាអធិបតីភាពក្នុង កិច្ចប្រជុំរវាងក្រសួងសុខាភិបាលជាមួយនឹងក្រុមដៃគូសុខាភិបាលស្ដីពីក្របខណ្ឌអនុវត្តការជំរុញបង្កើតការងារថែទាំសុខភាពបឋម ដែលបានរៀបចំដោយក្រុមការងារគ្រប់គ្រងការអនុវត្តន៍ និងអភិវឌ្ឍក្របខណ្ឌអនុវត្តជំរុញបង្កើនការងារថែទាំសុខភាពបឋម ដើម្បីពិភាក្សាលើសេចក្តីព្រាងក្របខណ្ឌអនុវត្តការជំរុញការងារថែទាំសុខភាពបឋមនៅកម្ពុជា នៅទីស្ដីការក្រសួងសុខាភិបាល។ ដែលមានវត្តមានចូលរួមសរុបប្រមាណជា ១០០នាក់ ក្នុងចំនួននេះមានប្រមាណ ២៥ដៃគូសុខាភិបាល។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងអំណរគុណចំពោះការគាំទ្រដ៏រឹងមាំរបស់អង្គការសុខភាពពិភពលោក និងសមាជិកក្រុមការងារទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ ក្នុងការអភិវឌ្ឍន៍ឯកសារសេចក្តីព្រាងក្របខណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋមនៅកម្ពុជាដ៏មានសារៈសំខាន់ សម្រាប់ការពិភាក្សាគ្នាក្នុងកិច្ចប្រជុំនេះ។ 

ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានជម្រាបជូនអង្គពិធីឲ្យបានដឹងថា ផែនការយុទ្ធសាស្រ្តសុខាភិបាលទី៤ ឆ្នាំ២០២៣-២០៣០ កំពុងស្ថិតនៅក្នុងដំណើរការពិនិត្យបញ្ចប់ និងបានគូសបញ្ជាក់យ៉ាងច្បាស់ អំពីការពង្រឹងភាពធន់នៃប្រព័ន្ធថែទាំសុខភាព និងការសម្រេចឱ្យបានការគ្របដណ្តប់សុខភាពជាសកល។ ដើម្បីសម្រេចបានតាមគោលបំណងនេះ ការថែទាំសុខភាពបឋម ត្រូវបានលើកឡើងជាសមាសធាតុគន្លឹះមួយ ដែលត្រូវគិតគូបន្ថែមទៀត ក្នុងការអនុវត្តន៍ជាមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចឱ្យបាននូវសុខភាពសម្រាប់ទាំងអស់គ្នា។

ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង ក៏បានគូសបញ្ជាក់ថា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លៀសវៃ ប្រកបដោយគតិបណ្ឌិត របស់   សម្តេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិ មានការរីកចម្រើនខ្លាំង ដែលក្នុងនោះ វិស័យសុខាភិបាល ក៏មានការអភិវឌ្ឍន៍គួរឱ្យកត់សំគាល់រហូតមកដល់ពេលបច្ចុប្បន្ននេះ ជាពិសេស លើផ្នែកសុខភាពមាតា កុមារ និងទារក រួមទាំងការចាក់ថ្នាំបង្ការ បានកាត់បន្ថយនូវអត្រាមរណភាពមាតា កុមារ និងទារក ការសម្រេចបានគោលដៅចំណុចទី៤ និងទី៥ នៃគោលដៅអភិវឌ្ឍន៍សហសវត្សន៍មុនផែនការកំណត់ និងអាយុរំពឹងរស់នៅរបស់ប្រជាជនកម្ពុជាក៏មានការកើនឡើងជាបន្តបន្ទាប់ ព្រមជាមួយការគ្រប់គ្រង និងការឆ្លើយតបប្រកបដោយជោគជ័យ ចំពោះការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ រួមជាមួយនឹងអត្រាគ្របដណ្តប់ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩បានកម្រិតខ្ពស់ បានអនុញ្ញាតឱ្យកម្ពុជាបើកដំណើរការសេដ្ឋកិច្ច និងសង្គមឡើងវិញជាដើម។ លទ្ធផលសម្រេចបាននៅក្នុងវិស័យសុខាភិបាលរហូតមកដល់ពេលនេះ ក៏ដោយសារមានការចូលរួម និងកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់ថ្នាក់ដឹកនាំ មន្រ្តីសុខាភិបាល និងក្រុមគ្រូពេទ្យ នៅគ្រប់ជាន់ថ្នាក់ រួមទាំងមានការគាំទ្រពីសំណាក់ដៃគូសុខាភិបាលទាំងអស់ផងដែរ។ 

ជាមួយគ្នានេះ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង មានប្រសាសន៍ថា នាកិច្ចប្រជុំគណៈកម្មាធិការអង្គការសុខភាពពិភពលោក តំបន់ប៉ាស៊ីហ្វិកខាងលិចក្នុងឆ្នាំ២០២១ បានគូសបញ្ជាក់ពីតម្រូវការនៃការពង្រឹងប្រព័ន្ធថែទាំសុខភាពបឋម ថាជាដំណោះស្រាយគន្លឹះ ដើម្បីសម្រចបានសេវាសុខាភិបាលប្រកបដោយសមធម៌ ការឆ្លើយតបបានទៅនឹងការរាតត្បាតជំងឺនានា លើកកម្ពស់ការផ្លាស់ប្តូរឥរិយាបថរបស់បុគ្គលឆ្ពោះទៅបែបបទរស់នៅប្រកបដោយផាសុខភាព និងការបង្ការជំងឺនានា តាមរយៈការចូលរួមទទួលខុសត្រូវរបស់សហគមន៍ ការលើកកម្ពស់ភាពជាដៃគូ និងកិច្ចសហការអន្តវិស័យសម្រាប់ការធ្វើឱ្យប្រសើរឡើងនូវសុខភាពប្រជាជន។ 

ក្នុងនាមក្រសួងសុខាភិបាល ឯកឧត្តមរដ្ឋមន្រ្តីបានឲ្យដឹងបន្ថែមថា ការជំរុញការថែទាំសុខភាពបឋម (PHC Booster) គឺជាមធ្យោបាយល្អមួយដែលចំណាយមានប្រសិទ្ធភាពបំផុត ដើម្បីសម្រេចបាននូវការថែទាំសុខភាពជាសកល (UHC) និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ហើយការជំរុញនេះ នឹងនាំឱ្យមានការផ្តល់សេវាសុខភាពសំខាន់ៗ ខិតកាន់តែទៅជិតសហគមន៍ និងប្រជាជនដែលមានតម្រូវការ ដូចជាពលរដ្ឋក្រីក្រ និងក្រុមងាយរងគ្រោះ ហេតុដូចនេះទើប ឯកឧត្តមរដ្ឋមន្រ្តីបានសម្រេចចិត្ត បង្កើតក្រុមការងាររបស់ក្រសួងសុខាភិបាលនៅដើមឆ្នាំ២០២២នេះ ដើម្បីគ្រប់គ្រង និងបង្កើតក្របខ័ណ្ឌអនុវត្តជំរុញបង្កើនការងារថែទាំសុខភាពបឋម (PHC) នៅកម្ពុជា។ 

ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកទឹកចិត្តដល់ដៃគូសុខាភិបាលទាំងអស់ ចូលរួមពិនិត្យផ្តល់ធាតុចូលបន្ថែម និងសូមធ្វើសុខដុមណីយកម្ម និងតម្រឹមតម្រង់ទិសក្នុងការរៀបចំកិច្ចគាំទ្ររបស់ខ្លួន ឱ្យស្របទៅនឹងអាទិភាពរបស់ក្រសួងសុខាភិបាល ក្នុងការបន្តការគាំទ្រទៅដល់អ្នកអនុវត្តការងារនេះនៅតាមសហគមន៍ ជាពិសេសនៅក្នុងការចាប់ផ្តើមដំណើរការរួមគ្នាដ៏វែងឆ្ងាយ សម្រាប់ការអនុវត្តក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម (PHC-BIF) នៅតាមសហគមន៍នៅកម្ពុជានាអនាគត។

ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះអង្គការសុខភាពពិភពលោក (WHO) និងដៃគូសុខាភិបាលទាំងអស់ ដែលបានចូលរួមចំណែកលើភាពជោគជ័យដ៏គួរឱ្យចាប់អារម្មណ៍នៃវិស័យសុខាភិបាល និងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងសង្ឃឹមថាឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់គ្នា រួមទាំងដៃគូសុខាភិបាលទាំងអស់ នឹងបន្តគាំទ្រកិច្ចការដ៏មានសារៈសំខាន់នេះ ដើម្បីលើកកម្ពស់ប្រទេសកម្ពុជា ឱ្យមានសុខភាពកាន់តែល្អប្រសើរ មានសុភមង្គល សហគមន៍មានផាសុខភាព និងបុគ្គលមានអាយុវែង។

Footer ads TVK