Fix Banner Stand
Fix Banner Stand
Footer ads TVK

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន ទទួលជួប លោក តាំង ប៉ីងជាំង តូនី អគ្គនាយកក្រុមហ៊ុនកោះថ្មី ថេកណូឡូជី ឯក និងជាអ្នកគ្រប់គ្រងសារព័ត៌មានត្នោត 

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន ទទួលជួប លោក តាំង ប៉ីងជាំង តូនី អគ្គនាយកក្រុមហ៊ុនកោះថ្មី ថេកណូឡូជី ឯក និងជាអ្នកគ្រប់គ្រងសារព័ត៌មានត្នោត

នៅក្នុងឱកាសអញ្ជើញចូលជួបសំដែងការគួរជាមួយ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ លោក តាំង ប៉ីងជាំង តូនី អគ្គនាយកក្រុមហ៊ុនកោះថ្មី ថេកណូឡូជី ឯក និងជាអ្នកគ្រប់គ្រងសារព័ត៌មាន ត្នោត បានជម្រាបជូនពីដំណើរការអភិវឌ្ឍរបស់ក្រុមហ៊ុន និងលើកពីទិសដៅចង់ធ្វើកិច្ចសហការជាមួយ ក្រសួងព័ត៌មាន ដើម្បីរៀបចំកម្មវិធីមួយចំនួនទាក់ទងវិស័យកីឡា ព្រោះថា នៅឆ្នាំ២០២៣ ខាងមុខនេះកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រួតកីឡាសុីហ្គេម ។

ជាមួយគ្នានេះដែរ លោក តូនី បានបញ្ជាក់ពីគម្រោងផលិតជឯកសារស្តីពីភាពរីកចំរើន និងការអភិវឌ្ឍប្រទេសកម្ពុជា ហើយអ្វីដែលសំខាន់ដែលសារព័ត៌មានត្នោត ចង់ធ្វើគឺបង្ហាញគោលការណ៍ផ្តល់ព័ត៌មានពិត និងល្អៗ ដើម្បីធ្វើអោយសហគ្រិន អ្នកវិនិយោគ និងប្រជាជនចិន បានយល់កាន់តែច្បាស់ពីអ្វីដែលកម្ពុជា មាននាពេលបច្ចុប្បន្ន នឹងកំពុងធ្វើទៅថ្ងៃអនាគត ។

ក្រៅពីគម្រោងរៀបចំ និងជួយផ្សាយពីកីឡាសុីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ សារព័ត៌មានត្នោត ក៏ចង់រៀបចំកម្មវិធីផ្សេងៗទៀត រួមទាំងវិស័យវប្បធម៏ ដើម្បីបង្ហាញពីភាពរីកចំរើន នៃវប្បធម៏នៃប្រទេសទាំងពីរ ពិសេសធ្វើអោយប្រជាជន ចិន និងកម្ពុជា កាន់តែស្គាល់ យល់គ្នាកាន់តែច្បាស់បន្ថែមទៀត ។

សារព័ត៌មានត្នោត បានបង្កើតឡើងតាំងពីឆ្នាំ២០១៨ ដោយផ្សាយជាភាសាខ្មែរ និងភាសាចិន តាមរយៈគេហទំព័រ និង App ដោយបានផ្សាយជាច្រើនទាក់ទងបញ្ហាច្បាប់ បង្ហាញពីកិច្ចសហការ លើគ្រប់ផ្នែក គ្រប់វិស័យរវាង ចិន និងកម្ពុជា ពិសេសឱកាសសម្រាប់អ្នកវិនិយោគិន ចិន មកកម្ពុជា ។

ឆ្លៀតក្នុងឱកាសនេះដែរ លោក តូនី បានសំដែង នូវការអរគុណ ចំពោះ ឯកឧត្តម រដ្ឋមន្រ្តី រួមទាំងថ្នាក់ដឹកនាំ មន្រ្តី ក្រសួងព័ត៌មាន កម្ពុជា ដែលជានិច្ចកាលតែងបានគាំទ្រ លើកទឹកចិត្ត នឹងផ្តល់ជា មតិយោបល់ ដើម្បីអោយសារព័ត៌មានត្នោត បាន ដំណើរការ និងមានភាពរីកចំរើនរហូតមកដល់ពេលបច្ចុប្បន្ននេះ ។

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានកោត សរសើរពីភាពរីកចំរើនរបស់សារព័ត៌មានត្នោត ហើយសារព័ត៌មាននេះ ក៏បានផ្សព្វផ្សាយព័ត៌មានល្អៗ នឹងបានបង្ហាញពីការពិតដែលកម្ពុជាមាន មិនដូចការចុះផ្សាយរបស់សារព័ត៌មានមួយចំនួន ដែលតែងតែនិយាយអាក្រក់ពីកម្ពុជា ទោះបីមិនមែនជាការពិតក៏ដោយ ។

ដូច្នេះ ឯកឧត្តម ខៀវ កាញារីទ្ធ ចង់អោយសារព័ត៌មាន ចិនទាំងអស់នៅកម្ពុជា ផ្សាយនូវអ្វីជាភាព វិជ្ជមានពិតប្រាកដ ដែលកម្ពុជាបានធ្វើ ដើម្បីបង្ហាញដល់អ្នកវិនិយោគទុន ចិន បានដឹងកាន់តែ ច្បាស់នូវអ្វីដែលជាភាពពិតប្រាកដ មិនដូចទៅអ្វីដែលគេចោទប្រកាន់នោះទេ ហើយអ្វីជាការជាក់ស្តែង គឺចង់អោយមើលឃើញកម្ពុជា ក្នុងក្រសែភ្នែកវិជ្ជមាន ។

ឯកឧត្តម រដ្ឋមន្រ្តី បានជម្រាបជូនថា ប្រព័ន្ធផ្សាយរបស់ជាតិ មាន ទូរទស្សន៍ វិទ្យុ និង App ក្រសួងព័មាន នាពេលបច្ចុប្បន្ននេះ មានការផ្សាយ ជាភាសាចិន ភាសា បារាំង វៀតណាម អង់គ្លេស និងភាសា អារ៉ាប់ ។ ដូច្នេះក្នងឱកាសនេះ អ្វីដែលសំខាន់ សម្រាប់សារព័ត៌មាន ត្នោតត្រូវធ្វើទៅមុខទៀត គឺការធ្វើអោយមានការយល់គ្នាកាន់តែច្បាស់ និងធ្វើអោយសារព័ត៌មាននៅកម្ពុជា កាន់តែសំបូរបែប ៕

Footer ads TVK