Fix Banner Stand
Fix Banner Stand
Footer ads TVK

ប្រតិភូអង្គទូតបរទេសប្រចាំព្រះរាជាណាចក្រថៃ ទស្សនកិច្ច នៅខេត្តបន្ទាយមានជ័យ

នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នាព្រឹកថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០២២នេះ ប្រតិភូបណ្ដាអង្គទូតបរទេសប្រចាំនៅព្រះរាជាណាចក្រថៃ បានធ្វើដំណើរដល់ទឹកដីកម្ពុជាប្រកបដោយសុវត្តិភាព បន្ទាប់បានចំណាយពេលប្រមាណជា៥ម៉ោង ធ្វើដំណើរតាមរថយន្តពីទីក្រុងបាងកកប្រទេសថៃ និងបានមកដល់ក្រុងប៉ោយប៉ែត នៃព្រះរាជាណាចក្រកម្ពុជា នៅម៉ោង១១:៣០នាទីព្រឹក ។

ក្នុងដំណើរទស្សនកិច្ចនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានធ្វើបដិសណ្ឋារកិច្ច និងរៀបចំអាហារថ្ងៃត្រង់ដើម្បីទទួលស្វាគមន៍ប្រតិភូអង្គទូតបរទេសប្រចាំនៅព្រះរាជាណាចក្រថៃ នៅក្នុងដំណើរទស្សនកិច្ចលើកទី២ មកកាន់ប្រទេសកម្ពុជា ។ អំឡុងពេលឆ្លងកាត់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រតិភូអង្គទូតបានទៅទស្សនាស្ពានមិត្តភាព កម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) ដែលតភ្ជាប់ពីខេត្តបន្ទាយមានជ័យ នៃប្រទេសកម្ពុជា ទៅខេត្តស្រះកែវ នៃប្រទេសថៃ ។

ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ក្នុងឱកាសដឹកនាំប្រតិភូអង្គទូតទស្សនកិច្ចស្ពានមិត្តភាព កម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) បានជម្រាបជូនដល់ប្រតិភូអង្គទូតអំពីការអភិវឌ្ឍន៍ និងសក្ដានុពលសេដ្ឋកិច្ចនៅក្នុងខេត្ត ។ ក្នុងនាមអាជ្ញាធរខេត្តពិតជាមានកិត្តិយស និងរីករាយយ៉ាងខ្លាំងដោយបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ។ ចំពោះដំណើរទស្សនកិច្ចរបស់ប្រតិភូអង្គទូតនៃបណ្ដាប្រទេសនានាប្រចាំនៅប្រទេសថៃ ។

ឯកឧត្តមអភិបាលខេត្ត បានឲ្យដឹងទៀតថា ដោយសារតែកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ ពិសេសមានហេដ្ឋារចនាសម្ព័ន្ធល្អ ហើយខេត្តជាប់ព្រំដែនរបស់យើងគឺជាខេត្តដែលមានសន្តិភាព និងការអភិវឌ្ឍទើបបណ្ដាអង្គទូតធ្វើដំណើរតាមរថយន្តឆ្លងកាត់តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដើម្បីបានឃើញអំពីការអភិវឌ្ឍ និងសក្ដានុពលសេដ្ឋកិច្ចរបស់ខេត្តជាប់ព្រំដែន ។ ច្រកទ្វារអន្តរជាតិស្ទឹងបទនេះគឺជាច្រកមួយយ៉ាងសំខាន់ ផ្ដោតទៅលើការដឹកជញ្ជូន និងដោះដូរទំនិញហើយនិងជួយជំរុញកំណើនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរកម្ពុជា-ថៃ ។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងអំពីការបើកច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ គឺគ្រងបើកដំណើរការនៅចុងឆ្នាំ ២០២២ ក៏ប៉ុន្តែដោយសារបញ្ហាកូវីដ-១៩ បង្ករការប៉ះពាល់ដល់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅទីនេះ ទើបពន្យារពេលនៅក្នុងការបើកដំណើរការច្រកទ្វារអន្តរជាតិថ្មីនេះ។

សូមជម្រាបជូនថា បន្ទាប់ពីទទួលការឯកភាពជាគោលការណ៍ពី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ចក្រសួង និងស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានសហការរៀបចំ ដំណើរទស្សនកិច្ចសិក្សាលើកទី២ សម្រាប់អង្គទូតបរទេសប្រចាំព្រះរាជាណាចក្រថៃ ចំនួន១៧ប្រទេស ទៅទស្សនាខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ពីថ្ងៃទី ១-៤ ខែកញ្ញា ឆ្នាំ២០២២ ។

ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណង៖ ដើម្បីលើកកម្ពស់មុខមាត់ និងផ្សព្វផ្សាយការទូត សេដ្ឋកិច្ច (ទេសចរណ៍, វិនិយោគ, ពាណិជ្ជកម្ម និងវប្បធម៌) កម្ពុជាអោយបានកាន់តែទូលំទូលាយ និងការស្តារអភិវិឌ្ឍន៍សេដ្ឋកិច្ចសង្គម ទាក់ទាញភ្ញៀវទេសចរណ៍បរទេស ឱ្យមកទេសចរណ៍ក្នុងខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្រោយវិបត្តិជំងឺ កូវីដ-១៩ ។

គោលបំណងនៃដំណើរទស្សនកិច្ចសិក្សានេះ គឺដើម្បីផ្សព្វផ្សាយសេវាកម្មទេសចរណ៍ក្នុងស្រុក និងតំបន់បេតិកភណ្ឌវប្បធម៌ នៃខេត្តទាំងពីរក្នុងដំណាក់កាលក្រោយការរីករាលដាលនៃជំងឺកូវីដ-១៩ ។ ដំណើរកម្សាន្តសំខាន់ៗរួមមាន៖ ដំណើរទៅកាន់ស្ពានមិត្តភាពស្ទឹងបត់-បានណងអៀន ដែលតភ្ជាប់ពីខេត្តបន្ទាយមានជ័យ នៃប្រទេសកម្ពុជា ទៅខេត្តស្រះកែវ នៃប្រទេសថៃ ដំណើរកម្សាន្តទៅកាន់ឧទ្យានបុរាណវិទ្យាអង្គរ និងការជិះទូកមើលថ្ងៃលិចដ៏ស្រស់ស្អាតនៅលើទន្លេអម្រឹត ។ ក៏ដូចជាការធ្វើដំណើរទៅកាន់សួនអង្គរហ្គ្រីន និងស្រុកបន្ទាយស្រី ។ អ្នកចូលរួមនឹងមានឱកាសស្វែងយល់អំពីគោលនយោបាយថ្មីរបស់កម្ពុជា ដែលបង្កើតឡើងដើម្បីគាំទ្រការទូតសេដ្ឋកិច្ចតាមរយៈសិក្ខាសាលា បទពិសោធន៍ម្ហូបខ្មែរពីសៀវភៅ “រសជាតិអង្គរ” ដែលទទួលបានពានរង្វាន់ និងធ្វើជាសាក្សីពីសកម្មភាពវិនិយោគ/ផលិតកម្មនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងប៉ោយប៉ែត ។

ដោយ: ទទក

Footer ads TVK