Fix Banner Stand
Fix Banner Stand
Footer ads TVK

សហព័ន្ធបាល់ទាត់កម្ពុជាបង្ហាញបញ្ជីឈ្មោះបឋមសម្រាប់កីឡាករឈុតយុវជន U23 និងឈុតធំកម្ពុជា ត្រៀមប្រមូលផ្ដុំប្រកួតមិត្តភាពជាមួយជប៉ុន និងបង់ក្លាដេស

សហព័ន្ធបាល់ទាត់កម្ពុជាបានកោះហៅកីឡាករជម្រើសជាតិយុវជនអាយុក្រោម ២៣ឆ្នាំ ចំនួន ៣៥នាក់ និងជម្រើសជាតិឈុតធំ ៣៩នាក់ ដើម្បីធ្វើការប្រមូលផ្ដុំហ្វឹកហាត់ដំណាក់កាលទី១ សម្រាប់ត្រៀមការប្រកួតមិត្តភាពអន្ដរជាតិជាមួយក្រុមជម្រើសជាតិ U23 ជប៉ុន និងក្រុមជម្រើសជាតិបង់ក្លាដេស នាថ្ងៃទី២០ និង ២២ ខែកញ្ញាខាងមុខនៅពហុកីឡដ្ឋានជាតិមរតកតេជោ ។
យោងតាមផេកសហព័ន្ធកីឡាបាល់ទាត់កម្ពុជាដែលទើបប្រកាសនៅព្រឹកថ្ងៃទី០១ ខែកញ្ញានេះ កីឡាករស្ថិតក្នុងបញ្ជីឈ្មោះបម្រុងក្រុមគោព្រៃជំទង់កម្ពុជា ដែលត្រៀមប្រកួតមិត្តភាពអន្ដរជាតិនាពេលខាងមុខគឺមានកីឡាករបឹងកេត ៥នាក់, ព្រះខ័នរាជស្វាយរៀង ៣នាក់, ណាហ្គាវើលដ៏ ៤នាក់, អគ្គិសនីកម្ពុជា ៣នាក់, កងយោធពលខេមរភូមិន្ទ ៣នាក់, ព្រៃវែង ៤នាក់, គិរីវង់សុខសែនជ័យ ៣នាក់, ភ្នំពេញក្រោន ២នាក់, អង្គរថាយហ្គឺរ ២នាក់, វិសាខា ២នាក់, នគរបាលជាតិ ២នាក់ រួមជាមួយសមាជិកក្រុមកោះកុងអេហ្វស៊ី និង ISI ដង្កោសែនជ័យម្នាក់ដូចគ្នា។ ចំណែកឯកីឡាករឈុតធំ ៣៩រូបផ្សេងទៀតដែលត្រូវបានធ្វើការកោះហៅ ដើម្បីធ្វើតេស្ដកាយសម្បទាដែលគ្រោងធ្វើឡើងនាថ្ងៃទី១៣ ខែកញ្ញាខាងមុខក្នុងនោះមានកីឡាករបឹងកេត ៦នាក់, ព្រះខ័នរាជស្វាយរៀង ៥នាក់, ភ្នំពេញក្រោន ៥នាក់, អគ្គិសនីកម្ពុជា ៥នាក់, ណាហ្គាវើលដ៏ ៣នាក់, កងយោធពលខេមរភូមិន្ទ ២នាក់ ព្រមទាំងសមាជិកក្រុមគិរីវង់, ព្រៃវែង និងសូលទីឡូអង្គរម្នាក់ៗដូចគ្នា។ ក្នុងនោះគេក៏ឃើញមានឈ្មោះកីឡាករកូនកាត់ខ្មែរ-អាមេរិក ថេឡរ នីកូឡាស់ ឌឿង (Nick Taylor) ស្ថិតក្នុងបញ្ជីបឋមនៃក្រុមជម្រើសជាតិកម្ពុជាផងដែរ បច្ចុប្បន្នកីឡាកររូបនេះកំពុងប្រកបអាជីពនៅក្របខណ្ឌលីកទី៣ (MSL Next Pro) លើទឹកដីអាមេរិកជាមួយក្លិប Orlando City ។
តាមការគ្រោងទុកកីឡាករស្ថិតក្នុងបញ្ជីឈ្មោះបម្រុងទាំងពីរឈុតនេះ នឹងត្រូវធ្វើតេស្ដកាយសម្បទានាថ្ងៃទី១៣ ខែកញ្ញាខាងមុខ មុនឈានដល់ការជម្រុះកីឡាករបញ្ជីឈ្មោះចុងក្រោយ សម្រាប់ត្រៀមការប្រកួតមិត្តភាពអន្ដរជាតិជាមួយក្រុមជម្រើសជាតិ U23 ជប៉ុន និងជម្រើសជាតិបង់ក្លាដេសនាពេលឆាប់ៗខាងមុខ៕

Footer ads TVK