Fix Banner Stand
Fix Banner Stand
Footer ads TVK

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ចូលសម្តែងការគួសម និងភាក្សាការងារ ជាមួយឯកឧត្តម​Jean- Pierrere Lacroix អគ្គលេខាធិការរងអង្គការសហប្រជាជាតិ

New York៖ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ នៅការិយាល័យកណ្តាល អង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ចូលសម្តែងការគួសម និងភាក្សាការងារ ជាមួយឯកឧត្តម​Jean- Pierrere Lacroix អគ្គលេខាធិការរងអង្គការសហប្រជាជាតិ។

ក្នុងជំនួបពិភាក្សានោះ ឯកឧត្តម សែម សុវណ្ណនី បានលើកពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើនការចូលរួមរបស់នារី ក៏ដូចជាការត្រៀមកងកម្លាំងនៅក្នុងប្រព័ន្ធត្រៀមបម្រុង គឺកងកម្លាំងអាវុធហត្ថមួកខៀវ និងកងកម្លាំងវិស្វកម្ម និងការត្រៀមលក្ខណៈរួចជាស្រេចក្នុងការបញ្ជូនកងកម្លាំងស្ពានបណ្តែតទឹកនិងលើគោកទៅកាន់តំបន់បេសកកម្មនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។ ក្នុងជំនួបនេះដែរ ឯកឧត្តម សែម សុវណ្ណនី បានស្នើសុំបន្ថែមកម្លាំងចល័តចំនួន៤៦នាក់ ក្នុងកងអនុសេនាធំរាជអាវុធហត្ថមួកខៀវ ទៅកាន់សាធារណរដ្ឋស៊ូដង់ខាងត្បូង ដោយសារថា កម្ពុជា និងUN បានចរចាររួចហើយកាលពីឆ្នាំ២០១៧ ជាមួយគ្នាសម្ភារនិងកម្លាំងក៏កម្ពុជា បានត្រៀមរួចជាស្រេចអស់ហើយ ដូច្នេះស្នើសុំទៅឯកឧត្តម អគ្គលេខាធិការរងUN សូមជួយជំរុញដើម្បីធ្វើការបញ្ជូនចេញទៅបេសកកម្មឱ្យបានឆាប់ផងដែរ។

ពាក់ព័ន្ធទៅនឹងកងកម្លាំងEOD ទៅកាន់សាធារណរដ្ឋអាហ្វ្រិកកណ្តាល ឯកឧត្តម ក៏បានជម្រាបជូនទៅ ឯកឧត្តម Jean-Pierrere Lacroix ថា គឺកម្ពុជាបានត្រៀមកម្លាំងនិងសម្ភាររួចជាស្រេច។ ចំពោះកងម្លាំងEOD ទៅកាន់សាធារណរដ្ឋម៉ាលី ក៏កម្ពុជាបានត្រៀមកម្លាំងនិងសម្ភាររួចជាស្រេចផងដែរ ដូច្នេះសូមឱ្យខាងUNជំរុញការចល័តកម្លាំងឱ្យបានឆាប់រហ័សផងដែរ។ ឯកឧត្តម អគ្គនាយក ក៏បានស្នើសុំឱ្យមានប៉ុស្តិ៍នាយទាហានសេនាធិការនៅសាធារណរដ្ឋលីបង់ និងស្នើសុំបន្ថែមប៉ុស្តិ៍នាយទាហានសេនាធិការ និងនាយទាហានសង្កេតការណ៍នៅសាធារណរដ្ឋម៉ាលី។

ក្នុងជំនួបពិភាក្សាការងារនោះ ឯកឧត្តម  Jean-Pierrere Lacroix បានកត់ទុកនូវសំណូមពរទាំងអស់ ដើម្បីយកទៅពិភាក្សាជាមួយ ក្រុមការងាររបស់លោក ដើម្បីបង្កើនប៉ុស្តិ៍SOUNMOនៅសាធារណរដ្ឋម៉ាលី ក៏ដូចជាបង្កើតឱ្យមានប៉ុស្តិ៍នាយទាហានសេនាធិការនៅសាធារណរដ្ឋលីបង់។ ឯកឧត្តម​ Lacroix បានអរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានប្តេជ្ញាចិត្តចូលរួមចំណែកក្នុងការងារដ៏មានសារៈសំខាន់នៅក្រោមឆ័ត្រអង្គការសហប្រជាជាតិ។

ជាមួយគ្នា ឯកឧត្តម Lacroix បញ្ជាក់ថា លោកសង្ឃឹមថា នឹងទៅទស្សនៈកិច្ចនៅប្រទេសកម្ពុជានាពេលខាងមុខ ដើម្បីឆ្លៀតឱកាស ទៅទស្សនកិច្ចនៅមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងទៅពិនិត្យមើលការត្រៀមសម្ភារ និងកម្លាំងដែលកម្ពុជាបានត្រៀមលក្ខណៈរួចជាស្រេច៕

 

Footer ads TVK