Fix Banner Stand
Fix Banner Stand
Footer ads TVK

អភិបាលខេត្តសៀមរាប ឯកឧត្តមទៀ សីហា បានឲ្យដឹងថា អាជ្ញាធរខេត្តសៀមរាប នៅបន្តសម្របសម្រួល ជាពិសេសជួយដល់ប្រជាពលរដ្ឋដែលមានបំណងចាកចេញពីដីចម្ការរបស់លោកខឹម វាសនា នៅជើងភ្នំគូលែន ទៅកាន់លំនៅឋានវិញ

អភិបាលខេត្តសៀមរាប ឯកឧត្តមទៀ សីហា បានឲ្យដឹងថា អាជ្ញាធរខេត្តសៀមរាប នៅបន្តសម្របសម្រួល ជាពិសេសជួយដល់ប្រជាពលរដ្ឋដែលមានបំណងចាកចេញពីដីចម្ការរបស់លោកខឹម វាសនា នៅជើងភ្នំគូលែន ទៅកាន់លំនៅឋានវិញ។
ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្នុងឱកាសអញ្ជើញចុះពិនិត្យស្ថានភាពនៃការរស់នៅរបស់ពលរដ្ឋនាបរិវេណភូមិសសី ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះថា អាជ្ញាធរខេត្តសៀមរាបកំពុងបន្តបិទមិនឱ្យប្រជាពលរដ្ឋចូលមកក្នុងតំបន់ហាមឃាត់ និងអំពាវនាវដល់បងប្អូនដែលកំពុងស្នាក់នៅក្នុងចម្ការរបស់លោកខឹម វាសនា ឱ្យចាកចេញទៅកាន់លំនៅស្ថានវិញ ព្រោះអាជ្ញាធរយល់ថា ពួកគាត់មានផលប៉ះពាល់ដល់សុខមាលភាពទាំងមនុស្សចាស់ និងកុមារ ប្រឈមមុខនឹងការឆ្លងផ្សេងៗ ជាពិសេសជំងឺកូវីដ១៩ បាត់បង់ការងារធ្វើ កុមារមិនបានសិក្សារៀនសូត្រ ខាតបង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនជាដើម។ ឯកឧត្តមបន្តថា មកដល់ថ្ងៃទី៣១ ខែសីហានេះហើយ នៅមិនទាន់មានហេតុការណ៍ណាមួយបានកើតឡើង ដូចការប្រកាសរបស់លោកខឹម វាសនាឡើយ។
ឯកឧត្តមបន្តទៀតថា មកដល់ពេលនេះកងកម្លាំងសមត្ថកិច្ចបានត្រៀមខ្លួនរួចជាស្រេច តែក៏មិនមានការប៉ះទង្គិចណាមួយរវាងកម្លាំងសមត្ថកិច្ច និងកម្លាំងគណបក្សLDPឡើយ។ ក្នុងនោះអាជ្ញាធរខេត្តកំពុងបន្តសម្របសម្រួល នឹងបានត្រៀមមធ្យោបាយធ្វើដំណើររួចជាស្រេច សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តចាកចេញពីចម្ការរបស់លោកខឹម វាសនា នៅជើងភ្នំគូលែន ដើម្បីទៅកាន់បណ្តាខេត្ត និងលំនៅឋានរបស់ខ្លួនវិញ។ ”មិនថាសមាជិករបស់គណបក្សLDPក្តីឬក៏អ្នកមកពីក្រៅ មកពីកូរ៉េ មកពីជប៉ុនក្តីគឺសុទ្ធតែជាប្រជាពលរដ្ឋខ្មែរយើងទាំងអស់ អ៊ីចឹងរាជរដ្ឋាភិបាលមិនអាចទទួលយកបានទេនូវអ្វីដែលលោក ខឹម វាសនាកំពុងធ្វើនេះ អ៊ីចឹងថ្ងៃនេះយើងកំពុងតែចរចារធ្វើយ៉ាងណា ឱ្យមេដឹកនាំរបស់គណបក្សLDPនេះ ដើម្បីរំសាយទាំងស្រុងតែម្តងនៅក្នុងជុំរុំតែ វិធានការរដ្ឋបាល យើងធ្វើយើងយ៉ាងណាឱ្យប្រជាពលរដ្ឋស្ម័គ្រចេញពីជុំរុំមក យើងនិងរៀបចំមធ្យោយបាយធ្វើដំណើរដឹកជញ្ជូនគាត់បណ្តារាជធានីខេត្តក្រុងគាត់វិញ”។
ចាប់តាំងពីថ្ងៃទី២៣ខែសីហាមក លោក ខឹម វាសនា មេបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានសរសេរនៅលើបណ្ដាញសង្គម ហ្វេសប៊ុករបស់ខ្លួនថា តាមការធ្វើវិបស្សនារបស់លោកឃើញថា ភពផែនដីនឹងត្រូវជន់លិចនៅពេលខាងមុខ ហើយលោកអំពាវនាវឱ្យអ្នកដែលគាំទ្រទៅជួបជុំគ្នានៅលើដីចម្ការរបស់លោក ឯជើងភ្នំគូលែននៃខេត្តសៀមរាប ទើបអាចរួចផុតពីគ្រោះមហន្តរាយនេះ ។ បន្ទាប់ពីការសរសេរលើបណ្ដាញសង្គមរបស់មេបក្សរូបនោះមក ក៏មានពលរដ្ឋជិត២ម៉ឺននាក់ បាននាំក្រុមគ្រួសារ ធ្វើដំណើរខ្លះតាមរថយន្ត ខ្លះតាមម៉ូតូ ទៅកាន់តំបន់ជើងភ្នំគូលែន។ ចំណែកពលករខ្មែរខ្លះ ដែលកំពុងធ្វើការនៅក្រៅប្រទេសក៏ប្រញាប់ប្រញាល់វិលត្រឡប់មកកម្ពុជា ដោយបោះបង់ការងាររបស់ខ្លួនដែរ។
រហូតមកដល់ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ ប្រជាពលរដ្ឋមានក្មេង ចាស់ ប្រុស ស្រី បានចាកចេញពីចម្ការរបស់លោកខឹម វាសនា ជាបណ្តើរៗដោយមានការជួយសម្របសម្រួលពីអាជ្ញាធរ៕

 

Footer ads TVK