Fix Banner Stand
Fix Banner Stand
Footer ads TVK

សហព័ន្ធកីឡាបាល់ទះកម្ពុជា បង្កើតពានរង្វាន់កាន់តែច្រើន ដើម្បីត្រៀមស៊ីហ្គេម ឆ្នាំ២០២៣

សហព័ន្ធកីឡាបាល់ទះកម្ពុជា បង្កើតពានរង្វាន់កាន់តែច្រើន ដើម្បីត្រៀមស៊ីហ្គេម ឆ្នាំ២០២៣

ក្រោយបញ្ចប់ការប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣១ នៅប្រទេសវៀតណាម ពានរង្វាន់ក្នុងស្រុកចំនួន ២ផ្សេងពីគ្នា ត្រូវបានបង្កើតឡើង ខណៈអនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ឯកឧត្តម ស សុខា បានបង្ហើបថា គោលបំណងនៃការបង្កើតពានរង្វាន់នេះ គឺដើម្បីផ្ដល់ឱកាសដល់កីឡាករ ជាពិសេសត្រៀមខ្លួនចូលរួមប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ក្នុងពិធីបិទការប្រកួតពានរង្វាន់បាល់ទះ ៤នាក់ ទល់ ៤នាក់ ដែលធ្វើឡើងនៅរាជធានីភ្នំពេញ ក្រោយឆ្លងកាត់ការប្រកួតជាច្រើនសប្ដាហ៍ ដែលមានសមាជិកចំនួន ១៣ក្រុម ចូលរួមប្រកួត ខណៈពេលដែលកាលពីខែមិថុនា ឆ្នាំ២០២២ កន្លងទៅ ក៏មានព្រឹត្តិការណ៍ប្រកួតបាល់ទះមួយផ្សេងទៀតផងដែរ គឺពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២២ ដែលមាន២១ក្រុមចូលរួម។
ឯកឧត្តម ស សុខា មានប្រសាសន៍ថា៖ «ការបង្កើតពានរង្វាន់នេះ មានគោលបំណងតែមួយគត់ គឺដើម្បីផ្ដល់ឱកាសឲ្យកីឡាកររបស់យើង មានការប្រកួតប្រជែង ដកស្រង់បទពិសោធន៍ សមត្ថភាព ហើយជាពិសេស ដើម្បីត្រៀមខ្លួនចូលរួមប្រកួតស៊ីហ្គេម ២០២៣ ដែលកម្ពុជារបស់យើងធ្វើជាម្ចាស់ផ្ទះ។ ដូច្នេះ តាងនាមឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ក៏បានបើកឱកាសឲ្យក្រុមការងាររបស់សហព័ន្ធ បង្កើតពាននេះឡើង ហើយប៉ុន្មានខែមុននេះ យើងក៏បានបញ្ចប់ពានសម្តេចក្រឡាហោម ហើយយើងនឹងគ្រោងបង្កើតពានមួយទៀត គឺពានសម្តេចតេជោនាយករដ្ឋមន្ត្រី នៅពេលឆាប់ៗខាងមុខនេះ»។
ចំពេលដែលថ្មីៗនេះ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ទទួលបានមេដាយសំរឹទ្ធ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ នៃការចូលរួមប្រកួតស៊ីហ្គេម លើប្រភេទកីឡាបាល់ទះបុរស ក្នុងសាល ឯកឧត្តម ស សុខា សម្ដែងការជឿជាក់ថា នឹងអាចសម្លឹងឃើញកីឡាករមានគុណភាពបន្ថែមទៀត ដើម្បីចូលក្រុមជម្រើសជាតិ តាមរយៈការចូលរួមប្រកួតក្នុងពានរង្វាន់នេះ។
«ខ្ញុំសូមបញ្ជាក់ផងដែរថា វិញ្ញាសាបាល់ទះនៅក្នុងតំបន់អាស៊ានរបស់យើង ហើយជាពិសេសកម្ពុជា ចុងក្រោយនេះយើងទទួលបានភាពអស្ចារ្យលើសលប់ ដែលយើងមិននឹកស្មានដល់ ដោយយើងបានជាប់នូវចំណាត់ថ្នាក់លេខ៣ ស៊ីហ្គេម នៅប្រទេសវៀតណាម ហាណូយ ហើយកីឡាស៊ីហ្គេមមួយនេះ គឺជាម៉ែត្រវាស់ដ៏សំខាន់ ដែលកម្ពុជារបស់យើង ក្នុងនោះ នឹងដាក់ប្រភេទកីឡាបាល់ទះនៅក្នុងការប្រកួតស៊ីហ្គេម ២០២៣ ដែលចាប់ផ្ដើមនៅក្នុងអំឡុងខែ៥ នាឆ្នាំក្រោយនេះ។ ដូច្នេះខ្ញុំជឿជាក់ថា ការបង្កើតកម្មវិធីប្រកួតបែបនេះ អាចស្វែងរកនូវកីឡាករ ដែលមានគុណភាពខ្ពស់ដើម្បីបម្រើជាតិ ក្នុងនោះសម្រាប់ស៊ីហ្គេម២០២៣នេះ ខ្ញុំគិតថា ទម្ងន់ធ្ងន់ធ្លាក់ទៅលើស្មារបស់កីឡាករ ដែលមានឱកាសបង្ហាញសមត្ថភាពជាប់ជាជម្រើសជាតិរួចទៅហើយ»។ ប្រសាសន៍របស់ឯកឧត្តម ស សុខា។
ជាមួយនឹងការឈ្នះមេដាយសំរឹទ្ធ លើកដំបូង មេដាយមាស នៅតែជាគោលដៅចម្បងរបស់សហព័ន្ធកីឡាបាល់ទះកម្ពុជា ក្នុងឋានៈជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ ប៉ុន្តែអនុរដ្ឋលេខាធិការ ដែលទទួលបន្ទុកកិច្ចការកីឡារូបនេះ បានសង្កត់ធ្ងន់ថា ទោះមិនអាចសម្រេចបាននូវការឈ្នះមេដាយមាស ប៉ុន្តែយ៉ាងហោចណាស់ ត្រូវតែបន្ថែមមេដាយសំរឹទ្ធ បន្ថែមទៀត។
ឯកឧត្តម ស សុខា មានប្រសាសន៍បន្តថា៖ «យើងគិតថា ២០២៣ អាចនៅសល់ពេលវេលាច្រើន យូរ ប៉ុន្តែស្អែកខានស្អែក យើងកុំមើលរំលងពេលវេលា ពីព្រោះឥឡូវនេះ ប្រទេសជិតខាងរបស់យើង តាមរយៈការដែលយើងបានលេខ៣ ប្រទេសមួយចំនួន ក៏បានប្ដូរគ្រូ ប្រទេសមួយចំនួន ក៏បានរើសកីឡាករថ្មីតែម្ដង ដើម្បីត្រៀមចូលរួមប្រកួតស៊ីហ្គេម២០២៣។ អ៊ីចឹងហើយ ខ្ញុំគិតថា បើយើងខិតខំប្រឹងប្រែង យើងនឹងមានគុណភាពខ្ពស់ ហើយជាពិសេសនឹងអាចនៅក្នុងចំណោមក្រុមកំពូលទាំង៣ (Top 3)។ … ខ្ញុំលើកស៊ីហ្គេមច្រើន ដោយសារតែស៊ីហ្គេមនេះ ជាម៉ែត្រវាស់មួយ ដែលយើងត្រូវតែតម្រង់ទិសក្នុងគោលដៅដើម្បីដណ្ដើមមេដាយមាសជូនជាតិ។ មាស ឬមិនមាស ជារឿងមួយផ្សេងទៀត ប៉ុន្តែយ៉ាងតិចណាស់ ដណ្ដើមមេដាយជូនជាតិ យ៉ាងតិចណាស់រក្សានូវមេដាយលេខ៣ (មេដាយសំរឹទ្ធ) ដែលយើងទទួលបាន ឲ្យនៅក្នុងដៃបន្ថែម»។
ប្រភេទកីឡាបាល់ទះ ស្ថិតនៅក្នុងចំណោមកីឡាទាំង ៣៩ប្រភេទ បូករួមកីឡាសម្ដែង ១ប្រភេទ ដែលនឹងបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជា។ បាល់ទះ ត្រៀមវិញ្ញាសា៤ គឺបាល់ទះក្នុងសាល (បុរស-នារី) និងបាល់ទះលើឆ្នេរខ្សាច់ (បុរស-នារី)៕

Footer ads TVK