Fix Banner Stand
Fix Banner Stand
Footer ads TVK

កម្ពុជាត្រៀមធ្វើម្ចាស់ផ្ទះមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី នៅខែតុលា ឆ្នាំ២០២២ ខាងមុខនេះ

ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ (CAMSOC) បានដឹកនាំកិច្ចប្រជុំគណៈកម្មការជំនាញត្រៀមរៀបចំមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA) លើកទី១៤ ចាប់ពីថ្ងៃទី ០១ ដល់ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ ដែលនឹងប្រព្រឹត្តទៅនៅសណ្ឋាគារសុខាភ្នំពេញ ដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) កំពុងត្រៀមរៀបចំទទួលប្រតិភូចូលរួមប្រមាណ ៤០០នាក់ មកពី ៤៥ប្រទេស ក្រោមការអនុញ្ញាតជាគោលការណ៍ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ។
ចាប់តាំងពីការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាស៊ីហ្គេម នៅសណ្ឋាគារសុខា កាលពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកក្កដា នៅពេលដែលបញ្ហាសំខាន់ៗទាំងអស់ត្រូវបានដោះស្រាយ ដោយសារការរួបរួមក្នុងតំបន់ និងបំណងប្រាថ្នាគាំទ្រកម្ពុជា ក្នុងពេលវេលាជាប្រវត្តិសាស្ត្រសម្រាប់ចលនាអូឡាំពិក។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ CAMSOC គូសបញ្ជាក់ថា នេះជាកិច្ចប្រជុំត្រៀមរៀបចំធ្វើម្ចាស់ផ្ទះ ក្នុងការទទួលបដិសណ្ឋារកិច្ចប្រភិភូកីឡាអន្តរជាតិមកពីពិភពលោក ប្រមាណ ៤០០នាក់។ មហាសន្និបាតនេះនឹងមានប្រតិភូ ជាពិសេសគឺថ្នាក់ដឹកនាំ និងសមាជិកក្រុមប្រឹក្សាអូឡាំពិកអាស៊ី ព្រមទាំងប្រធានគណៈកម្មាធិការជាតិអូឡាំពិក៤៥ប្រទេសក្នុងទ្វីបអាស៊ី។ ជាមួយគ្នានេះ បណ្តាប្រទេសដែលត្រៀមធ្វើម្ចាស់ផ្ទះបន្តវេន ទាំងកីឡាអូឡាំពិក និងកីឡាអាស៊ី ក៏នឹងចូលរួមធ្វើបទបង្ហាញ ក្នុងមហាសន្និបាតនេះផងដែរ។
ប្រតិបត្តិករកីឡារូបនេះបានលើកបង្ហាញពីគោលបំណងចម្បងនៃការធ្វើម្ចាស់ផ្ទះមហាសន្និបាត ដោយកម្ពុជានឹងទទួលបានផលប្រយោជន៍ជាច្រើនពីសហគមន៍អន្តរជាតិ ការជួយផ្សព្វផ្សាយពីបណ្តាញសារព័ត៌មានអន្តរជាតិ ដែលនឹងមកប្រមូលផ្តុំគ្នា នៅទីកន្លែងតែមួយនៃរាជធានីភ្នំពេញ ដើម្បីជួយពង្រីកការផ្សព្វផ្សាយទៅកាន់ពិភពលោក។ ម្យ៉ាងទៀត នឹងផ្តល់ភាពងាយស្រួលក្នុងការទំនាក់ទំនងគ្នារវាងសហព័ន្ធកីឡាជាតិកម្ពុជានានាជាមួយសហព័ន្ធកីឡាអន្តរជាតិ ចលនាអូឡាំពិកអន្តរជាតិទាំងអស់ ក្នុងគោលបំណងជួយពង្រឹងដល់ការអភិវឌ្ឍវិស័យកីឡាជាតិនៅកម្ពុជាបាន។
ចំណុច១ទៀត គឺនយោបាយការទូតកីឡាកម្ពុជាកាន់តែមានភាពរឹងមាំ ជាពិសេសនឹងជំរុញបន្ថែមដល់ចលនាកីឡាពិភពលោកមើលឃើញពីសក្តានុពលរបស់កម្ពុជាផងដែរ។ ដូច្នេះនេះជាឱកាសដ៏កម្រ ដោយមិនងាយនឹងទទួលបានឱកាសធ្វើម្ចាស់ផ្ទះ មហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី បែបនេះឡើយ។ នេះជាពេលវេលាដ៏ល្អមួយ ដែលសហគមន៍អន្តរជាតិ និងក្រុមប្រឹក្សាអូឡាំពិកអាស៊ីបានមើលឃើញពីសក្តានុពលកម្ពុជា នូវវិស័យកីឡា សេដ្ឋកិច្ច ជាពិសេសគឺកត្តាចម្បងនៃម្លប់សន្តិភាពរបស់កម្ពុជា ដែលកំពុងបោះជំហាននៃការអភិវឌ្ឍលើគ្រប់វិស័យពីមួយដំណាក់កាលទៅមួយដំណាក់កាល ខណៈគោលដៅនៃសុខសុវត្ថិភាពពីជំងឺកូវីដ-១៩ ក៏ត្រូវបានអន្តរជាតិបានលើកឡើងផងដែរ។
មហាសន្និបាត OCA នឹងក្លាយជាឱកាសដ៏ល្អមួយដើម្បីជូនដំណឹងដល់ប្រតិភូទាំងអស់អំពីការប្រកួតកីឡាស៊ីហ្គេម នាខែឧសភាខាងមុខ ហើយស្វែងរកការគាំទ្ររបស់ពួកគេសម្រាប់ការធ្វើជាម្ចាស់ផ្ទះប្រកបដោយជោគជ័យផងដែរ
«កន្លងមកមានមតិខ្លះបានលើឡើងថា បណ្តាប្រទេសជាម្ចាស់ផ្ទះខ្លះថាទទួលរៀបចំធ្វើម្ចាស់ផ្ទះ គឺមិនមានលក្ខណៈពេញលេញ ដោយមិនទទួលបានការគាំទ្រពីលើឆាកអន្តរជាតិជាដើម។ ដូច្នេះ នៅក្នុងឱកាសដ៏កម្រ និងល្អ ក្នុងនាមជាម្ចាស់ផ្ទះ មហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកកម្ពុជា នាដើមក្រោយនេះ កម្ពុជានឹងស្វះស្វែងរកការគាំទ្រឲ្យបានពេញលេញពីអន្តរជាតិទៅលើនយោបាយកីឡារបស់កម្ពុជាយើង នៃគោលដៅកំពុងត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ហ្កេម លើកទី១២ ឆ្នាំ២០២៣ និងការធ្វើម្ចាស់ផ្ទះ កីឡាយុវជនអាស៊ី ឆ្នាំ២០២៩»។ នេះការបញ្ជាក់បន្ថែមរបស់ឯកឧត្តម វ៉ាត់ ចំរើន៕
ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ទៀតថា តាមពិត មហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី ត្រូវធ្វើនៅសាធារណរដ្ឋប្រជាមានិតចិន ឯណោះទេ ប៉ុន្តែដោយសារការពន្យារពេលនៃព្រឹត្តិការណ៍កីឡាអាស៊ី ឆ្នាំ២០២២ នៅចិនត្រូវបានលើកពេលទៅឆ្នាំ២០២៣ ទើបអន្តរជាតិផ្តល់សិទ្ធិជូនកម្ពុជារៀបចំធ្វើម្ចាស់ផ្ទះ នាដើមខែក្រោយនេះ។ «តាមរយៈកិច្ចប្រជុំនៅថ្ងៃនេះ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC បានជំរុញឲ្យគ្រប់គណៈកម្មការជំនាញក្រោមឱវាទទាំងអស់ត្រៀមរៀបចំឲ្យបានគ្រប់ជ្រុងជ្រោយ ក្នុងការទទួលបដិសណ្ឋារកិច្ច ការដឹកជញ្ជូន ហូបចុកស្នាក់នៅ សន្តិសុខ សណ្តាប់ឆ្នាប់ឲ្យទទួលជោគជ័យ ប្រកបដោយសេចក្តីថ្លៃថ្នូរ និងកិត្តិយសជាតិជាធំផងដែរ»៕

 

Footer ads TVK