Fix Banner Stand
Fix Banner Stand
Footer ads TVK

សិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីវិធានការមានប្រសិទ្ធភាពកាត់បន្ថយហានិភ័យបណ្ដាលមកពីការប្រើប្រាស់ថ្នាំជក់

លោកជំទាវ សាន អរុណ រដ្ឋលេខាធិការក្រសួងកិច្ចការនារី តំណាងលោកជំទាវ មាន សំអាន ប្រធានគណៈកម្មធិការទី៨ នៃព្រឹទ្ធសភា បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី វិធានការមានប្រសិទ្ធភាពកាត់បន្ថយហានីភ័យ បណ្តាលមកពីការប្រើប្រាស់ថ្នាំជក់ នៅក្រុងតាខ្មៅ ខេត្តកណ្តាល។

ការប្រើប្រាស់ថ្នាំជក់បង្កអោយមានបញ្ហាសេដ្ឋកិច្ច និងសុខភាពធ្ងន់ធ្ងរ ដែលជាបន្ទុកសម្រាប់រាជរដ្ឋាភិបាលដោះស្រាយ។ ជាក់ស្តែង ជារៀងរាល់ឆ្នាំកម្ពុជាខាតបង់ថវិកាប្រមាណ ​​​​​៦៦៣លាន​ដុលាអាមេរិក ស្មើនឹង៣% នៃ GDP ដោយសារតែការប្រើប្រាស់ថ្នាំជក់។ ប្រជាពលរដ្ឋប្រមាណ ១៥ ០០០ ស្លាប់ដោយសារតែជំងឺដែលបង្កពីការប្រើប្រាស់ថ្នាំជក់ រួមមានជំងឺដាច់សរសៃខួរក្បាល សរសៃឈាមបេះដូង ផ្លូវដង្ហើមរ៉ាំរ៉ៃ មហារីក និងទឹកនោមផ្អែម ជាអាទិ៍(The Case for Investing in WHO FCTC Implementation in Cambodia, 2019) ។
ខណៈដែលរាជ​រដ្ឋាភិបាល ​ខិតខំប្រឹងប្រែងលើកកម្ពស់សុខភាពប្រជាពលរដ្ឋ ឧស្សាហកម្មថ្នាំជក់ ក៏បានខិតខំប្រឹងប្រែងមិនឈប់ឈរ ដើម្បីស្វែងរកអ្នកជក់ថ្មីៗទៀត ដូចអង្គការសុខភាពពិភពលោកបានបញ្ជាក់កន្លងមកថា ផលិតផលថ្នាំជក់សម្លាប់ប្រមាណពាក់កណ្ដាលនៃអ្នកប្រើប្រាស់ទាំងអស់ ប្រាកដណាស់ក្រុមហ៊ុនថ្នាំជក់ត្រូវការអ្នកជក់ថ្មីៗទៀតដើម្បីរក្សាផលចំណេញ។
វិធានការឈ្នះ ឈ្នះ សម្រាប់សុខភាពសាធារណៈ និងសម្រាប់រាជរដ្ឋាភិបាលគឺ ការដំឡើងពន្ធលើផលិតផលថ្នាំជក់ ព្រោះការដំឡើងពន្ធនឹងជួយអោយប្រជាពលរដ្ឋឈប់ចំណាយថវិកាទិញបារីដែលជាផលិតផលមិនចាំបាច់ ហើយកាត់បន្ថយយុវជនពីការចង់សាកល្បងប្រើប្រាស់បារីផងដែរ មានន័យថាយើងអាចបង្ការពួកគាត់ពីការឈឺ ស្លាប់ ពិការដែលបង្កពីការប្រើប្រាស់ថ្នាំជក់បាន។ ម្យ៉ាងវិញទៀតរដ្ឋាភិបាលនឹងទទួលបានចំណូលពន្ធបន្ថែមផងដែរ។ តាមបទពិសោធន៍របស់ប្រទេសក្នុងតំបន់អាស៊ាន ដូចជា ថៃ ហ្វីលីពីន សិង្ហបុរី បានបង្ហាញថា ការដាក់ចេញនូវវិធានការដំឡើងពន្ធថ្នាំជក់ ធ្វើអោយរដ្ឋាភិបាលទទួលបានចំនូលពន្ធកើនឡើង ព្រមទាំងជួយបង្ការប្រជាពលរដ្ឋ​ពីជំងឺដែលបង្កដោយការប្រើប្រាស់ថ្នាំជក់ទៀតផង។

Footer ads TVK