Fix Banner Stand
Fix Banner Stand
Footer ads TVK

ឯកឧត្តម ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក)ដឹកនាំប្រតិភូសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ចូលជួបសំដែងការគួរសមជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ព្រឹកថ្ងៃទី២៤ ខែសីហា ធ្វើរបាយការណ៍ជម្រាបជូនពីលទ្ធផលការងារសម្រេចបានក្នុងអាណត្តិទី២ កន្លងមក ព្រមទាំងទិសដៅការងារសម្រាបអាណត្តិបន្ត

នៅក្នុងឱកាសដឹកនាំប្រតិភូសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ចូលជួបសំដែងការគួរសមជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានធ្វើរបាយការណ៍ជម្រាបជូនពីលទ្ធផលការងារសម្រេចបានក្នុងអាណត្តិទី២ កន្លងមក ព្រមទាំងទិសដៅការងារសម្រាប់អាណត្តិបន្ត។
ឯកឧត្តម ហ៊ុយ វណ្ណៈ ដែលបានដឹកនាំសហព័ន្ធសារព័ត៌មាន ស.ស.ស.ក រយៈពេល៦ឆ្នាំកន្លងមកនេះ បានបញ្ជាក់ថា នៅក្នុងអាណត្តិទី២ ចាប់ពីឆ្នាំ២០១៩-២០២២ ទោះបីសហព័ន្ធក៏ដូចស្ថាប័ននានា ត្រូវជួបប្រឈមនូវស្ថានភាពលំបាកបង្កដោយជំងឺរាតត្បាតសកលកូវីដ១៩ ប៉ុន្តែ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា នៅបានបន្តធ្វើសកម្មភាពលើ១០គម្រោង ក្នុងនោះរួមមាន៖ ការបណ្តុះបណ្តាល ការងារមនុស្សធម៌ការងារព័ត៌មាននិងការផ្សព្វផ្សាយ ការពិនិត្យឆ្លើយតបរបាយការណ៍បរទេស ការការពារសិទ្ធិអ្នកសារព័ត៌មាន ហើយក្នុងនោះក៏បានជួយអន្តរាគមន៍អ្នកកាសែតសរុប២៣អង្គភាព ស្មើនឹង៣៣នាក់ ឱ្យរួចផុតពីការចោទប្រកាន់ដោយតុលាការនៅក្នុងភូមិសាស្ត្រ៥រាជធានី-ខេត្ត។
សម្រាប់ទិសដៅការងារបន្តរបស់ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ចាប់ពីឆ្នាំ២០២២-២០២៥ ឯកឧត្តម ហ៊ុយ វណ្ណៈ បានលើកឡើងថា ដោយមើលឃើញពីការវិវត្តជឿនលឿនឥតឈប់ឈរនៃបច្ចេកវិទ្យាព័ត៌មានវិទ្យានិងឌីជីថល និងដើម្បីបន្តបេសកកម្មការងាររបស់ខ្លួនប្រកបដោយភាពរស់រវើក ស្របតាម សភាពការណ៍ជាក់ស្តែងនិងការវិវត្តប្រែប្រួលឥតឈប់ឈរនៃតម្រូវការសង្គមនិងសកលលោក លើវិស័យព័ត៌មាននិងការផ្សព្វផ្សាយ សហព័ន្ធសម្រេចដាក់ចេញទិសដៅការងារលើសំណុំអាទិភាពចំនួន៣ធំគឺ៖ សារព័ត៌មានអាជីព ការផ្សព្វផ្សាយមហាជនតាមបណ្តាញសង្គម និងការងារសាធារណមតិ។ ជាមួយគ្នានេះ សហព័ន្ធគ្រោងបើកវគ្គបណ្តុះបណ្តាលលើចំណេះដឹងជាអាទិភាព៥គឺ៖ មូលដ្ឋានគ្រឹះសារព័ត៌មាន ការដឹកនាំវិស័យសារព័ត៌មាន កិច្ចការអ្នកនាំពាក្យ កិច្ចការសាធារណៈ និងការបណ្តុះបណ្តាលវាគ្មិន។
ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា រួមជាមួយសមាគមកាសែតជាង ៥០ នៅកម្ពុជា នៅក្នុងការងារព័ត៌មាន និងការផ្សព្វផ្សាយនៅកម្ពុជា។
នៅឱកាសនេះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ គាំទ្រដល់គម្រោងបន្តបើកវគ្គបណ្តុះបណ្តាលវាគ្មិន ហើយក៏ដូចជាជួយចែករំលែកដល់អ្នកកាសែតពីការវិវត្តន៍ជឿនលឿននៃបច្ចេកវិទ្យាព័ត៌មានវិទ្យា និងឌីជីថល។ ឯកឧត្តមរដ្ឋមន្ត្រីគូសបញ្ជាក់ថា និន្នាការហ្វេសបុកហាក់ក្លាយទៅជាបែបពាក់កណ្តាលបុរាណសម័យ ខណៈនិន្នាការ TikTok ហាក់ក្លាយជាទីពេញនិយម ជាពិសេសក្នុងចំណោមអ្នកប្រើប្រាស់បណ្តាញសង្គម។
ឯកឧត្តម រដ្ឋមន្រ្តី បានជម្រាបជូនពីភាពចាំបាច់ក្នុងការបន្តរួមចំណែកពង្រឹង «ក្រមសីលធម៌វិជ្ជាជីវៈអ្នកកាសែត» ផងដែរ ដោយស្នើឱ្យសហព័ន្ធពិចារណារកវិធីក្នុងការរួមគ្នាបង្កើតនូវក្រុមប្រឹក្សាក្រមសីលធម៌សារព័ត៌មាន ដើម្បីជួយដាស់តឿន តម្រង់ទិស និងដើម្បីកាត់បន្ថយលុបបំបាត់ឱ្យបាននូវការប្រើប្រាស់តួនាទីកាសែតមិនសមរម្យ ឬដូចករណីជេរប្រមាថដែលបានកើតមានកន្លងមក។ ឯកឧត្តមរដ្ឋមន្ត្រីគូសបញ្ជាក់ថា «ក្រមសីលធម៌ គឺជាអាវក្រោះរបស់អ្នកកាសែត»។

Footer ads TVK