Fix Banner Stand
Fix Banner Stand
Footer ads TVK

អាជ្ញាធរមីន និងសភាពាណិជ្ជកម្មសហគមន៍អ៊ឺរ៉ុបប្រចាំនៅកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីភាពជាដៃគូវិស័យសកម្មភាពមីន និងការអភិវឌ្ឍសហគមន៍នៅកម្ពុជា

ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ឯឧ ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងអាជ្ញាធរមីន និងសភាពាណិជ្ជកម្មសហគមន៍អ៊ឺរ៉ុបប្រចាំនៅកម្ពុជា ស្តីពីភាពជាដៃគូវិស័យសកម្មភាពមីន និងការអភិវឌ្ឍសហគមន៍នៅកម្ពុជា។

ឯឧ ទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានាថ្ងៃនេះ បានធ្វើឡើងគឺដើម្បីឆ្លើយតបនឹងការអំពាវនាវរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ឲ្យមានការចូលរួមពីគ្រប់ភាគី ក្នុងដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា និងបញ្ចប់ការលំបាក និងការភ័យខ្លាចរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ក្នុងនាម សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន ឯឧ ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ និងការយកចិត្តទុកដាក់របស់សភាពាណិជ្ជ កម្មសហគមន៍អ៊ឺរ៉ុបប្រចាំនៅកម្ពុជា ដឹកនាំដោយលោក Tassilo Brinzer ជាប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល ក្នុងការចូលរួមប្រកបដោយទឹកចិត្តសប្បុរសដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា ដើម្បីផ្តល់ដីសុវត្ថិភាព និងបង្កើតស្នាមញញឹម។

ឯឧទេសរដ្ឋមន្រ្តី ជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ នឹងផ្តល់នូវភាពជោគជ័យ និងបង្កើតនូវមូលដ្ឋានគ្រឹះដ៏រឹងមាំ ដែលនាំទៅរកភាពជាដៃគូកាន់តែធំ ទូលំទូលាយ និងស៊ីជម្រៅ ក៏ដូចជានាំឲ្យកម្ពុជា និងអឺរ៉ុបកាន់តែជិតស្និទ្ធជាមួយគ្នា និងជំរុញទំនាក់ទំនងទ្វេភាគី ហើយសភាពាណិជ្ជកម្មអឺរ៉ុប នឹងជាចំណែកមួយក្នុងការបង្កើតបរិយាកាសចាំបាច់សម្រាប់វិស័យឯកជន ក្នុងការចូលរួមយ៉ាងពេញលេញ និងជោគជ័យសម្រាប់សកម្មភាពមីនកម្ពុជា។

ក្នុងឱកាសនោះ ឯឧទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា “ការដោះមីនគឺជាការងារពិបាក និងចំណាយធនធានច្រើន។ គ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅតែលងបន្លាចប្រទេសកម្ពុជា និងរារាំងដល់ការអភិវឌ្ឍជាតិ។ ចាប់តាំងពីឆ្នាំ ១៩៩៣ មក ជីវិតប្រជាពលរដ្ឋស្លូតត្រង់រាប់ពាន់នាក់បានបាត់បង់នៅលើដីដែលពួកគាត់ចាត់ទុកថាមានសុវត្ថិភាព និងទឹកដីដែលពួកគាត់មានបំណងចាប់ផ្តើមជីវិតថ្មី និងអនាគតថ្មី បន្ទាប់ពីសង្គ្រាម និងការផ្លាស់ទីលំនៅជាច្រើនទសវត្សរ៍។”

ឯឧបន្តទៀតថា ចាប់ពីឆ្នាំ១៩៩៨ ទោះបីប្រទេសកម្ពុជា មានកំណើនសេដ្ឋកិច្ចលឿនបំផុតក្នុងពិភពលោកជាមួយនឹងកំណើន ៧.៥% និងជាអ្នករួមចំណែកយ៉ាងសកម្មក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅអាហ្វ្រិក មជ្ឈិមបូព៌ា និងផ្នែកជាច្រើនទៀត កម្ពុជាបន្តនៅសល់ផ្ទៃដីសង្ស័យមានមីន និងគ្រាប់ប្រមាណ ១៩៩១ គីឡូម៉ែត្រក្រឡា ក្នុងនោះផ្ទៃដីមានមីនចំនួន ៧១៦ គីឡូម៉ែត្រក្រឡា។

លោក Tassilo Brinzer បានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យរបស់វិស័យមីននៅកម្ពុជា ក្រោមការសម្របសម្រួល និងដឹកនាំរបស់អាជ្ញាធរមីន រយៈពេល ៣០ឆ្នាំកន្លងមកនេះ។ លោកបានបន្តលើកឡើងថា EuroCham នឹងធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ និងជម្រុញឲ្យមានការចូលរួមដល់ការងារបោសសម្អាតមីននៅកម្ពុជា ពីបណ្ដាសមាជិក និងក្រុមហ៊ុនទាំងអស់ក្រោមការសម្របសម្រួលរបស់ EuroCham តាមរយៈការរៀបចំរាត្រីសមោសរ និងកម្មវិធីផ្សេងៗ ជាដើម។

 

Footer ads TVK