Fix Banner Stand
Fix Banner Stand
Footer ads TVK

ឯកឧត្តមបណ្ឌិត អ៉ិត សំហេង អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះសម្រាប់វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារបច្ចេកទេសចម្រុះសម្រាប់វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TWG-TVET) នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំ របស់ក្រុមការងារបច្ចេកទេសចម្រុះសម្រាប់វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ រៀបចំឡើងនៅមជ្ឈមណ្ឌល ស្រាវជ្រាវ អភិវឌ្ឍ និងនវានុវត្ត ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ចំនួន៣ សំខាន់ៗ រួមមាន៖ ១. ការធ្វើរបាយការណ៍វឌ្ឍនភាពលើការងារអាទិភាពវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (អ.ប.វ.) ឆ្នាំ២០២២ និងឆ្នាំ២០២៣, ២. ការធ្វើបច្ចុប្បន្នភាពវឌ្ឍនភាពនៃការគាំទ្រក្នុងវិស័យ អ.ប.វ. របស់ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជន និង៣. គោលការណ៍ណែនាំសម្រាប់រៀបចំរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តសូចនាករតាមដានរួមគ្នាស្តីពី អ.ប.វ. ឆ្នាំ២០២១-២០២២ និងការកំណត់សូចនាករតាមដានរួមគ្នាស្តីពី អ.ប.វ. ឆ្នាំ២០២៤-២០២៨។

ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរដល់ក្រុមការងារ ដែលបានខិតខំបំពេញការងារកន្លងមកទទួលបានលទ្ធផលជាផ្លែផ្កាចាប់តាំងពីការរៀបចំបង្កើតឱ្យមានជាក្រុមការងារបច្ចេកទេសចម្រុះសម្រាប់វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ រួចមក ហើយនេះជាកិច្ចប្រជុំលើកទី៥ ដែលមានសមាសភាពចូលរួមសរុបចំនួន ៦១រូប មកពីក្រសួងស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ។

លើសពីនេះ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង ក៏បានថ្លែងអំណរគុណដល់សមាជិកអង្គប្រជុំទាំងអស់ ដែលបានផ្តល់ជាធាតុចូលដ៏មានសារៈសំខាន់ សម្រាប់បន្តរួមគ្នាសម្រេចឱ្យបាននូវគោលដៅទាំងឡាយ ដែលបានដាក់ចេញក្នុងការអភិវឌ្ឍជំនាញនៅកម្ពុជា ។

ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ បន្តជួយគាំទ្រសកម្មភាពសំខាន់ៗ របស់ក្រសួងក្នុងវិស័យ TVET មួយចំនួនរួមមាន៖ ១) ការអនុវត្តគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០១៧-២០២៥, ២)ការអភិវឌ្ឍច្បាប់ TVET ៣)ការធ្វើឌីជីថលវិស័យ TVET ឱ្យស្របតាមតម្រូវការប្រើប្រាស់ទាំងគ្រឹះស្ថាន TVET វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធផ្សេងៗ និង៤)សូមជួយគាំទ្រថវិកា និងបច្ចេកទេសក្នុងការរៀបចំសន្និសិទ TVET ក្នុងតំបន់ ASEAN ដែលនឹងរៀបចំឡើងនៅកម្ពុជានៅចុងឆ្នាំ២០២២នេះ៕

Footer ads TVK