Fix Banner Stand
Fix Banner Stand
Footer ads TVK

អតីតកីឡាការិនីជម្រើសជាតិកម្ពុជា កំពុងលេងនៅអាមេរិក នៅតែចិញ្ចឹមចិត្តចង់លេងឲ្យជាតិ នាស៊ីហ្គេម២០២៣

អតីតកីឡាការិនីបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលធ្លាប់ទាត់ចូលក្រុមជម្រើសជាតិទីម័រខាងកើត ៦គ្រាប់ម្នាក់ឯង កីឡាការិនី ហួត គឹមហុង នៅតែចិញ្ចឹមចិត្តចង់ចូលលេងនៅស៊ីហ្គេម ឆ្នាំ២០២៣ បើទោះពេលនេះ ខ្លួនកំពុងលេងឲ្យក្រុមមួយ នៅប្រទេសអាមេរិក។

បច្ចុប្បន្ន កូនអ្នកខេត្តបាត់ដំបងខាងលើ កំពុងរៀននៅសាលា Bryant and Stratton college ហើយគេក៏ជាកីឡាការិនីឆ្នើមម្នាក់ ក្នុងសាលានេះដែរ។ គឹមហុង ធ្លាប់ជាកីឡាការិនីឆ្នើមរបស់ក្លិបភ្នំពេញក្រោន ដែលបានជាប់ជម្រើសជាតិ និងស៊ុតបញ្ចូលទីឲ្យជម្រើសជាតិនារីកម្ពុជា បាន៦គ្រាប់ម្នាក់ឯង ដោយយកឈ្នះ ទីម័រខាងកើត ១២-០ ក្នុងកម្មវិធី AFF Women’s Championship 2018។
អតីតខ្សែប្រយុទ្ធរបស់ក្លិបភ្នំពេញក្រោនរូបនេះ បាននិយាយថា «បើទោះជាពេលនេះ ខ្ញុំនៅអាមេរិក ហើយមិនដឹងថា ឆ្នាំ២០២៣ បានទៅកម្ពុជាវិញឬអត់ ប៉ុន្តែចិត្តរបស់ខ្ញុំនៅតែចង់ទៅជួយជម្រើសជាតិនារីខ្មែរវិញ បើសិនមានការកោះហៅ ឬបើសិនអាចបានទៅស្រុកកំណើត។ រឿងដែលខ្ញុំស្រម៉ៃ គឺចង់លេងស៊ីហ្គេម២០២៣នេះហើយ ប៉ុន្តែខ្លាចបំផុតនៅពេលបានចូលបម្រើការងារនៅនេះ (អាមេរិក) ទៅ វាធ្លាក់ជើងធ្លាក់អីមិនអាចជួយក្រុមបានច្រើន។ តែអត់អីទេ បើសិនមានការកោះហៅមែន ខ្ញុំនឹងព្យាយាម»។
កីឡាការិនីរូបនេះបន្ថែមថា រូបគេនឹងរៀនចប់នៅខែធ្នូ ឆ្នាំ២០២២នេះ ហើយក៏មិនទាន់ច្បាស់ពីផែនការជីវិតថា បន្តនៅអាមេរិក ឬត្រឡប់ទៅកាន់កម្ពុជាវិញដែរ។ បើនិយាយពីការលេងបាល់ទាត់វិញ រូបគេជឿថា នៅពេលធ្លាក់ទម្រង់បើសិនបានហាត់ជាប់គ្នាត្រឹម១សប្ដាហ៍អី អាចល្អវិញហើយ។ ហួត គឹមហុង ជាអតីតកីឡាការិនីរបស់ក្លិបភ្នំពេញក្រោន និងជាអតីតគ្រូបង្វឹក U14 របស់ក្រុមបាល់ទាត់ភ្នំពេញក្រោនផងដែរ ៕

Footer ads TVK