Fix Banner Stand
Fix Banner Stand
Footer ads TVK

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន គាំទ្របេសកកម្ម និងតួនាទីរបស់អង្គការសហប្រជាជាតិ ក្នុងការពង្រឹងសាមគ្គីភាព រក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក្នុងនាមរដ្ឋសភាកម្ពុជាបានគាំទ្របេសកកម្មនិងតួនាទីរបស់អង្គការសហប្រជាជាតិ ជាពិសេសតួនាទីរបស់ក្រុមប្រឹក្សាសន្តិសុខ ក្នុងការពង្រឹងសាមគ្គីភាព រក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ព្រមទាំងការដោះស្រាយបញ្ហាវិវាទ និងជម្លោះនានា ដែលកំពុងកើតមាននៅទូទាំងសកលលោក។

សម្តេចបានមានប្រសាសន៍បែបនេះ នៅក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម អាប់ឌូឡា សាហ៊ីដ ប្រធានមហាសន្និបាត លើកទី៧៦ នៃអង្គការសហប្រជាជាតិ ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃចន្ទ ទី២២ ខែសីហា ឆ្នាំ២០២២ នៅវិមានរដ្ឋសភា។

នៅក្នុងឱកាសនោះ ឯកឧត្តម អាប់ឌូឡា សាហ៊ីដ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដែល សម្តេចប្រធានរដ្ឋសភា បានអនុញ្ញាតឱ្យ ឯកឧត្តម និងគណៈប្រតិភូបានចូលជួបសម្តែងការគួរសម នៅក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។
ឯកឧត្តម បានសម្តែងការកោតសរសើរចំពោះវីរភាពនិងការលះបង់ដ៏ធំធេងរបស់ សម្តេចប្រធានរដ្ឋសភា ក្នុងការរំដោះប្រទេសកម្ពុជា និងបានចូលរូមអភិវឌ្ឍន៍ប្រទេសជាតិរហូតមកស្ទើរពេញមួយជីវិតរបស់សម្តេច។

ឯកឧត្តម អាប់ឌូឡា សាហ៊ីដ បានលើកឡើងពីតួនាទីដ៏ជិតស្និទ្ធនិងមិនអាចខ្វះបានរវាងអង្គការសហប្រជាតិ និងអន្តរសភា(IPU)។ ឯកឧត្តមបានគូសបញ្ជាក់ថា កម្ពុជាជាប្រទេសគំរូមួយ ដែលបណ្តាប្រទេសនានាគួរយកតម្រាប់តាម ដោយសារកម្ពុជាបានប្រែក្លាយពីប្រទេសដែលមាន កងរក្សាសន្តិភាពអង្គការសហប្រជាតិនៅឆ្នាំ១៩៩៣ ប៉ុន្តែពេលនេះកម្ពុជាបានបញ្ជូនកងកម្លំាងស្ម័គ្រចិត្តរបស់ខ្លួន ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ទៅបំពេញបេសកកម្មមនុស្សធម៌ រក្សាសុខសន្តិភាព នៅប្រទេសជាច្រើនក្នុងសកលលោក។

ឯកឧត្តម អាប់ឌូឡា សាហ៊ីដ បានជូនពរឱ្យកម្ពុជាសម្រេចបានគោលដៅអភិឌ្ឍន៍ក្នុងការក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងអំណរគុណដល់អង្គការសហប្រជាជាតិ ដែលតែងផ្តល់ការគាំទ្រ និងកិច្ចសហការក្នុងការរួមចំណែកអភិវឌ្ឍកម្ពុជា ជាពិសេសការផ្តល់វ៉ាក់សាំងកូវីដ-១៩ សំភារៈបច្ចេកទេស និងឧបករណ៍វេជ្ជសាស្រ្ត ដែលរួមចំណែកដល់ភាពជោគជ័យ នៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ សម្តេចបានមានប្រសាសន៍លើកឡើងថា ការចាប់បដិសន្ធិ នៃព្រះរាជាណាចក្រកម្ពុជា ជាលើកទី២ គឺមានការជ្រោមជ្រែងយ៉ាងសកម្មពីអង្គការសហប្រជាជាតិ ដែលធ្វើឱ្យកម្ពុជាអាចចូលរួមចំណែកយ៉ាងសកម្មជាមួយដៃគូរអន្តរជាតិនានា ទាំងក្នុងក្របខណ្ឌនីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិ ក្នុងការឈានទៅសម្រេចបាននូវរាល់របៀបវារៈសកលនានា ដែលបានដាក់ចេញ ក្នុងនោះរួមមាន របៀបវារៈអភិវឌ្ឍន៍សកលឆ្នាំ២០៣០ ជាដើម។ នាដើមទសវត្សឆ្នាំ៩០ ក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពី សន្តិភាពនៅកម្ពុជា អង្គការសហប្រជាជាតិ បានបញ្ជូនកងកម្លំាងរក្សាសន្តិភាពមកជួយកម្ពុជា។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថា ចាប់តំាងពីឆ្នំា២០០៦ រហូតដល់បច្ចុប្បន្ន កម្ពុជាបានក្លាយខ្លួនជាប្រទេសដែលបានរួមចំណែកជាមួយអង្គការសហប្រជាជាតិវិញ ក្នុងបុព្វហេតុសន្តិភាព និងមនុស្សធម៌ក្នុងពិភពលោក តាមរយៈការបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពជាង៨ពាន់នាក់ ចូលរួមក្នុងបេសកកម្មចំនួន១១ ក្នុងប្រទេសចំនួន៩។ ការចូលរួមយ៉ាងសកម្ម និងដ៏មានតម្លៃនេះ ធ្វើឱ្យប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ទី២៨ ក្នុងចំណោម ១២២ប្រទេស។

ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា ចាប់តាំងពីអាណត្តិទី១ រហូតដល់ចុងអាណត្តិទី៦នេះ រដ្ឋសភាកម្ពុជាក៏បានរួមចំណែកយ៉ាងសកម្មក្នុងការថែរក្សា និងកសាងសន្តិភាពក្នុងតំបន់និងសកលលោក ជាមួយដៃគូស្ថាប័ននីតិប្បញ្ញត្តិនានា ក្នុងការប្រតិបត្តិការងារការទូតសភា ជាពិសេសតាមរយៈស្ថាប័នសហភាពអន្តរសភា (IPU) ដែលមានភារកិច្ចធ្វើសេចក្តីរាយការណ៍ជូនអង្គមហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ៕

Footer ads TVK