Fix Banner Stand
Fix Banner Stand
Footer ads TVK

រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញដាំដើមឈើ និងសួរសុខទុក្ខកងកម្លាំងបញ្ជាការដ្ឋានអង្គរក្ស ដែលកំពុងឈរជើង សម្អាតដី ដើម្បីរៀបចំដាំកូនឈើនៅតំបន់ភ្នំតាម៉ៅ

នៅព្រឹកថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២២ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដឹកនាំ ឯកឧត្តម អស់លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងមន្ដ្រីរាជការក្រសួងព័ត៌មាន អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងបរិក្ខារមួយចំនួនជូនដល់ កងកម្លាំងនៃបញ្ជាការដ្ឋានអង្គរក្ស ដែលកំពុងឈរជើងសម្អាតដី ដើម្បីរៀបចំដាំកូនឈើនៅតំបន់ភ្នំតាម៉ៅ ក្នុងស្រុកបាទីខេត្តតាកែវ តាមអនុសាសន៍ណែនាំពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។ដែលកំពុងដឹកនាំបញ្ជាផ្ទាល់ ពីសំណាក់ ។
ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ដែលមានវត្តមានដឹកនាំបញ្ជាផ្ទាល់បានទទួលស្វាគមន៍ និងគោរពរាយការណ៍ជូនឯកឧត្តមរដ្ឋមន្ត្រី អំពីការងារចាត់ចែងភារកិច្ចដល់កងកម្លាំងដើម្បីរៀបចំដី និងដាំកូនឈើឡើងវិញ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានឱ្យដឹងដែរថា នៅក្នុងការងារនេះគឺបានប្រើប្រាស់កងកម្លាំង នៃបញ្ជាការដ្ឋានអង្គរក្សប្រមាណជាង ១០០០នាក់ និងគ្រឿងចក្រជាង១០០គ្រឿង ដោយប្រចាំការនៅទីតាំងផ្ទាល់ ដើម្បីធ្វើយ៉ាងណាឱ្យឆាប់សម្រេចរួចរាល់ក្នុងរដូវភ្លៀងនេះ ។
ជាមួយគ្នានោះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្ដែងនូវការអរគុណ និងកោតសរសើរជាទីបំផុតចំពោះកម្លាំងកងទ័ព ពិសេសកងកម្លាំងនៃបញ្ជារដ្ឋានអង្គរក្ស ដែលបានបំពេញយ៉ាងសកម្មនៅក្នុងការអនុវត្តន៍តាមអនុសាសន៍នែណាំរបស់សម្ដេចតេជោនាយកមន្ត្រី ។ ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ទៀតថា កងកម្លាំងរបស់យើងបានចូលរួមយ៉ាងសំខាន់នៅក្នុងដាំដើមឈើឡើងវិញ ដែលតំបន់តាម៉ៅនឹងត្រូវបានរៀបចំជាឧទ្យានឈើប្រណិត និងត្រូវបានការពារដោយព្រះរាជក្រឹត្យ ។
សូមជម្រាបជូនដែរថា នៅក្នុងឱកាសអញ្ជើញប្រគល់សញ្ញាប័ត្រដល់និស្សិតសាកលវិទ្យាពុទ្ធិសាស្ត្រ កាលពីថ្ងៃទី១៧ សីហានេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់អំពីការសម្រេចឱ្យធ្វើការអភិរក្ស និងកែលម្អទៅជាឧទ្យានដើមឈើប្រណិតៗ ស្ថិតក្រោមការគ្រប់គ្រងដោយក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ដែលត្រូវបានការពារដោយព្រះរាជក្រឹត្យ ។
មកដល់ពេលនេះ តំបន់ភ្នំតាម៉ៅត្រូវបាន ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទានឡាយព្រះហស្ថលេខា លើព្រះរាជក្រឹត្យលេខ នស/រកត/០៨២២/១០០៨ តាមសេចក្ដីក្រាបបង្គំទូលថ្វាយរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។
ដោយ: ទទក

Footer ads TVK