Fix Banner Stand
Fix Banner Stand
Footer ads TVK

ពានយុវជន U15 និង U18 បានរកឃើញបេក្ខភាពឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ

ការប្រកួតបាល់ទាត់ជម្រើសជើងឯកយុវជនអាយុក្រោម ១៥ឆ្នាំ (U15) និងអាយុក្រោម ១៨ឆ្នាំ (U18) ឆ្នាំ២០២២ បានរកឃើញបេក្ខភាពឡើងវគ្គ ៤ក្រុមចុងក្រោយហើយ បន្ទាប់ពីធ្វើការប្រកួតជម្រុះវគ្គ ៨ក្រុមចុងក្រោយតែ ១ជើងកាលពីថ្ងៃអាទិត្យ ទី២១ ខែសីហា ឆ្នាំ២០២២ កន្លងទៅ។

សម្រាប់ពានរង្វាន់យុវជន U15 ក្រុមដែលបានយកឈ្នះគូប្រកួតឡើងវគ្គបន្ដ រួមមានក្រុមយុវជន U15 កងយោធពលខេមរភូមិន្ទយកឈ្នះក្រុមយុវជនសាលាតម្រង់ទិសខេត្តរតនគិរី ៥ទល់១ , ក្រុមសាលាតម្រង់ទិសខេត្តស្វាយរៀងយកឈ្នះក្រុមអគ្គិសនីកម្ពុជា ដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ៥-៤ ក្រោយប្រកួតម៉ោងធម្មតាស្មើគ្នា ១ទល់១ , ក្រុមអង្គរថាយហ្គឺរយកឈ្នះក្រុមសាលាតម្រង់ទិសខេត្តកំពត ដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ៣-១ ក្រោយប្រកួតម៉ោងធម្មតាស្មើគ្នា ២ទល់២។ រីឯក្រុមណាហ្គាវើលដ៏-កំពង់ស្ពឺយកឈ្នះសាលាតម្រង់ទិសខេត្តបន្ទាយមានជ័យ ៤ទល់២ ។

សម្រាប់កម្មវិធីប្រកួតវគ្គ ៤ក្រុមចុងក្រោយនៃពានយុវជនអាយុក្រោម ១៥ឆ្នាំនេះរួមមានក្រុមយុវជន U15 កងយោធពលខេមរភូមិន្ទជួបក្រុមណាហ្គាវើលដ៏-កំពង់ស្ពឺ និងក្រុមសាលាតម្រង់ទិសខេត្តស្វាយរៀងត្រូវជួបក្រុមយុវជនអង្គរថាយហ្គឺរ។ ការប្រកួតគ្រោងធ្វើឡើងនាថ្ងៃទី២៨ ខែសីហាខាងមុខនេះ។ ដោយឡែកពានរង្វាន់យុវជន U18 វិញ ក្រុមដែលបានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ រួមមានក្រុមវិសាខាយកឈ្នះក្រុមសាលាតម្រង់ទិសខេត្តកំពង់ចាម ៣ទល់០, ក្រុមភ្នំពេញក្រោនយកឈ្នះក្រុមសាលាតម្រង់ទិសខេត្តស្វាយរៀង ៣ទល់០, ក្រុមសាលាបាល់ទាត់ជាតិបាទីយកឈ្នះក្រុមក្រុមអង្គរថាយហ្គឺរ ២ទល់១ ចំណែកក្រុមសាលាតម្រង់ទិសខេត្តបន្ទាយមានជ័យយកឈ្នះក្រុមណាហ្គាវើលដ៏-កំពង់ស្ពឺ ២ទល់១។ ចំពោះកម្មវិធីប្រកួតវគ្គ ៤ក្រុមចុងក្រោយនៃពានរង្វាន់យុវជន U18 ដែលគ្រោងប្រកួតនាថ្ងៃទី២៨ ខែសីហាខាងមុខ រួមមានក្រុមយុវជនវិសាខាជួបក្រុមសាលាតម្រង់ទិសខេត្តបន្ទាយមានជ័យ និងក្រុមភ្នំពេញក្រោនជួបក្រុមសាលាបាល់ទាត់ជាតិបាទី ៕

Footer ads TVK