Fix Banner Stand
Fix Banner Stand
Footer ads TVK

ទេសរដ្ឋមន្រ្តី លី ធុជ បានអំពាវនាវឲ្យវិនិយោគិនម៉ាឡេស៊ី បន្តគាំទ្រនូវទស្សនវិស័យរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីឲ្យកម្ពុជាគ្មានមីនឆ្នាំ២០២៥ ក្លាយជាការពិត

ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ នៅទីស្នាក់ការអាជ្ញាធរមីន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអំពាវនាវឲ្យវិនិយោគិនម៉ាឡេស៊ី ដែលកំពុងវិនិយោគនៅកម្ពុជា បន្តចូលរួមគាំទ្រនូវទស្សនវិស័យរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឲ្យក្តីសង្ឃឹមកម្ពុជាគ្មានមីនឆ្នាំ២០២៥ ក្លាយជាការពិត។

ការជាអំពាវនាវបែបនេះ ក្នុងឱកាសដែល ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ និងលោក Eldeen Husaini ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលវិភាគទានចូលរួមចំណែកបោសសម្អាតមីននៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ របស់សភាពាណិជ្ជកម្មម៉ាឡេស៊ីប្រចាំនៅកម្ពុជា នូវថវិកាសរុបចំនួន ៧៧.៧០០ ដុល្លារអាមេរិក ដែលអាជ្ញាធរមីន គ្រោងនឹងយកទៅប្រើប្រាស់បញ្ចប់ការងារបោសសម្អាតមីននៅឃុំស្តុក និងភូមិចំនួន ០៣ ក្នុងឃុំស្រង់ រួមមានភូមិរលាំងទឹក ភូមិអង្គដូនតី និងភូមិត្រពាំងថ្ម ដើម្បីប្រកាសភូមិឃុំអស់មីន ក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។

ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឧកញ៉ា Tan Khee Meng ប្រធានសភាពាណិជ្ជកម្មម៉ាឡេស៊ីប្រចាំកម្ពុជា និងសមាជិកទាំងអស់ ដែលបានសហការជាមួយអាជ្ញាធរមីនរៀបចំរាត្រីសមោសរកាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ នៅសណ្ឋាគារណាហ្កាវើល ក្រោមអធីបតីភាពរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដើម្បីធ្វើការរៃអង្គាសវិភាគទានចូលរួមដល់ការងារបោសសម្អាតមីននៅកម្ពុជា ដែលវិភាគទាននេះ គឺជាការបង្ហាញពីទឹកចិត្តប្រកបដោយសប្បុរសរបស់បណ្តាក្រុមហ៊ុននានាក្រោមការសម្របសម្រួលរបស់សភាពាណិជ្ជកម្មម៉ាឡេស៊ីប្រចាំនៅកម្ពុជា។ វិភាគទាននេះ ក៏មានការចូលរួមដោយផ្ទាល់ពី ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នូវថវិកាចំនួន ១០.០០០ ដុល្លារអាមេរិក ផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី ក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ លោក T Mohan និពន្ធនាយកអង្គភាព Khmer Times និងជាអនុប្រធានសភាពាណិជ្ជកម្មម៉ាឡេស៊ីប្រចាំនៅកម្ពុជា ដែលបានសម្របសម្រួលការងារនេះរហូតមក ព្រមទាំងបានចូលរួមដល់ការងារបោសសម្អាតមីន និងប្រកាសភូមិអស់មីន នាពេលកន្លងមក។

ឧកញ៉ា Tan Khee Meng បានមានប្រសាសន៍ថា សភាពាណិជ្ជកម្មម៉ាឡេស៊ីប្រចាំនៅកម្ពុជា មានសេចក្តីសប្បាយរីករាយដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីន គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងលើការងារបោសសម្អាតមីននៅកម្ពុជា និងឆ្ពោះទៅរកកម្ពុជាគ្មានមីនឆ្នាំ២០២៥ ហើយការចូលរួមនេះពិតជាមានអត្ថន័យណាស់សម្រាប់សភាពាណិជ្ជកម្ម និងសហគមន៍ម៉ាឡេស៊ីនៅកម្ពុជា។

ឧកញ៉ា Tan Khee Meng បានបន្តទៀតថា ជាង ៣ ទសវត្សរ៍ចុងក្រោយនេះ មានក្រុមហ៊ុនម៉ាឡេស៊ីជាច្រើន បានមកវិនិយោគរកស៊ីនៅកម្ពុជា និងទទួលជោគជ័យក្រោមកិច្ចគាំទ្រយ៉ាងល្អប្រសើរពីរាជរដ្ឋាភិបាលកម្ពុជា ហើយក៏បានចូលរួមចំណែកផ្នែកមនុស្សធម៌ដល់កិច្ចការសង្គមនានា ក្រៅពីមុខរបររកស៊ីរបស់ខ្លួន។ ក្នុងឱកាសនោះ លោកឧកញ៉ា បានថ្លែងអំណរយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់នូវសន្តិភាព ស្ថេរភាព និងមានអត្រាកំណើនសេដ្ឋកិច្ចថេរ ដែលជាការផ្តល់ឱកាសយ៉ាងល្អបំផុតសម្រាប់អ្នកវិនិយោទុន។

Footer ads TVK