Fix Banner Stand
Fix Banner Stand
Footer ads TVK

ខេមបូឌៀនព្រីមៀរលីគ គ្រោងផ្លាស់ប្ដូររដូវកាល ឲ្យទៅជា ២០២៣-២៤ ពីឆ្នាំក្រោយតទៅ

តាមប្រភពក្រៅផ្លូវការមួយបានបង្ហើបឱ្យដឹងថា ពានរង្វាន់លីគកំពូលកម្ពុជា ឬខេមបូឌានព្រីមៀរលីគ គ្រោងនឹងធ្វើការផ្លាស់ប្ដូរការចាប់ផ្ដើម និងការបញ្ចប់រដូវកាលរបស់ខ្លួន ដូចនៅតំបន់អឺរ៉ុប ដោយលេងឆ្លងឆ្នាំ ចាប់ពីឆ្នាំក្រោយតទៅ ដោយអនុវត្តរដូវកាល២០២៣-២០២៤ លែងលេងក្នុងឆ្នាំតែមួយទៀតហើយ។ 

ជារឿយៗលីគកំពូលកម្ពុជា តែងតែបើកនៅខែមិនា ហើយបញ្ចប់នៅខែតុលា ឬវិច្ឆិកា និងអាចឈានទៅដល់ខែធ្នូ ពោលគឺនៅក្នុងឆ្នាំតែមួយ ជាក់ស្ដែងដូចរដូវកាលនេះចាប់ផ្ដើមថ្ងៃទី០៥ ខែមិនា ឆ្នាំ២០២២ ហើយនឹងបញ្ចប់នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ ខណៈការលេចឮដំណឹងនេះ គឺដោយសារកត្តា២។

ទី១ ឆ្នាំ២០២៣ កម្ពុជា ត្រូវធ្វើម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ នៅខែឧសភា ហើយជាការត្រៀមខ្លួនឲ្យបានកាន់តែល្អ មានដំណឹងថា ក្រុម U-23 កម្ពុជា នឹងត្រូវប្រមូលផ្ដុំហ្វឹកហាត់រយៈពេលយូរ ទាំងក្នុង និងក្រៅប្រទេស ដើម្បីត្រៀមសម្រាប់ការប្រកួតដែលជាកំណត់ត្រាប្រវត្តិសាស្ត្រ ក្នុងដំណើរឆ្ពោះទៅដណ្ដើមមេដាយមាស។

ទី២ ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ ចង់ធ្វើឲ្យទៅជាមានលក្ខណស្ដង់ដារួមបន្ថែមទៀត ជាក់ស្ដែងដូចជាអំឡុងទីផ្សារដោះដូរកីឡាករ គឺស្របគ្នាទៅនឹងប្រទេសមួយចំនួន និងជាមួយគ្នាផងដែរពានរង្វាន់ AFC Cup ដែលកម្ពុជា មានសិទ្ធចូលរួមផងដែរនោះ នៅដូវកាលក្រោយគេនឹងចាប់ផ្ដើមរដូវកាល ២០២៣-២០២៤ ផងដែរ។

នៅអាស៊ីអាគ្នេយ៍ មានប្រទេស ៣ហើយដែលអនុវត្តការរដូវកាលលីគរបស់ខ្លួនបែបនេះ ពោលគឺនៅលីគថៃ, លីគឥណ្ឌូនេស៊ី និងលីគហ្វីលីពីន ខណៈលីគម៉ាឡេស៊ី និងវៀតណាម ក៏មានដំណឹងថាគ្រោងនឹងប្ដូររដូវកាលបែបនេះដូចគ្នាផងដែរ ។

Footer ads TVK