Fix Banner Stand
Fix Banner Stand
Footer ads TVK

ឯកឧត្តម វ៉ាត់ ចំរើន រាយការណ៍ពីសេចក្ដីសម្រេចលើវិញ្ញាសា សម្រាប់ស៊ីហ្គេមនៅកម្ពុជា

យោងតាមវេបសាយផ្លូវការ Cambodia 2023 បានឲ្យដឹងថា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ នៃទីក្រុងបាងកក ប្រទេសថៃ សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ បានរៀបចំកិច្ចប្រជុំក្របខណ្ឌលេខាធិការដ្ឋាន ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារ ដំណើរការនៃការរៀបចំ និងជាពិសេសលើការសម្រេចដាក់វិញ្ញាសាប្រកួត ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។ ប្រតិភូកម្ពុជា ដឹកនាំដោយ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ។

ក្រោយកិច្ចប្រជុំ ឯកឧត្តម វ៉ាត់ ចំរើន ជម្រាបជូនថា កិច្ចប្រជុំថ្ងៃនេះប្រទេសជាសមាជិកទាំងអស់បានកោតសរសើរ ការគាំទ្រ ពិសេសគឺការផ្ដល់នូវទំនុកចិត្ដដល់កម្ពុជា ដែលបានបង្ហាញនូវកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ នៅរាជធានីភ្នំពេញ កាលពីថ្មីៗបានល្អ។ ពិសេសមានការផ្ដោតលើការពិភាក្សា និងសម្រេចលើវិញ្ញាសាដែលត្រូវដាក់បញ្ចូលក្នុងការប្រកួត និងលើសពីនេះគឺការបន្តពិភាក្សាលើការលក់សិទ្ធិ   ទូរទស្សន៍។ ឯកឧត្តម វ៉ាត់ ចំរើន រៀបរាប់ថា ៖«យើងបានបង្ហាញទៅគ្រប់ប្រទេសអំពីការត្រៀមប្រភេទវិញ្ញាសាជាង៦០០។ ក្នុងវិញ្ញាសាទាំងអស់ហ្នឹង គឺមានការជជែកវែកញែកគ្នា ក្នុងនោះវិញ្ញាសាភាគច្រើន បានទទួលការគាំទ្រពីបណ្ដាប្រទេសទាំងអស់ ហើយនៅមានវិញ្ញាសារតិចតួចទេ ដែលគេស្នើរសុំឲ្យយើងមានការពិចារណាឡើងវិញ។ អ៊ីចឹងក្នុងនាមជាម្ចាស់ផ្ទះ យើងបានយកសំណូមពររបស់គេ មកធ្វើការជាមួយសហព័ន្ធកីឡាជាតិរបស់យើងឡើងវិញមួយចំនួន។ នេះហើយជាអ្វីដែលយើងបានខិតខំប្រឹងប្រែង ដើម្បីធ្វើការតស៊ូមតិបន្ដ តែវឌ្ឍនភាពរបស់យើង បានដើរទៅមុខយ៉ាងរលូន ព្រោះយើងបានសុំឲ្យប្រទេសទាំងអស់ គាំទ្រកម្ពុជា និងជួយកម្ពុជា ឲ្យធ្វើការប្រកួតទទួលបានជោគជ័យ ហើយប្រទេសទាំងអស់ បានសន្យានឹងជួយដល់កម្ពុជា ដែលខិតខំប្រឹងប្រែងក្នុងការធ្វើម្ចាស់ផ្ទះលើកដំបូងនេះ ឲ្យបានជោគជ័យ» ។

ជុំវិញការរៀបចំឲ្យមានការលក់សិទ្ធិទូរទស្សន៍ ក្រោមគំនិតផ្ដួចផ្ដើមដំបូងគេដោយកម្ពុជា ក៏ត្រូវបានយកមកពិភាក្សាជាថ្មី និងទទួលបានការគាំទ្រពីប្រទេសជាសមាជិកដោយបានចាត់ទុកជារបត់ថ្មី ដើម្បីជាគំរូស៊ីហ្គេម បន្តបន្ទាប់ទៀត។

«ចំណុចមួយទៀត គឺការរៀបចំឲ្យមានការលក់សិទ្ធិទូរទស្សន៍ ត្រូវបានប្រទេសទាំងអស់ ចាត់ទុកជាគឺជារបត់នៃការផ្លាស់ប្ដូរមួយដ៏សំខាន់ ក្នុងប្រវត្តិរបស់ស៊ីហ្គេម ដែលមានតែកម្ពុជាទេ ដែលអាចធ្វើជាគំរូក្នុងការលក់សិទ្ធិទូរទស្សន៍នេះ ដើម្បីឲ្យស៊ីហ្គេមបន្ដៗទៀត យកជាមេរៀនបទពិសោធន៍ ទាំងការផលិតឲ្យមានគុណភាព និងការផ្ដល់នូវតម្លាភាព នៃការចែករំលែកភាគលាភ នៃការលក់សិទ្ធិទូរទស្សន៍ ចំពោះស៊ីហ្គេមនៅកម្ពុជា។ ​​ ចឹងការវាយតម្លៃចុងក្រោយ ក្នុងនាមយើងជាម្ចាស់ផ្ទះ យើងបានជោគជ័យក្នុងកិច្ចប្រជុំនេះ ដែលជាកិច្ចប្រជុំមួយទទួលបាននូវសុទិដ្ឋិនិយមច្រើន នៅក្នុងការលើកទឹកចិត្តឲ្យម្ចាស់ផ្ទះរៀបចំឲ្យទទួលបានជោគជ័យ សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣»។ ប្រសាសន៍ឯកឧត្តម វ៉ាត់ ចំរើន៕

ប្រភព៖​ Cambodia 2023

Footer ads TVK