Fix Banner Stand
Fix Banner Stand
Footer ads TVK

អបអរសាទរទិវាដំរីពិភពលោក៖ វត្តមានកូនដំរីតូចៗក្នុងព្រៃធម្មជាតិបង្ហាញពីក្តីសង្ឃឹមនៃកំណើនសត្វដំរីក្នុងព្រៃធម្មជាតិ និងបង្ហាញពីកម្រិតសុវត្ថិភាពខ្ពស់នៃដែនជម្រកសត្វព្រៃ

ថ្ងៃនេះពិភពលោកទាំងមូលរួមទាំងប្រទេសកម្ពុជាប្រារព្ធទិវាដំរីពិភពលោក ១២ សីហា ដោយបានតាំងចិត្តខ្ពស់ក្នុងការថែរក្សាអភិរក្សសត្វដំរី និងផ្តល់នូវទីជម្រកសុខសាន្តដោយគ្មានការគំរាមកំហែងពីការបរបាញ់ កាត់បន្ថយជម្លោះរវាងមនុស្ស និងដំរី។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានបានថ្លែងនៅថ្ងៃទី១១ ខែសីហា ឆ្នាំ ២០២២ ក្នុងសន្និសីទសារព័ត៌មានអំពីអន្ទាក់សូន្យថា កម្ពុជាបច្ចុប្បន្ននេះ មានដំរីអាស៊ីចន្លោះពី ៤០០ ទៅ ៦០០ ក្បាលដែលភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ តំបន់ខ្ពង់រាបខាងជើងទន្លេសាប (តំបន់ព្រៃឡង់) និងតំបន់ខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគីរី ខេត្តរតនគិរី ដែលជាតំបន់ជីវៈចម្រុះដ៏សំបូរបែបប្រព័ន្ធអេកូទ្បូស៊ី និងមានទីជម្រាលអំណោយផលដល់ការរស់នៅរបស់សត្វដំរី និងសត្វព្រៃផ្សេងៗទៀត។ ចំណែកដំរីស្រុកត្រូវបានប៉ាន់ស្មានថាមានចំនួនប្រមាណជាង ៧០ក្បាល។

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ប្រទេសកម្ពុជា បានចូលរួមយ៉ាងសកម្មជាមួយប្រទេសនានាលើពិភពលោកក្នុងការអភិរក្សសត្វដំរី ដែលនៅលេសសល់នៅលើពិភពលោកហើយត្រូវបានចាត់បញ្ចូលជាប្រភេទជិតផុតពូជនៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្ដរជាតិ ដើម្បីការអភិរក្សធម្មជាតិ (IUCN) ដោយបានអំពាវនាវឱ្យបញ្ឈប់សកម្មភាពទាំងឡាយ ដែលមានលក្ខណៈគំរាមកំហែងដល់ដំរីជាពិសេសកាត់បន្ថយជម្លោះរវាងមនុស្សនិងដំរី។ ឯកឧត្តមបានលើកឡើងថា «ដំរីអាស៊ីកំពុងរងការគំរាមកំហែងនៅលើសកលលោកដោយសារតែនៅតែមានការបរបាញ់ ការដាក់អន្ទាក់ ជម្លោះរវាងមនុស្ស និងសត្វដំរី និងការចាប់ផ្ស៊ាំយកមកចិញ្ចឹមក្នុងស្រុក ដែលយើងទាំងអស់គ្នាចាំបាច់ត្រូវចូលរួមការពារ និងអភិរក្សសត្វដំរីឱ្យបានគង់វង្ស»។

 

Footer ads TVK