Fix Banner Stand
Fix Banner Stand
Footer ads TVK

មន្ទីទេសចរណ៍បន្តផ្សព្វផ្សាយច្បាប់ ស្ដីពីទេសចរណ៍ និង យន្តការផ្ដល់អាជ្ញាបណ្ណនៅអង្គភាពច្រកចេញចូលតែមួយ  

 

រាជធានីភ្នំពេញ៖ មន្ទីរទេសចរណ៍រាជធានីភ្នំពេញនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ បានធ្វើការផ្សព្វផ្យាយច្បាប់ស្ដីពីទេសចរណ៍” និង យន្តការផ្ដល់អាជ្ញាបណ្ណនៅអង្គភាពច្រកចេញចូលតែមួយ និង ការពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្ដង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី

ពិធីនេះធ្វើទ្បើងនៅសាលាខណ្ឌ័សែនសុខដោយស្ថិតក្រោមវត្តមានលោក ម៉ម វាសនា ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញនិងមានការចូលរួមពីលោកអភិបាលរងខណ័ មន្ត្រីរាជការរដ្ឋបាលខណ្ឌ័និងម្ចាស់អាជីវកម្មទាំងអស់ដែលមានមូលដ្ឋានក្នុងខណ្ឌ័សែនសុខ

លោកម៉ម វាសនា បានរំលឹកទ្បើងវិញអំពីតួនាទីសំខាន់នៃវិសយ័ទេសចរណ៍ ដែលបានចូលរួមចំណែកយ៉ាងខ្លាំងក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ប្រមាណ១២%នៃផលិតផលក្នុងស្រុកសរុប និងផ្ដល់ការងារជាង៦៣ម៉ឺននាក់ដល់ប្រជាពលរដ្ឋ

ប៉ុន្តែរយពេល៣ឆ្នាំកន្លងទៅនេះ វិស័យទេសចរណ៍ត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយជំងឺកូវីដ-១៩  ដែលធ្វើអោយ ចំនួនអ្នកទេសចរថយចុះប្រមាណ៨០% នឹងបាត់បង់ចំណូលថវិការជាតិយ៉ាងច្រើនលើសលប់

លោកប្រធានមន្ទីរបញ្ជាក់ថា ស្ថិតក្នុងវិបត្តិនៃជំងឺកូវីដ-១៩នេះ រាជរដ្ឋាភិបាលកម្ពុជាគឺបានយកចិត្ត ទុកដាក់ដោះស្រាយវិបត្តិជាប់គាំងនេះយ៉ាងខ្លាំង ដោយបានស្វះស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋដោយឥតគិត ថ្លៃ និងបានផ្ដល់ជាការឧបត្ថម្ភជាច្រើនជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះ។ ជាក់ស្ដែងរាជរដ្ឋាភិបាលបានដាក់ចេញ នូវ វិធានការស្ដារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ បានចំនួន១០ជុំរួចហើយ ដែលបានលើកលែងការបង់ពន្ធប្រចាំខែ, លើកលែងការបង់ថ្លៃបន្តអាជ្ញាបណ្ណទេសចរណ៍សម្រាប់ឆ្នាំ២០២១និងឆ្នាំ២០២២ និងផ្ដល់ ប្រាក់ឧបត្ថម្ភ៤០ដុល្លាក្នុងមួយខែ ជូននិយោជិតដែលព្យួរការងារក្នុងវិស័យទេសចរណ៍ ក៏ដូចជាបានបង្កើតកម្មវិធីសហហិញ្ញប្បទានស្ដារ និងជំរុញកំណើនវិស័យទេសចរណ៍ក្នុងទំហំទឹកប្រាក់១៥០លានដុល្លារអាមេរិក ដើម្បីជួយដល់ការងើបឡើងវិញនៃវិស័យទេសចរណ៍

លោកថា ទាំងអស់នេះជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការស្ដារសេដ្ឋកិច្ចក្នុងដំណាក់កាលដ៏លំបាកនៃវិបត្តិជំងឺកូវីដ-១៩នេះ។ ជាមួយនឹងការខិតខំប្រឹងប្រែងនេះ ប្រជាពលរដ្ឋគឺបានទទួលវ៉ាក់សាំងគ្រប់ៗគ្នា ដែលនាំឱ្យមានភាពស៊ាំក្នុងសហគមន៍ស្របជាមួយ នឹងការចូលរួមអនុវត្ត ៣កុំ ៣ការពារ ពីប្រជាពលរដ្ឋបានយ៉ាងល្អផងនោះ រាជរដ្ឋាភិបាលក៏អនុញ្ញាតឱ្យមានដំណើរការ លើគ្រប់វិស័យស្របតាមការរស់នៅបែបប្រក្រតីភាពថ្មី

លោកម៉ម វាសនាបានឲ្យដឹងទៀតថា មូលដ្ឋានអាជីវកម្មទេសចរណ៍ក្នុងរាជធានីភ្នំពេញ ជាច្រើនគឺត្រូវរងផលប៉ះពាល់ពីវិបត្តិនេះដែលនាំអោយ មានការបិទផ្អាកអាជីវកម្មជាច្រើន។ទន្ទឹមនោះសម្រាប់អាជីវកម្មដែលមានដំណើរការកន្លងមក មន្ទីរទេសចរណ៍ តែងតែបានធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងមូលដ្ឋានអាជីវកម្ម ទេសចរណ៍ ដើម្បីណែនាំឱ្យអាជីវកម្មទាំងអស់អនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល អនុវត្តឱ្យបាន ខ្ជាប់ខ្ជួននូវវិធានសុវត្ថិភាពទេសចរណ៍ និងវិធានការរដ្ឋបាលនានារបស់រដ្ឋបាលរាជធានីភ្នំពេញដែលបានដាក់ចេញនាពេលកន្លងមក

លោកបន្តថា ដោយមានការចូលរួមពីម្ចាស់អាជីវកម្មនិងភាគីពាក់ព័ន្ធនានា គឺឃើញថាអាជីវកម្មក្នុងរាជធានីភ្នំពេញបានអនុវត្តតាម វិធានការសុខាភិបាល វិធានសុវត្ថិភាពទេសចរណ៍ និងវិធានការរដ្ឋបាលរបស់រាជធានីភ្នំពេញបានយ៉ាងខ្ជាប់ខ្ជួន ព្រោះក្នុងដំណាក់កាលនេះអាជីវកម្មដែលអាចដំណើរការទទួលភ្ញៀវគឺត្រូវតែអនុវត្តវិធានការនានានិងរក្សាអោយ បាននូវសុវត្ថិភាពអនាម័យជូនភ្ញៀវ

លោកប្រធានមន្ទីរបានបញ្ជាក់ឲ្យដឹងដែរថា តាមរយៈការដាក់ចេញនូវវិធានសុវត្ថិភាពទេសចរណ៍ដំណាក់កាលទី១ កាលពីខែមិថុនា ឆ្នាំ២០២០ មានមូលដ្ឋានអាជីវកម្មចំនួន ៩៨.៩៨% ដែលទទួលបានឡាបិលវិធានសុវត្ថិភាពទេសចរណ៍ដំណាក់កាលទី១នេះ។ ដោយទ្បែក កាលពី ខែសីហា ឆ្នាំ២០២១ ក្រសួងទេសចរណ៍បានដាក់ចេញនូវ នីតិវិធី អនុវត្តស្ដង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី និងបច្ចុប្បន្នភាពវិធានសុវត្ថិភាពទេសចរណ៍ដែលតម្រូវអោយអាជីវកម្មទេសចរណ៍ទាំងអស់អនុវត្តតាមឱ្យបានខ្ជាប់ខ្ជួន។ ដោយសារនេះជាកាតព្វកិច្ចដែលអាជីវកម្មទាំងអស់ដែលកំពុងមានដំណើរការក្នុងបរិបទបែបប្រក្រតីភាពថ្មីនេះ ត្រូវតែអនុវត្តតាម និងជាលក្ខខណ្ឌភ្ជាប់សម្រាប់ការដាក់ពាក្យស្នើសុំអាជ្ញាបណ្ណអាជីវកម្មទេសចរណ៍ផងដែរនោះ យើងឃើញថាអាជីវកម្មក្នុងរាជធានីភ្នំពេញ ជាង៦០០ទីតាំង បានចូលរួមអនុវត្ត បច្ចុប្បន្នភាពវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធី អនុវត្តស្ដង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី បានយ៉ាងល្អ

ផ្តើមពីនោះលោកសង្ឃឹមថាម្ចាស់អាជីវកម្មទេសចរណ៍ទាំងអស់ក្រោយពីបានស្ដាប់នូវបទបង្ហាញរួចមក នឹងចូលរួមអនុវត្តច្បាប់ស្ដីពីទេសចរណ៍ និង វិធានសុវត្ថិភាពទេសចរណ៍ ដើម្បីអាចដំណើរការអាជីវកម្មប្រកបដោយសុវត្ថិភាព លទ្ធភាព មិនមានការរំខាន

យ៉ាងណាក៏ដោយលោកប្រធានក៏បានស្នើឲ្យម្ចាស់មូលដ្ឋានអាជីវកម្ម ទេសចរណ៍ទាំ ងអស់មេត្តាមកទាក់ទងដាក់ពាក្យស្នើសុំច្បាប់ប្រកបអាជីវកម្ម “អាជ្ញាបណ្ណទេសចរណ៍” និងការវាយតម្លៃវិធានសុវត្ថិភាពទេសចរណ៍អោយបានគ្រប់ៗគ្នាចាប់ពីពេលនេះតទៅ។

 

 

 

 

Footer ads TVK